មូលហេតុដែល អ្នកគួរតែគេង ផ្អៀងទៅខាងឆ្វេង!

បរទេស៖ ដំណេក គឺជារឿងដ៏សំខាន់ និងមានអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់មនុស្ស តែក្នុងនោះ វាក៏អាចមានបញ្ហាមួយចំនួន ផងដែរប្រសិនណាបើ យើងមិនទទួលទានដំណេក ទៅតាមប្រក្រតី ឬក៏មានកំហុសឆ្គង មួយចំនួននៅក្នុងការគេងនោះ។

តួយ៉ាងដូចជា របាយការណ៍ថ្មីមួយនេះ គឺបានបង្ហាញអំពី អាកប្បកិរិយាដ៏ល្អ នៅពេលដែលមនុស្ស ចូលដំណេក ក្នុងនោះក៏ បានបញ្ជាក់ផងដែរថា ការគេងផ្អៀងទៅខាងឆ្វេង គឺអាចជួយឲ្យមនុស្ស ទទួលបានផលប្រយោជន៍ ទាំងផ្នែកសុខភាព និងស្មារតីបានយ៉ាងច្រើន។ ខាងក្រោមនេះ គឺជាហេតុផល ដែលបង្ហាញថាអ្នកគួរតែ ចាប់ផ្តើមគេងផ្អៀងទៅខាងឆ្វេង៖

១.វាអាចជួយទ្រពីក្រោម នូវប្រព័ន្ធជាលិកា ក្នុងរាងកាយរបស់អ្នក

ការគេងផ្អៀងទៅខាងឆ្វេង គឺបានធ្វើឲ្យរាងកាយរបស់អ្នក ធ្វើការចម្រោះទឹករងៃ និងបញ្ចេញចោលតាមរយៈ គន្លាក់នៃក្រពេញជាលិកា បានយ៉ាងល្អប្រសើរ។ ម្យ៉ាងវិញទៀត ផ្អែកលើការស្រាវជ្រាវ របស់លោកខាងលិច បានបង្ហាញថា ការគេងផ្អៀងទៅខាងឆ្វេង ក៏អាចជួយឲ្យរាងកាយ មានដំណើរការ លុបលាងនូវកាកសំណល់ ចេញពីខួរក្បាល របស់អ្នកបាន យ៉ាងលឿនរហ័ស និងមានប្រសិទ្ធិភាព។

២.វាអាចជួយឲ្យ ប្រព័ន្ធរំលាយអាហារ ប្រព្រឹត្តទៅរឹតតែប្រសើរ

នៅពេលដែលប្រព័ន្ធរំលាយអាហារ របស់អ្នកដំណើរការ នោះការគេងផ្អៀងទៅខាងឆ្វេង គឺជារឿងប្រសើរជាង ការគេងផ្អៀងទៅ ខាងស្តាំ ដោយហេតុផលធម្មតា នោះគឺទម្ងន់។ គេងផ្អៀងទៅខាងឆ្វេង អាចធ្វើឲ្យកាកសំណល់អាហារ ធ្វើការផ្លាស់ទីបានយ៉ាង ងាយស្រួល ចេញពីពោះវៀន ចូលក្នុងពោះវៀនធំ។ ម្យ៉ាងវិញទៀត ក៏ដោយសារតែ ក្រពះរបស់យើង គឺស្ថិតនៅខាងឆ្វេងនោះ វាក៏អាចជួយឲ្យ ក្រពះ និងលំពែងរបស់អ្នក មានដំណើរការយ៉ាង ល្អប្រសើរ និងរលូនផងដែរ។

មូលហេតុដែល អ្នកគួរតែគេង ផ្អៀងទៅខាងឆ្វេង!
គេងផ្អៀងទៅខាងឆ្វេង គឺល្អសម្រាប់ប្រព័ន្ធ រំលាយអាហារ

៣.វាមានផលល្អចំពោះសុខភាព

វេជ្ជបណ្ឌិតជាច្រើន បានធ្វើការណែនាំ ឲ្យស្ត្រីមានផ្ទៃពោះ គេងផ្អៀងទៅខាងឆ្វេង ដើម្បីអាចជួយឲ្យ ចលនាបេះដូង មានភាពល្អប្រសើរ តែទោះជាអ្នកមិនមែន ជាស្ត្រីមានផ្ទៃពោះក៏ដោយ ការគេងរបៀបនេះ ក៏មានផលល្អចំពោះអ្នកផងដែរ ដូចជាជួយឲ្យសម្ពាធបេះដូង មានភាពធូរស្រាល ជាដើម។

៤.វាពិតជាល្អមែនទែន សម្រាប់ស្ត្រីមានផ្ទៃពោះ

គេងផ្អៀងទៅខាងឆ្វេង ក៏អាចជួយសម្រាល នូវសម្ពាធនៅខាងក្រោយខ្នង, រក្សាស្បូន មិនឲ្យថ្លើមគៀបច្របាច់, និងបង្កើនលំហូរឈាម ទៅកាន់ស្បូន តម្រងនោម និងទារកក្នុងផ្ទៃផងដែរ ដូច្នេះវាពិតជា មានសារៈប្រយោជន៍សម្រាប់ ស្ត្រីដែលកំពុងពរពោះ។

៥.អាចជួយកាត់បន្ថយ នូវអាការៈចុកឆ្អល់ចុងដង្ហើម

ការសិក្សានៅក្នុង The Journal of Clinical Gastroenterology បានបង្ហាញថា ការគេងផ្អៀងទៅ ខាងឆ្វេង អាចជួយកាត់បន្ថយ អាការៈច្រាល់មកវិញនូវជាតិអាស៊ីត។ ដូច្នេះប្រសិនបើ អ្នកកើតមានការ ចុកឆ្អល់ត្រង់ចុងដង្ហើម ក្រោយពេលបាយរួចនោះ ចូរគេងផ្អៀងទៅខាងឆ្វេង ១០នាទីក្រោយ អ្នកនឹងមានអារម្មណ៍ថា ធូរស្បើយ។

មូលហេតុដែល អ្នកគួរតែគេង ផ្អៀងទៅខាងឆ្វេង!
គេងផ្អៀងទៅខាងឆ្វេង អាចជួយសម្រាលអាការៈ ចុកឆ្អល់ត្រង់ចុងដង្ហើម

៦.អាចជួយឲ្យអ្នក ធូរស្រាលពីជំងឺឈឺខ្នង

អ្នកដែលកើតមាន ជំងឺឈឺឆ្អឺងខ្នងរ៉ាំរ៉ៃ គួរតែគេងផ្អៀងទៅខាងឆ្វេង ក៏ព្រោះតែវាអាច ជួយសម្រាលនូវ សម្ពាធទៅលើឆ្អឹងខ្នង របស់មនុស្សបាន ហើយវាក៏អាចជួយឲ្យពួកគេ ទទួលទានដំណេក បានរឹតតែប្រសើរ នៅពេលយប់ផងដែរ។

គូសបញ្ជាក់ផងដែរថា ហេតុផលខាងលើទាំងប៉ុន្មាននេះ សុទ្ធតែបានបង្ហាញនូវ គុណសម្បត្តិដែល បានមកពីការគេងផ្អៀង ទៅខាងឆ្វេង តែមិនមែនមនុស្សគ្រប់គ្នា សុទ្ធតែទទួលបានបែបនេះ ទាំងអស់នោះទេ ចំពោះអ្នកដែល មានរោគបេះដូង, រោគស្ទះដង្ហើម, ជំងឺអៀរស៊ីភ្នែក, អាការៈឈឺនៅត្រង់ឆ្អឹងកដៃ គឺមិនអាចទទួលបាន គុណប្រយោជន៍ពីការ គេងផ្អៀងទៅខាងឆ្វេង ដូចនេះឡើយ ហើយប្រសិនបើអ្នក ចង់ដឹងអំពីអាកប្បកិរិយាគេងណា ដែលល្អចំពោះអ្នកបំផុតនោះ គួរតែទៅរកទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រ ឬក៏វេជ្ជបណ្ឌិត ដើម្បីពិភាក្សាស្វែងរក មធ្យោបាយដ៏ល្អបំផុត៕

មូលហេតុដែល អ្នកគួរតែគេង ផ្អៀងទៅខាងឆ្វេង!
គេងផ្អៀងទៅខាងឆ្វេង មានផលល្អ តែមិនសម្រាប់ មនុស្សគ្រប់គ្នានោះទេ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត