សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រា​ជ​ធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​បោះ​ជំហាន​ក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល​ជិត​១០​ឆ្នាំ លោក​គន់ រៀម​រតនៈ ទើបតែ​មានឱកាស​សម្តែង​ខ្សែភាពយន្ត​ភាគ​ជា​លើក​ដំបូង ។ រឿង​«​ប៉ា​ម៉ាក់​!​ខ្ញុំ​!​ប្រជែង​កម្ម​» នឹង​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ដោយ​លោក​គន់ រៀម​រតនៈ សម្តែង​ជា​តួអង្គ​មួយ​ដែរ ហើយ​លោក​ចាត់​ទុក​ថា​ជា​ជំហាន​ជោគជ័យ​មួយទៀត​នៅ​ឆ្នាំ​ថ្មី​២០១៦​នេះ ។

បើ​ទោះជា​លោក​គន់ រៀម​រតនៈ នៅ​មិន​ទាន់​រីក​សុសសាយ​កេរ្តិ៍ឈ្មោះ​នៅ​លើ​វិ​ថី​សិល្បៈ តែ​តារា​ប្រុស​រូប​នេះ​មិន​អស់សង្ឃឹម​ដើរ​ចោល​អាជីព​នេះ​ឡើយ ។ កន្លង​មក តារា​រូប​នេះ​ចូលរួម​សម្តែង​មិន​ថា​តួ​កំប៉ិកកំប៉ុក​បែប​ណា​ទេ រួម​ទាំង​ធ្វើ​ជា​តួ​ភេទ​ទី​៣​ម្ញុ​ិ​ក​ម្ញ៉​ក់​ទៀត​ផង ។ រតនៈ​សង្ឃឹមថា ថ្ងៃមួយ​អាជីព​ពិតជា​លូតលាស់​មិន​ខាន ។

លោក​គន់ រៀម​រតនៈ ចំណាយពេល​ជិត​១០​ឆ្នាំ​ក្នុង​អាជីព ដោយ​សម្តែង​មិន​ថា​តែ​កម្មវិធី​អ្វី​ទេ​ដូច​ជា​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​៧​មក​រា បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី គឺ​តែងតែ​ចូលរួម ទោះបី​កម្មវិធី​ថ្នាក់​ជាតិ​ទាំងនោះ​មិន​បាន​ទទួល​កម្រៃ​ក៏​ដោយ ។

ថ្មី​ៗ​នេះ​លោក​គន់ រៀម​រតនៈ ទើបតែ​សម្រេច​បាន​តំណែង​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​រឿង​ភាគ​មាន​ចំណងជើង​ថា «​ប៉ា​ម៉ាក់​!​ខ្ញុំ​!​ប្រជែង​កម្ម​» ដោយ​មាន​តារា​សម្តែង ល្បី​ៗ និង​មានបទពិសោធន៍​ចូលរួម មាន​លោក​ទេព រិ​ន​ដា​រ៉ូ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​ដ​ន ផា​កន ជាដើម ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​សម្តែង​គន់ រៀម​រតនៈ ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា លោក​ប្រឡូក​សិល្បៈ​យូរ​មក​ហើយ​ទើបតែ​ទទួល​បាន​ឱកាស​ថត​រឿង​ភាគ​មួយ​ជាមួយ​តារា​សម្តែង​ល្បីឈ្មោះ​លោក​ទេព រិ​ន​ដា​រ៉ូ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ក្នុង​រឿង «​ប៉ា​ម៉ាក់​!​ខ្ញុំ​!​ប្រជែង​កម្ម​» របស់​ផលិតកម្ម​អប្សរា​មេ​រ៉ា ។ រឿង​នេះ​ចំណាយពេល​ថត​ជា​ច្រើន​ថ្ងៃ​គួរសម​ដែរ ដោយ​ជា​ប្រភេទ​រឿង​អប់រំ​បែប​កំប្លែង​សើច​សប្បាយ និង​មាន​កម្សត់​នៅ​ក្នុង​នោះ​ដែរ ។ រឿង «​ប៉ា​ម៉ាក់​!​ខ្ញុំ​! ប្រជែង​កម្ម​» នេះ​តួអង្គ​សុទ្ធតែ​ត្រូវ​អ្នកដឹកនាំ​រឿង​តម្រូវ​ឲ្យ​លេង​ឲ្យ​លះ​អស់ពី​សមត្ថភាព បើ​កំប្លែង​ឲ្យ​ចំ​កំប្លែង កម្សត់​ឲ្យ​ចំ​កម្សត់ កាច​ចំ​កាច ដោយ​ឲ្យ​យកពាក្យ​សន្ទនា​ទៅ​មើល​និង​ទន្ទេញ​ជា​ច្រើន​ថ្ងៃ​ឱ្យ​ចាំ​មុន​នឹង​សម្តែង ។

ភាពយន្ត​ថ្មី​នេះ​នឹង​ចាក់​ផ្សាយ​នៅ​អំឡុង​ខែកុម្ភៈ ២០១៦ នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ដែល​មាន​ចំនួន​២០​ភាគ ។

លោក​រតនៈ «​និយាយ​ថា ក្នុង​រឿង​នេះ សិល្បករ​គាត់​ខំ​សម្តែង​ណាស់ ព្រោះ​ឃើញនឹងភ្នែក​ដូច​ជា​បងប្រុស​ដា​រ៉ូ និង​បងស្រី​ល​ក្ខិ​ណា សុទ្ធតែ​ល្បី តែ​តស៊ូ​សម្តែង មិន​ដែល​ត្អូញ​ទេ ទោះ​ពេល​ខ្លះ​សម្រាក​នៅ​លើ​ក្តារ ចាស់​ៗ​ឲ្យ​តែ​មាន​កម្លាំង ។ បើ​និយាយ​ពី​បងស្រី​ច​ន ច័ន​ល​ក្ខិ​ណា វិញ កាន់តែ​គួរ​ឱ្យ​សរសើរ​គឺ​គាត់​ត្រូវ​គេ​ព្យួរ​ខ្លួន​លើ​ខ្សែពួរ ហើយ​ថត​ចុះឡើង​កណ្តាល​យប់ មាន​របួស​មើលទៅ​លំបាក តែ​ខំតស៊ូ ។ អុ​ី​ចឹ​ង​ហើយ​ទើប​ខ្ញុំ​មាន​មោទនភាព​ពេល​សម្តែង​ជាមួយ​តារា​ល្បី​ពោរពេញ​ដោយ​អំណត់ ។ ឃើញ​បែប​នោះ​ខ្ញុំ​កាន់តែ​គិត​ថា ការ​ខំតស៊ូ​លើ​វិ​ថី​សិល្បៈ​មិន​ងាយ​ទេ និង​មិន​អន់ចិត្ត​ដែល​ខ្លួន​ចំណាយពេល​ជិត​១០​ឆ្នាំ​បាន​ត្រឹម​តួ​រាយរង​មិន​លេចធ្លោ ។ ប្រមាណ​ជា​ជិត​១០​ឆ្នាំ បាន​បង្ហាញខ្លួន​គ្រប់​កម្មវិធី​ច្រើន​ដែរ ទោះជា​ពេល​ខ្លះ​ប្រាក់​មិនសូវ​ជា​ច្រើន​ក៏​ប្រឹង​ដែរ ដោយ​ខ្ញុំ​បាន​សាង​សមិទ្ធផល​ជា​ច្រើន​មក​ហើយ​ក្នុង​សិល្បៈ​ដូច​ជា​ថត​ឲ្យ​ផលិតកម្ម​ថោ​ន សាន់​ដេ និង​ហង្ស​មាស​ជាដើម ។ ក្រៅពី​នេះ​នៅ​មានឱកាស​បង្ហាញ​វត្ត​មាននៅ​តាម​កញ្ចក់​ទូរទស្សន៍​មួយ​ចំនួន​នា​ឱកាស​បុណ្យ​ជាតិ ធំ​ៗ ដោយ​ខ្ញុំ​រីករាយ​ចិត្តបាន​បង្ហាញខ្លួន​ជាមួយ​តារា​ល្បី​ជា​ច្រើន​ទៀត​ពេល​សម្តែង​នោះ​» ។

លោក​គន់ រៀម​រតនៈ រំពឹង​ថា​ភាពយន្ត​រឿង «​ប៉ា​ម៉ាក់​!​ខ្ញុំ​!​ប្រជែង​កម្ម​» នឹង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន ។ រឿង​នេះ​និពន្ធ​ដោយ​លោក​សោម ដៅ​រ៉េ និង​ដឹកនាំ​ដោយ​លោក Ban Dimong ជា​អ្នក​មានបទពិសោធន៍​លើ​ផ្នែក​ភាពយន្ត ៕