ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​រង​របួស​ធ្ងន់​ ​បន្ទាប់​ពី​​ប្រជាពលរដ្ឋ​ស្រែ​កថា​ «ចោរ​ៗ» ​ហើយ​នាំគ្នា​ដេញ​តាម​ចាប់​បាន​​វាយ​រហូត​បែកក្បាល​សន្លប់​ស្តូកស្តឹង កាលពី វេលា​​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ​មករា ​២០១៦ នៅ​តាម​ផ្លូវ​៩០BTA ក្រុម​២ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​គេ​ចោទ​ថា​ជា​​ចោរ​ឈ្មោះ ទី ណុ​យ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​​មិន​ពិតប្រាកដ ​។ បើ​តាម​​សម្តី​ស្ត្រី​ម្នាក់​​ឈ្មោះ សៀង សា​រ៉ាត់ អាយុ​៥៨​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវនៅ​​សាលា​បឋម​សិក្សា​J.S បាននិយាយ​​ថា មុន​កើតហេតុ​ គាត់​​ឮ​សូរ​គេ​ស្រែ​កថា​ «ចោរ​ៗ» ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ផ្លោះ​របង​ចូល​មក​ក្នុង​សាលា​ហើយ​រត់​ចូល​ទៅ​ក្នុងបណ្ណាល័យ​ ភ្លាម​ៗ​នោះ​មាន​ប្រជាពលរដ្ឋ​​​ច្រើន​នាក់​បាន​ផ្លោះ​ចូល​មក​តាម​ដែរ ​ក៏​ចាប់​បាន​បមុ្រង​​នាំ​គ្នា​​​វាយ​ជន​សង្ស័យ​​​នៅ​ក្នុង​សាលា តែ​គាត់​ហាម​មិន​ឲ្យ​វាយ​នៅ​ក្នុង​​​សាលា​នោះ​ទេ​ ​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​អូស​ចេញ​ទៅ​ក្រៅរបង​សាលា​នាំ​គ្នា​វាយ​រហូត​សន្លប់ស្តូកស្តឹង​ហើយ​នាំ​គ្នា​គេចខ្លួន​អស់ មិន​មាន​នរណា​បញ្ជាក់​ថា​ ជនសង្ស័យ​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​ណាមួយ​ហើយ​លួច​យក​របស់​អ្វី​នៅឡើយ​ទេ​ ។

លោក​អធិការរង​ខណ្ឌមានជ័យ​បានឱ្យ​​ដឹង​ថា​ ​ជន​​​​រង​គ្រោះ​មិន​អាច​​ចោទ​គាត់​ថា​ជា​ចោរ​បាន​ទេ​ ​​រឿង​នេះ​ប្រហែលជា​រឿងគំនុំ​ច្រើន​ជាង ដោយសារ​នៅ​ម្ដុំ​កន្លែង​កើតហេតុ​នេះ​ឱ្យ​​តែ​លឺ​ថា​ចោរ​ គឺ​វាយ​មិន​ប្រណី​ដៃ​ទេ ព្រោះ​ពួក​គាត់​បាត់បង់​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ជា​ច្រើន​មក​ហើយ​ទើប​មិន​អាច​ទប់​កំហឹង​បាន​ទេ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕