ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងស្រុក​ក្រឡាញ់​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ខណៈ​ពួក​គេ​កំពុង​ចែកចាយ នៅ​ដងផ្លូវ​សាធារណៈ ចំណុច​ជិត​រង្វង់​មូល ស្ថិត​ក្នុង​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៦ ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៥​នាក់​រួម​មាន ១-​ឈ្មោះ វុត សំណាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ម្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​(​ប្រើប្រាស់​), ២-​ឈ្មោះ ចំរើន រិ​ទ្ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់​នៅ​ភូមិ​ឈូករ័ត្ន ឃុំ​ច​ម្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​(​ប្រើប្រាស់​), ៣-​ឈ្មោះ ឡា​ត់ មក​រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ឈូករ័ត្ន ឃុំ​ច​ម្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប (​ជួញដូរ​), ៤-​ឈ្មោះ ហាក់ វ៉ា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប (​ជួញដូរ​) និង ៥-​ឈ្មោះ ងួ​ន អាទិត្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​តា​ច្រែង​ឃុំ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប (​ប្រើប្រាស់​) ។

លោក​បន្ត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​៣​គ្រឿង​, ស្នាប់ដៃ​ដែក​១ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៦​មក​រា​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕