ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ៖ ជន​ដៃដល់​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​បាន​កាប់​គូទំនាស់​របស់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១០​មក​រា​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ រួច​បាន​រត់គេច​បាត់ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ ។

លោក​វរសេនីយ៍ត្រី អ៊ិ​ត នាថ អធិការរង​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​មាន ១-​ឈ្មោះ លី មុន្និ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ជា​ជន​ដៃដល់​ប្រើប្រាស់​កាំបិត​កាប់​ទៅ​លើ​ជនរ​គ្រោះ​, ២-​ឈ្មោះ ឆាប ច​ន្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សរីសោភ័ណ ជា​អ្នក​គប់​ជន​រង​គ្រោះ​នឹង​ដុំ​ថ្ម និង ៣-​ឈ្មោះ គង់ លិញ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ជា​អ្នក​បើក​ម៉ូតូ ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ដែល​រង​របួស​ម្នាក់​ឈ្មោះ ហួត គី​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ របួស​ចំ​ក្បាល​ដេរ​៥​ថ្នេរ និង​ម្នាក់​ទៀត​ឈ្មោះ​ឃុន សុ​ជាតិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ របួសស្រាល ។

លោក​អធិការរង​បន្ត​ថា បន្ទាប់​ពី​មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១០​មក​រា នៅ​ចំណុច​មុខ​ហាង​នំប៉័ង​កៅ​កៃ ស្ថិត​ក្នុងភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រមាញ់​រកមុខ​សញ្ញា​បង្ក​ល្មើស ។ ក្រោយ​ពី​ក្តាប់​បាន​មុខសញ្ញា កម្លាំង​នគរបាល​ក្រុង​បាន​ធ្វើការ​តាមដាន​រហូត​ចាប់​ឃាត់ខ្លួន​ក្រុម​ជន​ដៃ​បាន​ចំនួន​៣​នាក់​ជា​បន្ត​បន្តា​ប់ ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​រួច​រត់គេច​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ។

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន និង​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ពួក​គេ​ទាំង​៣​នាក់​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ភាគី​រង​គ្រោះ​រហូត​ដល់​ជិៈ​ម៉ូតូ​ដេញ​វៃ គប់ និង​កាប់​គ្នា បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​ទៅ​គូទំនាស់​ឲ្យ​រង​របួស​ហើយ​ក៏​បោះចោល​កាំបិត រួច​បាន​រត់គេច​ខ្លួន​ទាំង​៣​នាក់ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ខណៈ​ពេល​ដែល​ពួក​គេ​ចូល​ផ្ទះ​វិញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕