ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ ជន​សង្ស័យ​ម្នាក់ ​ក្នុងចំណោម​​បក្សពួក​២​នាក់ ​ត្រូវ​​​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​សហការ​គ្នា​ចាប់ខ្លួន បន្ទាប់​ពី​​​ធ្វើ​សកម្ម​ភាព​លួច​កៀងគោ​ចំនួន​៥​ក្បាល​​ឱ្យ​​ចេញពី​ហ្វូង បំណង​យក​ទៅ​ឡើង​រថយន្ត​យក​ទៅ​លក់​​នៅ​ខេត្តកំពង់ស្ពឺ ដែល​ហេតុ​ការ​ណ៍​ នេះ​​កើត​ឡើង កាលពីវេលា​​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ​មករា ​២០១៦ ​ស្ថិតនៅ​ចំណុច​ស្តុក​តានី​ក ក្នុងភូមិ​តា​ឡា​ត់ ឃុំ​ជៀប ស្រុក​ទឹកផុស ។

​លោក​ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស​​ឱ្យ​​ដឹង​ថា ជនសង្ស័យ​​ឈ្មោះទាំ ទើ អាយុ​៤៣​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរឥស្លាម  មាន​ទីលំនៅភូមិ​ស្រែ​ចាន ឃុំ​ទួល​ខ្ពស់ ស្រុកទឹកផុស ជា​មុខសញ្ញា​ចាស់​ធ្លាប់​លួច​គោ-ក្របី​ពី​មុន​​ជា​ច្រើន​លើក​ តែ​ចាប់​មិន​​បាន  ។​ចំណែកម្នាក់​ទៀត​រត់​រួច តែ​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​។

លោក​អធិការ​​ឱ្យដឹង​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ គឺ​ស្ទើ​ទាំងអស់​គ្នា នៅ​ពេល​រដូវ​ច្រូតកាត់ហើយ​ភាគច្រើន​លែងគោ-ក្របី​ចោល ខ្លះ​២-៣​ខែ​​បាន​ទៅ​មើល​ម្តង ឬ​ជួន​​កាល​ដល់​ខែវស្សា ពេល​ចាប់ផ្តើម​បង្ករ​បង្កើន​ផល ទៅ​ទៅ​ចាប់​យក​មក​វិញ ដូច​ករណី​ចាប់​ចោរ​លួច​គោ​ខាងលើ មក​ដល់​ម៉ោង​នេះ គឺរសៀល​ថ្ងៃ​ទី​១៦ ​មករា ​​២០១៦ ទៅ​ហើយ​ នៅ​តែ​មិន​ទាន់​រក​ម្ចាស់​គោទាំង៥​ក្បាលនេះ​ឃើញ នៅឡើយ ។ ការ​ធ្វេស​ប្រហែស​លែងគោ-ក្របីចោល​បែប​នេះ គឺជា​ឱកាស​​ឱ្យ​​ជនខិលខូច​លួច ​ដឹក​យក​ទៅ​លក់​​ឱ្យ​កន្លែង​កាប់​គោ​នៅ​ខេត្ត​ផ្សេង​ៗបានយ៉ាងងាយ  ។​ ហេតុនេះ​ លោកសូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ ​មេត្តា​ប្រុង​ប្រយ័ត្នគោ-ក្របី ត្រូវ​ទៅ​ឃ្វាល​ជា​ប្រចាំ ​។