ការ​វាយប្រហារ​របស់​យុទ្ធជន​ជ្រុល​និយម​ឥស្លាម​ទៅ​លើ​សណ្ឋាគារ​មួយ​ត្រូវ​បាន​បញ្ចប់​ហើយ

ការ​វាយប្រហារ​របស់​យុទ្ធជន​ជ្រុល​និយម​ឥស្លាម​ទៅ​លើ​សណ្ឋាគារ​មួយ​ត្រូវ​បាន​បញ្ចប់​ហើយ

នេះ​ជា​ទិដ្ឋភាព​នៃ​ការ​ឆេះ​យានយន្ត​នៅ​ខាង​ក្រៅ​សណ្ឋាគារ Splendid ក្នុង​ក្រុង​អៅហ្គាឌូហ្គូ (Ouagadougou) ប្រទេស​បួគីណាហ្វាសូ (Burkina Faso) កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​បួគីណាហ្វាសូ (Burkina Faso) ក្នុង​ទ្វីប​អាហ្វ្រិក​និយាយ​ថា ​ការ​ឡោមព័ទ្ធ​សណ្ឋាគារ​ប្រណិត​មួយ​ក្នុង​រដ្ឋធានី​ដោយ​ពួក​ជន​ជាប់​សង្ស័យ​ថា​ជា​ពួក​ជន​សកម្ម​ប្រយុទ្ធ​ឥស្លាម​បាន​បញ្ចប់ ​ដោយ​បាន​បន្សល់​ទុក​មនុស្ស​យ៉ាង​តិច​ណាស់​២០នាក់​ស្លាប់។

អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​សោរ៍​នេះ​ថា​ ចំណាប់ខ្មាំង​១២៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​សន្តិសុខ​ហើយ​ ក្រុម​ជីហាដ​បី​នាក់​បាន​ត្រូវ​សម្លាប់។ ​មាន​ជន​យ៉ាង​តិច​ណាស់​៣០​នាក់​ក្នុង​បណ្តា​ពួក​ចំណាប់ខ្មាំង​ដែល​បាន​ត្រូវ​ជួយ​សង្គ្រោះ​បាន​ត្រូវ​របួស។

លោក Simon Compaore រដ្ឋ​មន្ត្រី​សន្តិសុខ​ និង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​បួគីណាហ្វាសូ​បាន​និយាយ​ថា ​កងកម្លាំង​សន្តិសុខ​បាន​ឆែកឆេរ​សណ្ឋាគារ​នៅ​ជិត​ខាង​ទី​នោះ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​គ្មាន​ពួក​ជន​ជ្រុលនិយម​លាក់​ខ្លួន​ក្នុង​សណ្ឋាគារ​ទាំង​នោះ​ទេ។​ មាន​របាយការណ៍​ខ្លះ​និយាយ​ថា កំពុង​មាន​ការ​វាយ​លុក​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ជិត​ទីនោះ។

ពួក​ទាហាន​រដ្ឋាភិបាល​ និង​ពួក​ទាហាន​បារាំង​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជន​សកម្ម​ប្រយុទ្ធ​ដើម្បី​វាយ​យក​មក​វិញ​នូវ​សណ្ឋាគារ​នេះ​ដែល​មាន​ប្រជាប្រិយភាព ជាមួយ​ជន​បរទេស និង​បុគ្គលិក​របស់​អ.ស.ប.​នៅ​ក្នុង​ក្រុង​ អៅហ្គាឌូហ្គូ (Ouagadougou) នៅ​ក្រោយ​ពួក​ជន​ប្រដាប់​អាវុធ​បាន​ឆ្មក់​ចូល​ក្នុង​អាគារ​នោះ​កាល​ពី​យប់ថ្ងៃ​សុក្រ៕