ត្រៀម​បំ​រ៉ុង​ស្បៀង និង​គ្រាប់ពូជ​ចំនួន​ជាង​១​ម៉ឺន​តោន ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ជួប​បញ្ហា​គ្រោះមហន្តរាយ​

ភ្នំពេញ: កម្ពុជា​បាន​ត្រៀម​បំ​រ៉ុង​នូវ​ស្បៀង និង​គ្រាប់ពូជ​គ្រប់​ប្រភេទ​ចំនួន​ជាង​១​ម៉ឺន​តោន សម្រាប់​ទុក​ជួយសង្គ្រោះ បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​ជួប​បញ្ហា​គ្រោះមហន្តរាយ​ពី​ធម្មជាតិ​។​

​លោក កែវ វី អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹង​នៅ ថ្ងៃទី​១៦ មករា​ថា ក្នុង​មួយឆ្នាំ​មួយៗ រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​អង្ករ​ចំនួន​១​ម៉ឺន​តោន ពូជស្រូវ ចំនួន​៣​ពាន់​តោន និង​ពូជ​បន្លែ​ផ្សេងៗ​ទៀត ចំនួន ៥០​តោន ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ នៅពេលដែល​បង ប្អូន​ជួប​បញ្ហា​គ្រោះមហន្តរាយ​ដូចជា​ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ​និង​គ្រោះ​មហន្ត រាយ​ផ្សេងៗ​ទៀត​។​

​លោក​បន្ត​ឲ្យ​ដឹង​ទៀតថា ករណី​មាន​បញ្ហា​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​កើតឡើង​ភ្លាមៗ ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ គឺ​អាជ្ញាធរ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ នឹងធ្វើ​សំណើរ​ទៅ​រាជរដ្ឋាភិបាល ក្នុងការ​ស្នើ​ជា​ថវិកា ស្បៀង និង​គ្រាប់ពូជ ដើម្បី ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ក្រៅពីនោះ​ក៏មាន​ការចូលរួម​ពី​កាកបាទក្រហម និង​សប្បុរសជន​ផងដែរ​។​

 លោក​បាន​បញ្ជាក់ថា ករណី​ប្រើប្រាស់​អស់​គឺ​រដ្ឋាភិបាល​មាន​ស្បៀង​បំ​រ៉ុង​ជា​សាច់ប្រាក់ ដែល​គិត​ជា​អង្ករ​ចំនួន​៦​ពាន់​តោន​។ លោក បាន​បញ្ជាក់ថា
​សព្វថ្ងៃនេះ អាជ្ញាធរ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​តៀម​បំ​រ៉ុង ពោលគឺ​បាន​ត្រៀម ក្នុង​ស្តុក​រដ្ឋាភិបាល ជាង​៦​ពាន់​តោន  ក្នុងករណី​ប្រើ​អស់​ប៉ុន្មាន គឺ​រដ្ឋាភិបាល​នឹង​បញ្ចូល​ឲ្យ​គ្រប់​ចំនួន​វិញ ដូចជា​ឆ្នាំ​២០១៣ អាជ្ញាធរ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ប្រើ​អស់ ១៤០០​តោន គឺ​យើង​បញ្ចូល​ឲ្យ​គ្រប់​ចំនួន​វិញ​សំរាប់​ឆ្នាំ​ថ្មី​បន្តទៀត​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៥ កន្លងទៅនេះ មិនបាន​បញ្ចេញ​ប្រើប្រាស់​នោះទេ ព្រោះ មិនមាន​បញ្ហា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​កើតឡើង ប៉ុន្តែ​ការប្រើប្រាស់​កញ្ចប់​ស្បៀង​របស់​កាកបាទក្រហម និង​សប្បុរសជន​។
​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បញ្ជាក់ថា ដោយសារ​ឆ្នាំនេះ​ជួប​បញ្ហា​ខ្វះខាត ទឹក អាជ្ញាធរ​កំពុង​មានកា​រ​ព្រួយបារម្ភ ពី​បញ្ហា​ធ្វើស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ ដូច្នេះ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា បានស្នើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើស្រែ​ប្រាំង​តែម្តង​បាន​ហើយ ក្រៅពីនេះ​បងប្អូន​គួរ​ងាក​មក​ដាំ​ដំណាំ​ផ្សេងៗ​ជំនួយ​វិញ ដែល​ត្រូវ​ប្រើប្រាស់​អស់​ទឹក​តិចជាង​ការធ្វើ​ស្រែ​។​
​    ​
​សូមបញ្ជាក់ថា​៖ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ផ្ទៃដី​ធ្វើស្រែ​ប្រាំង​ចំនួន​ជាង​៤០​ម៉ឺន​ហិកតា ក្នុង​មួយ​ហិកតា ទទួលបាន​ផល ប្រមាណ​ជា​៣​តោន ជាទូទៅ​ការធ្វើ​ស្រែប្រាំង​បាន​២​ដង​ក្នុង​មួយឆ្នាំ​។​ខេត្ត​ដែល​ប្រឈម​នឹង​គ្រោះរាំងស្ងួត​ច្រើនជាងគេ​មាន​ចំនួន​១៤​ខេត្ត ពិសេស​ខេត្ត​ដែល​នៅតាម​ដង​ទន្លេសាប​៕