ដាច់យ៉ៃ​អត់លុយ​ចូល​ខារ៉ាអូខេ​ចេញ​ឆក់​ទូរស័ព្ទ ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​

បន្ទាយមានជ័យ: ជនសង្ស័យ​២​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​រួច​បញ្ជូនទៅ​តុលាការ ពីបទ​ឆក់យក​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់ នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ចំណុច​បរិវេន​កាស៊ីណូ​ផ្កាយ​៥​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។       
            
​លោក​ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នោះ​១/​ឈ្មោះ សុក តួ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​មិន​ពិតប្រាកដ​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/​ឈ្មោះ ពៅ សម្បត្តិ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
          
​លោក​ឱ បូ​រិន្ទ បានបញ្ជាក់​ទៀតថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​ឈ្មោះ ឈុន ស៊ា​ង​ឡេង អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងនិយាយ​ទូរស័ព្ទដៃ ម៉ាក​សាំ​ស៊ុ​ង ជាមួយ​សង្សា​របស់ខ្លួន នៅក្នុង​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ពេលនោះ​ជនសង្ស័យ​ទាំង​២ បានធ្វើ​សកម្មភាព​ឆក់​ពី​ស្ត្រី​រងគ្រោះ រួច​រត់​គេចខ្លួនបាត់​តែម្តង​។ ស្ត្រី​រងគ្រោះ ក្រោយពី​ត្រូវ​ចោរឆក់​ទូរស័ព្ទ​បាត់ ក៏​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។​
                      
​លោក​ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ក្នុង​ចំណុច​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បាន​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​។

​នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា ខ្លួន​ដាច់យ៉ៃ​ពេក​រកលុយ​ចូល​ខារ៉ាអូខេ​មិនបាន ទើប​ដាច់ចិត្ត​ឆក់​ទូរស័ព្ទ​គេ​យ៉ាង​ដូច្នេះ​។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

ដាច់យ៉ៃ​អត់លុយ​ចូល​ខារ៉ាអូខេ​ចេញ​ឆក់​ទូរស័ព្ទ ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​