ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ថៅកែ​ហាង​ថតរូប​ល្បី​មួយ​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ មក​រា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៧ ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណៈ​យុវជន​រូប​នោះ​កំពុង​រៀបចំ​ជិះ​រថយន្ត​ជាមួយ​ក្រុម​គ្រួសារ ។

យុវជន​ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ឈ្មោះ បូ ចំរើន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា និង​មានមុខរ​បរមើល​ការ​ខុស​ត្រូវ​ផ្ទះសំណាក់​នៅ​ផ្សារ​កណ្តាល ខណ្ឌដូនពេញ និង​ត្រូវជា​កូន​ថៅកែ​ហាង​ថតរូប​និង​ផ្តិតរូប​ល្បីឈ្មោះ​មួយ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​កូន​ថៅកែ​ហាង​ផ្តិតរូប​និង​ថតរូប​ខាងលើ​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា បានឱ្យ​ដឹង​ថា ជា​ការ​ធ្វើ​ទ្បើ​ង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​នារី​ម្នាក់ និង​ដោយ​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

តាម​ពាក្យបណ្តឹង​របស់​នារី​ម្នាក់​បានឱ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដឹង​ថា នាង​អាយុ​២៩​ឆ្នាំ ឈ្មោះ សុខ សុចិ​ន្តា ជា​អ្នក​រកស៊ី មិន​ច្បាស់​មុខរបរ​ពិតប្រាកដ​ទេ ។

ពាក្យបណ្តឹង​ដដែល​បានឱ្យ​ចែង​ទៀត​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១០ មក​រា នាង​បាន​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភក្តិ លុះ​ចប់​កម្មវិធី​នាង​ទៅ​លេង​កាស៊ីណូ ។ ពេល​នោះ​ក៏​បាន​ជួប​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ដែល​ទៅ​លេង​នៅ​ទីនោះ​ដែរ ។ ពេល​លេងល្បែង​ជិត​គ្នា​បុរស​រូប​នោះ​បាន​សុំ​រាប់អាន​នាង និង​បន្ត​លេង​រហូត​ដល់​ពាក់កណ្តាល​អធ្រាត្រ បុរស​រូប​នោះ​ក៏​ចាញ់​អស់​លុយ ។ នៅ​ពេល​ចាញ់​អស់​លុយ​ហើយ បុរស​រូប​នោះ​បាន​ប្រាប់​នាង​ថាឱ្យ​ចាំ​នៅ​ទី​នេះ គេ​ចេញ​ទៅ​រក​លុយ​មក​លេង​ទៀត​។ បន្តិច​ក្រោយមក​បានឃើញ​បុរស​នោះ​ត្រ​ទ្ប​ប់​មក​វិញ​មែន និង​បាន​ប្រាក់​លេងល្បែង​បន្ត ។ លុះ​លេង​បាន​មួយសន្ទុះ​ក៏​ចាញ់​អស់​លុយ​នោះ​ទៀត ទើប​បបួល​នាង​ចេញ​ក្រៅ​ទៅ​ដើរ​លេង ដោយ​បាន​សន្យា​ថាឱ្យ​ប្រាក់​នាង​២០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ក៏​នាំ​គ្នា​ចូល​ហាង​ហូប​អាហារ​នៅ​ក្បែរ​កាស៊ីណូ​នោះ ។

ពាក្យបណ្តឹង​រៀបរាប់​ទៀត​ថា ពេល​ហូប​អាហារ​បុរស​រូប​នោះ​បាន​បង្ខំ​ឱ្យ​នាង​ផឹកទឹក​សណ្តែក លាយ​ទឹកក្រូច​ច្រើន​កំប៉ុង​ជាប់​គ្នា ធ្វើ​ឱ្យ​នាង​មាន​អាកា​រៈ​ធី​ង​ធោ​ង ហើយ​បុរស​រូប​នោះ​បាន​នាំ​នាង​ទៅ​ដេក​ផ្ទះសំណាក់​ទ្បា​ក់​គី​២ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៤ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។ លុះ​ម៉ោង​៣​ទៀប​ភ្លឺ​នាង​បានដឹង​ខ្លួន ស្រាប់តែ​បាត់​បុរស​នោះ និង​រាង​កាយ​នាង​ត្រូវ​គេ​រួមរ័ក​ទៀត​ផង ថែម​ទាំង​បាត់បង់​គ្រឿងអលង្ការ និង​សម្ភារ​លុយកាក់​អស់ពី​ខ្លួន ដូច​ជា​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង កាបូបស្ពាយ​១ នា​ទ្បិ​កា​ដៃ​១​គ្រឿង ខ្សែ​ក​១​ខ្សែ និង​ប្រាក់​ចំនួន​២៨០​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បុរស​នោះ​ប្លន់​យក​អស់ ។

ក្រោយ​ពី​ដឹងខ្លួន​ថា​ចាញ់ល្បិច​កល​បុរស​នោះ និង​ចោទ​ថា​ពិតជា​លួច​ដាក់​ថ្នាំ​សណ្តំ​នាំ​នាង​យក​ទៅ​រួម​ភេទ​និង​ប្លន់​យក​ទ្រព្យសម្បត្តិ​លុយកាក់ ព្រឹក​ទ្បើ​ង​នាង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ដើម្បី​វែកមុខ​ជន​កំហូច​មក​ផ្តន្ទាទោស​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ។

មន្ត្រី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា បាន​បង្ហើប​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពាក់ព័ន្ធ​បទល្មើស​ឧក្រិដ្ឋ​ដូច្នេះ លោក​ឧត្តមសេនីយ៍ទោ រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ទៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ឱ្យ​ចាត់ការ​រឿង​នេះ​ជា​បន្ទាន់ ទើប​កម្លាំង​ជំនាញ​សហការ​ជាមួយ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី បើក​ការ​ស៊ើបអង្កេត​រយៈពេល​៤​ថ្ងៃ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ ។

ក្រោយ​ពី​បាន​ឃាត់ខ្លួន​ហើយ ជន​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​ប្រើប្រាស់​ថ្នាំ​សណ្តំ លើ​ស្ត្រី​ម្នាក់​នេះ រួច​រំលោភ​សេពសន្ថវៈ​នាង​នៅផ្ទះ​សំណាក់ និង​ប្លន់​យក​ទ្រព្យសម្បត្តិ​លុយកាក់​នោះ ឈ្មោះ បូ ចំរើន បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា កាលពី​យប់​ថ្ងៃ​ទី​១០ មក​រា ខ្លួន​ពិតជា​បាន​ជួប​នារី​ម្នាក់​ឈ្មោះ សុខ សុចិ​ន្តា ដែល​អះអាង​ថា ជាដើម​បណ្តឹង​ប្តឹង​ខ្លួន​នៅ​កាស៊ីណូ​នោះ​មែន ដែល​ជា​អ្នកលេង​ល្បែង​ដូច​គ្នា ។

បូ ចំរើន រៀបរាប់​ទៀត​ថា ម៉ោង​ប្រមាណ​១២​យប់​ហើយ ខ្លួន​បាន​ជួប​ខាង​ដើមបណ្តឹង​ហើយ​ក៏​បបួល​នាង​ថា​ទៅ​ដើ​េ​រលេ​ង ។ នាង​នោះ​ឆ្លើយ​ថា​មានអី តែ​សុំ​២០០​ដុល្លារ​បាន​អត់ ? ខ្លួន​ក៏​ថា​មានអី​បាន​តើ ឱ្យ​តែ​លេង​ឈ្នះ ។ នារី​នោះ​ប្រាប់​ខ្លួន​ថា ចង់​ឈ្នះ​ចាក់​មេ​ទៅ ខ្លួន​ក៏​ចាក់​តាម​ទើប​ចាញ់​អស់​៥០០​ដុល្លារ និង​អស់ប្រាក់​ពី​ខ្លួន ពេល​នោះ​នៅ​សល់​តែ​ម៉ូតូ CPX ១​គ្រឿង ខ្លួន​សួរ​រក​បញ្ចាំ​នៅ​កន្លែង​លេង តែ​មិន​បាន​ថ្លៃ ក៏​យក​ទៅ​បញ្ចាំ​នៅ​ផ្សារ​កណ្តាល​បាន​ប្រាក់​២៣០០​ដុល្លារ មក​លេង​ទៀត​ក៏​ចាញ់​អស់​ទៀត ទើបបាន​បបួល​គ្នា​ទៅ​ដេក​ផ្ទះសំណាក់ ។ តែ​មុន​និង​ទៅ​ដេក​ពួក​គេ​២​នាក់​បាន​ហូប​អាហារ​នៅ​ក្បែរ​កាស៊ីណូ​នោះ​មែន ហើយ​នៅ​ពេល​ហូប​អាហារ នាង​បាន​ផឹក​មិន​អន់​ដែរ ក៏​ស្រវឹង​ទៅ​ដេក​ផ្ទះសំណាក់​ជាមួយ​គ្នា ។

បូ ចំរើន បាន​រៀបរាប់​បន្ត​ថា ដេក​ដល់​ម៉ោង​៣​ជិត​ភ្លឺ ខ្លួន​ក៏​បាន​ដាស់​នាង​នោះ​ដើម្បី​ចេញ​ទៅ​ផ្ទះ តែ​នាង​ថា​ទៅ​មុន​ទៅ​នាង​នៅ​ដេក​បន្តិចទៀត​សិន ។ ហើយ​ឥ​ទ្បូ​វ​បើ​នាង​ចោទ​ថា​ខ្លួន​ប្រើ​ថ្នាំ​សណ្តំ​រំលោភ​សេពសន្ថវៈ និង​ប្លន់​យក​លុយកាក់​មាសប្រាក់ របស់​នាង​បែប​នេះ​ខ្លួន​អត់​សុខចិត្ត​ទេ នឹង​ប្តឹង​នាង​វិញ ទៅ​ដល់​ណា​ក៏​ទៅ​ដែរ ។
មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ មក​រា សមត្ថកិច្ច​ដដែល​បាន​កោះហៅ​នាង សុចិ​ន្តា ដែល​ជាដើម​បណ្តឹង​មក​ជួបជុំ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា ។

ពេល​បាន​ជួប​តទល់​គ្នា​ហើយ​ពិនិត្យ​ឃើញ​ថា នាង​ប្តឹង​ចោទ​ថា​ប្លន់​យក​ទ្រព្យសម្បត្តិ និង​ថា​ដាក់​ថ្នាំ​សណ្តំ​ជា​បណ្តឹង​ខុស​ពី​ការ​ពិត ។ សមត្ថកិច្ច​ក៏​បាន​សម្រុះសម្រួល​គ្នា​ឱ្យ​សុំ​ទោស​ទៅ​វិញ​ទៅ​មក​ថា ជា​រឿង​ភ័ន្ត​ច្រ​ទ្បំ ។ ប៉ុន្តែ​ខាង​ប្រុស​ត្រូវ​ចេញ​សំណង​២០០​ដុល្លារ ព្រោះ​ខាង​ប្រុស​សន្យា​ឱ្យ ពេល​នោះ​អត់​បានឱ្យ​ទេ ដែល​សមត្ថកិច្ច​ខ្សិ​ប​ប្រាប់​ថា មក​ពី​ស៊ី​អត់ឱ្យ​លុយ​...​ហេ​! ហេ​!