ក្រុម​SCG MUANGTHONG UNITED ASEAN ប្រកួត​ជាមួយ K-Cement Cabodian All Star យក​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ: ក្រុមបាល់ទាត់ SCG MUANGTHONG UNITED ដែលជា​ក្រុម​ជើង​ខ្លាំង​នៅ​ប្រទេស​ថៃ បាន​ប្រកួត​ជាមួយ​ក្រុម K-Cement Cabodian All Star កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច​។ ការប្រកួត​នេះ ដើម្បី​ប្រមូល​ថវិកា ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុងតែ​មានការ​ខ្វះខាត​។​

​ការប្រកួត​នេះ​ជាការ​ប្រកួត​មួយ ដែលមាន​ការទន្ទឹងរង់ចាំ​ពី​អ្នកគាំទ្រ​កីឡាបាល់ទាត់​ជាច្រើន​នៅ​កម្ពុជា ពីព្រោះ​ក្រុម K-Cement Cabodian All Star គឺជា​ក្រុម​មួយ​ដែល​បានជ្រើសរើស​ជាពិសេស ដោយ​សម្រិតសម្រាំង​កីឡាករ​មាន​ទេពកោសល្យ ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា លោក​ធា​រី ចន្ថា​ប៊ី​ន ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ខ្សែប្រយុទ្ធ​ដ៏​ល្បី គឺ​លោក ចាន់​វ​ឌ្ឍា​នា​កា ជាដើម​។

​ចំណែក​ក្រុម SCG MUANGTHONG UNITED វិញ ក៏​ជា​ក្រុម​ខ្លាំង និង​ពេញនិយម​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​មានប្រសាសន៍ថា ការប្រកួត​រវាង​ក្រុម SCG MuangThong United និង​ក្រុម​K-Cement Cambodian All Stars មិនមែនជា​ការប្រយុទ្ធ​គ្នា​នោះទេ តែ​ជាការ​បង្ហាញ​នូវ​មិត្តភាព និង​សាមគ្គីភាព​។ ព្រឹត្តិការណ៍​ធ្វើឡើង​នេះ ក៏ដូចជា​ការអបអរ​សាទរ​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​និង​ថៃ​ដែរ ហើយ​លោក​និង​ក្រុម​កីឡាករ​ពិតជា​រីករាយ​និង​មាន​មោទនភាព​ក្នុងការ​ចូលរួម​អបអរសាទរ​ព្រឹត្តិការណ៍​នេះ​”​។​

​លោក Somwang Manpimonchai នាយក​ក្រុមហ៊ុន SCG ប្រចាំ​កម្ពុជា បាន​ថ្លែងថា ព្រឹត្តិការណ៍​បាល់ទាត់​មនុស្សធម៌ SCG MUANGTHONG UNITED ASEAN TOUR ឆ្នាំ​២០១៦ គឺជា​ការបង្ហាញ​កាន់តែច្បាស់​នូវ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន SCG ក្នុងការ​ក្លាយជា​ក្រុមហ៊ុន​អាជីវកម្ម​ប្រកបដោយ​និរន្ត​ភាព ឈានមុខ​គេ​មួយ​នៅ​តំបន់​អាស៊ាន​។ ហើយ​ការប្រកួត​នេះ​នឹង​ង​ជួយ​ពង្រឹង​ចំណង​ង​មិត្តភាព​ក្នុងចំណោម​ប្រជាជន​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ហើយ​ព្រឹត្តិការណ៍​នេះ ក៏ដូចជា​ស្វាគមន៍​ចំពោះ​ការចាប់ផ្តើម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ព្រមទាំង​អបអរ​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា ថៃ ផងដែរ​។​
​សូមជម្រាបថា សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​នេះ មានតម្លៃ​ពី​១​ដុល្លារ (​សំបុត្រ​ធម្មតា​) ទៅ​២​ដុល្លារ (​សំបុត្រ​វី​អាយ​ភី​)​។ ហើយ​ថវិកា​ដែល​បានមកពី​ការលក់​សំបុត្រ លក់​វត្ថុ​អនុស្សាវរីយ៍ នឹង​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងស្រុង​៕​

ក្រុម​SCG MUANGTHONG UNITED ASEAN ប្រកួត​ជាមួយ K-Cement Cabodian All Star យក​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា​