សុខភាព &raquo សុខភាព

ផ្អែក​តាម​លទ្ធផល​នៃ​ការ​សិក្សា​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ថា ការ​ទទួលទាន​ដំឡូងបារាំង ឬ​ផ្លែ​ចេក​ចាស់​(​មិនមែន​ទុំ​)​ដែល​សម្បូរ​ម្សៅ​ស្អិត​ធម្មជាតិ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺមហារីក​ពោះវៀនធំ​បាន​មួយ​ចំណែក ។

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Flinders University នៅ​ក្រុង Adelaide ប្រទេស​អូស្ត្រាលី​បាន​អះអាង​ថា សារធាតុ​ម្សៅ​ដែល​មាននៅ​ក្នុង​បណ្តា​បន្លែ​មើម គ្រាប់​ធញ្ញជាតិ និង​ពពួក​សណ្តែក​ធ្វើ​នំ ឬ​បង្អែម​ផ្សេង​ៗ​គឺ​មាន​លទ្ធភាព​អាច​ពង្វាង​នូវ​ប្រសិទ្ធភាព​បំផ្លាញ​របស់​សាច់​ក្រហម​យា​៉​ង​មាន​ស​ប្រសិទ្ធភាព ។

Karen Humphreys សមាជិក​ក្រុម​ស្រាវជ្រាវ​បាន​ថ្លែង​ថា សាច់​ក្រហម​និង​សារធាតុ​ម្សៅ​ដែល​ជាប់​ស្អិត មាន​ប្រសិទ្ធភាព​ផ្ទុយ​គ្នាទៅ​លើ​មីក្រូ RNAs ដែល​ជា​អ្នក​ជំរុញ​ឱ្យ​កើត​មាន​មហារីក ។ ការ​រក​ឃើញ​លើក​នេះ​បាន​ជួយ​គាំទ្រ​ឱ្យ​មានការ​ប្រើប្រាស់​បន្ថែម​ទៀត​នូវ​ជាតិ​ម្សៅ​ស្អិត​ក្នុង​ន័យ​កាត់​បន្ថយ​ហានិភ័យ​ដែល​ពាក់ព័ន្ធ​នឹង​របប​អាហារ​សម្បូរ​ដោយ​សាច់​ក្រហម ។

ការ​ពិសោធ​លើ​អ្នក​ស្ម័គ្រចិត្ត​២៣​នាក់ ប្រើ​ពេល​៤​ស​ប្តា​ហ៍​រក​ឃើញ​ថា ការ​ទទួលទាន​របប​អាហារ​សម្បូរ​ដោយ​សាច់​ក្រហម​បាន​ផ្លាស់​ប្តូរ​កម្រិត​មីក្រូ RNAs នៅ​ក្នុង​ជាលិកា​ពោះវៀន​ត្រង់ ។ និយាយ​ឱ្យ​ចំ​ទៅ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​កំណើន​មួយ​ក្នុង​មីក្រូ RNAs ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មហារីក​ពោះវៀនធំ ។

មហា​រី​ពោះវៀនធំ​ចាប់ផ្តើម​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​ទ្រនាប់​ខាងក្នុង​កោសិកា​ពោះវៀនធំ និង​ពោះវៀន​ត្រង់ ។ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន ការ​ជក់បារី ការ​មិន​ហាត់ប្រាណ និង​ការ​ទទួលទាន​សាច់​ក្រហម​ច្រើន គឺ​សុទ្ធតែ​ជា​កត្តា​សំខាន់​បណ្តាល​ឱ្យ​កើត​មហារីក​ពោះវៀនធំ ។

សាស្ត្រាចារ្យ Humphreys បាន​កត់​សម្គាល់ថា អាហារ​គំរូ​ដែល​ជា​ប្រភព​ម្សៅ​ស្អិត​ធម្មជាតិ​មាន​ដូច​ជា ផ្លែ​ចេក​ចាស់​(​មិន​ទាន់​ទុំ​)​ដំឡូងបារាំង​ចម្អិន គ្រាប់​ធញ្ញជាតិ​មិន​ទាន់​កែ​ច្នៃ បណ្តា​គ្រាប់សណ្តែក​ធ្វើ​បង្អែម​ឬ​នំ​... ។ ចំណែក​ផ្លែ​ពោត​ដែល​គេ​ជឿជាក់​ថា​ជា​ប្រភព​ម្សៅ​ស្អិត​យ៉ាងច្រើន​ក្រាស់ក្រៃ​ផង​ដែរ​នោះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​យ៉ាង​យកចិត្តទុកដាក់​បន្ថែម ៕