​ទីលាន​បដិសណ្ឋារកិច្ច​មុខ​ប្រាសាទអង្គរវត្ត អាច​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ​២០១៦​នេះ​

ភ្នំពេញ: ទីលាន​បដិសណ្ឋារកិច្ច ឬ​ហៅថា Parvis តាម​ភាសា​បារាំង នៅមុខ​ប្រាសាទអង្គរវត្ត​អាច​នឹង​បញ្ចប់​ការសាងសង់​រួចរាល់​នៅក្នុង​ឆ្នាំ​២០១៦​នេះ​។​

​ទីលាន​បដិសណ្ឋារកិច្ច​នេះ​នឹង​រៀបចំ​ឲ្យ​មាន​កន្លែង​ចត​យានយន្ត កន្លែង​ផ្តល់ព័ត៌មាន កន្លែង​ភ្ញៀវ​អាច​ឈប់សម្រាក​មុននឹង​ធ្វើដំណើរ​កម្សាន្ត ឬ​អាច​ចូល​ជ្រក​ពេល​មាន​ភ្លៀង​ធ្លាក់​ជាដើម ព្រមទាំង​មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ផងដែរ​។ តាម​ប្រសាសន៍ ឯកឧត្តម អ៊ុក សុ​មេ​ត្ត ប្រធាន​គណៈកម្មការ​សាងសង់​ទីលាន​បដិសណ្ឋារកិច្ច​មុខ​ប្រាសាទអង្គរវត្ត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ថា​មុននឹង​ឈានដល់​ការរៀបចំ​ទីលាន​បដិសណ្ឋារកិច្ច​នេះ ក្រុមការងារ​បាន​ចំណាយពេល​សិក្សា​ផ្នែក​បុរាណវិទ្យា​រួចរាល់​ហើយ ដោយ​មិនមាន​អ្វី​ប៉ះពាល់​ដល់​បេតិកភណ្ឌ​នោះទេ​។ ម្យ៉ាងទៀត គម្រោង​នេះ​ក៏បាន​ឆ្លងកាត់​យោបល់​របស់​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​-​អង្គរ និង​អង្គការ​យូណេស្កូ​ហើយ​ដែរ​។ “​យើង​ស្ថិតនៅក្នុង​ច្បាប់​របស់​បេតិកភណ្ឌ​ពិភពលោក យើង​ធ្វើ​ត្រូវគោរព​ទៅតាម​ការណែនាំ ស្របតាម​ច្បាប់​របស់​បេតិកភណ្ឌ​ពិភពលោក​”​។ ម្យ៉ាង​នៅទីនេះ (​ទីលាន​មុខ​អង្គរវត្ត​) ក៏​ធ្លាប់មាន​អូ​តែ​ល​មួយ ដែលមាន​ឈ្មោះថា អ៊ែ​ហ្វ្រ​ង់​អូ​តែ​ល​។ ការសាងសង់​អូ​តែ​ល​នេះ ក៏​គេ​បាន​សិក្សា​រួច​ម្តងមកហើយ​។ យើង​សាងសង់​លើ​កន្លែងចាស់​ប៉ុណ្ណោះ តែ​យើង​ក៏បាន​សិក្សា​ផ្នែក​បុរាណវិទ្យា​បន្ថែមទៀត​ដែរ ដើម្បី​បញ្ជៀ​ស​ការប៉ះពាល់​ដល់​បេតិកភណ្ឌ​វប្បធម៌​។ បើ​គម្រោង​នេះ មិនមាន​ឧបសគ្គ ឬ​ចំណោទ​អ្វី​ទេ តាម​ល្បឿន​សព្វថ្ងៃនេះ គម្រោង​អាច​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៦​នេះ​”​។​

​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ទីលាន​បដិសណ្ឋារកិច្ច​នេះ ឯកឧត្តម​បញ្ជាក់ថា ការរៀបចំ​ទីលាន​នេះ គឺ​គោលដៅ​រក្សា​នូវ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ភ្ញៀវទេសចរ និង​ធ្វើ​ឲ្យ​អង្គរ​សក្តិ​សមជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែលមាន​កន្លែង​ចត​ត្រឹមត្រូវ​។ “​យើង​នឹង​រៀបចំ​កន្លែង​ហ្នឹង​ឲ្យ​សមជា​បេតិកភណ្ឌ​ពិភពលោក ព្រោះ​បេតិកភណ្ឌ​ពិភពលោក​គេ​ស្អាត​ណាស់​... ចឹ​ង​រៀបចំ​ឲ្យ​មាន​ចរាចរ​ផ្លូវ​ដើរ ផ្លូវ​ឡាន កន្លែង​លក់ដូរ​។ រាល់ថ្ងៃ​បើ​ភ្លៀង តើ​ភ្ញៀវ​ទៅ​ជ្រក​កន្លែង​ណា​? មានតែ​ទៅ​ជ្រក​ក្រោម​ដើមឈើ ចុះបើ​មែកឈើ​បាក់ ឬ​ដើមឈើរ​លំនឹង​ទៅជា​យ៉ាងណា​? ទី​១ យើង​គិតពី​សុវត្ថិភាព​របស់​អ្នកមើល​អង្គរវត្ត ទី​២ ការសម្រួល​សេវាកម្ម​ឲ្យ​បាន​ស្រួល ដូចជា មាន​កន្លែង​សម្រាក​កាហ្វេ មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​តិចតួច មាន​កន្លែង​លក់​សៀវភៅ​។ អ្នកទេសចរ​អាច​មើល​ក្នុង​ហ្នឹង អាច​ទិញ​របស់របរ​បាន​ក្នុង​ហ្នឹង គេ​អាច​ដឹង​ព័ត៌មាន​ខ្លះៗ​មុននឹង​ទៅ​ទស្សនា ជាពិសេស គឺ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មាន​កម្រិត​ខ្ពស់ ក្នុងការ​មក​ទស្សនា​អង្គរ​ហ្នឹង​។​

​ទោះជា​យ៉ាងនេះ​ក្តី ឯកឧត្តម​បញ្ជាក់ថា នៅមុខ​ប្រាសាទ​បេតិកភណ្ឌ​ពិភពលោក មិនមែនជា​ចំណតរថយន្ត​ទេ ហើយក៏​មិនមែនជា​ផ្សារ​ទំនើប​ដែរ​។ ដូច្នេះ នាពេល​អនាគត​យើង​នឹង​រក​ទីកន្លែង​ណា​ដែល​ឆ្ងាយ​ពី​ទីនេះ ជា​កន្លែង​ចំណតរថយន្ត​។ ទីនេះ ទុកជា​កន្លែង​ចត​រថយន្ត​តូចៗ និង លក់​វត្ថុ​អនុស្សាវរីយ៍​តូចៗ​៕