ក្រសួងបរិស្ថាន ព្រមាន​ចាត់ការ​តាមផ្លូវ ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច ប្រព្រឹត្ត​បទល្មើស​

ភ្នំពេញ:  
​ក្រសួងបរិស្ថាន បាន​បង្គាប់​ឲ្យ​បណ្តា​ក្រុមហ៊ុន​ទាំងអស់​នៃ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច ត្រូវមាន​វិធានការ​គ្រប់គ្រង​ការ​ឈូសឆាយ ការប្រមូល និង​ការកែច្នៃ​ផល អនុផល​ព្រៃឈើ របស់ខ្លួន ជាពិសេស​ត្រូវ​ទប់ស្កាត់ និង​ការពារ​ឲ្យ​បាន​នូវ​រាល់​ការប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​គ្រប់​រូបភាព​។ ក្រសួង នឹង​ចាត់វិធានការ​តាម​នីតិវីធី​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត ប្រសិនបើ​ក្រុមហ៊ុន​ណាមួយ​ត្រូវបាន​រកឃើញថា​បាន​ប្រព្រឹត្ត​បទល្មើស​។​

​ក្រសួងបរិស្ថាន​ចេញ​សេចក្តីជូនដំណឹង  ស្តីពី វិធានការ​គ្រប់គ្រង​ការ​ឈូសឆាយ ការប្រមូល និង​ការកែច្នៃ​ផល អនុផល​ព្រៃឈើ នៅតាម​ទីតាំង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច នេះ​ដោយ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ឲ្យ​ខាងតែបាន​នូវ​បទល្មើស​នាំចេញ​ឈើ​តាម​ច្រក​មួយចំនួន​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​។

​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទាំងអស់​ត្រូវ​គ្រប់គ្រង​ការ​ឈូសឆាយ ការប្រមូល និង​ការកែច្នៃ​ផល អនុផល​ព្រៃឈើ ក៏ដូចជា​ការដាំដុះ​នៅតាម​ទីតាំង​គម្រោង​វិនិយោគ​របស់ខ្លួន ឲ្យ​បាន​ម៉ត់ចត់​បំផុត ស្របតាម​គោលការណ៍​និង​នីតិវិធី​ច្បាប់​ដែលមាន​ជា​ធរមាន​។ ក្រុមហ៊ុន​ទាំងអស់​ត្រូវខិតខំ​ទប់ស្កាត់ និង​ការពារ​ឲ្យ​បាន​នូវ​រាល់​ការប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ គ្រប់​រូបភាព ដែល​អាច​កើតមាន​ដោយ​យថាហេតុ​នៅក្នុង​ទីតាំង​វិនិយោគ​របស់ខ្លួន​ដោយ​ត្រូវ​សហការ​ស​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ក្នុងករណី​មាន​បទល្មើស​កើតឡើង ក្រុមហ៊ុន​ត្រូវ​រាយការណ៍​ជាបន្ទាន់​ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ទីរ​បរិស្ថាន ដើម្បី​ចាត់វិធានការ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​។ ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់​នូវ​រាល់​បទល្មើស​ធនធានធម្មជាតិ​ដែល​កើតឡើង​ក្នុង​ទីតាំង​វិនិយោគ​របស់ខ្លួន​។​

​ក្រសួងបរិស្ថាន នឹង​បន្ត​តាមដាន និង​ពិនិត្យ​យ៉ាង​ម៉ត់ចត់​នូវ​ការអនុវត្ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំងអស់ ជាពិសេស​ការ​ឈូ​ឆាយ ការប្រមូល និង​ការច្នៃ​ផល អនុផល​ព្រៃឈើ ហើយ​ក្រសួង​នឹង​ចាត់វិធានការ​តាម​នីតិវីធី​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត ប្រសិនបើ​ក្រុមហ៊ុន​ណាមួយ​ត្រូវបាន​រកឃើញថា​បាន​ប្រព្រឹត្ត ឬ​ជាប់​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​៕​

ក្រសួងបរិស្ថាន ព្រមាន​ចាត់ការ​តាមផ្លូវ ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច ប្រព្រឹត្ត​បទល្មើស​