ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ​សង្ស័យ​លួច​​ស្រឡាញ់​ប្រពន្ធ​គេ​ ​ហើយ​​ប្តី​​គេ​​​តាម​ទាន់​លួច​កាប់​៣​ដាវ​សាមូរ៉ៃ​ បណ្តាល​ឲ្យ​​រង​របួស​ធ្ងន់​​សន្លប់ស្តូកស្តឹង​ ត្រូវ​ស្ត្រី​ជា​សង្សារ​ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​​ ​កាល​ពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥​ ខែមករា ត្រង់​ចំណុច​​ក្បែរ​របង​វត្ត​ទឹកថ្លា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បុរស​រង​គ្រោះ​​ឈ្មោះ សៀម សត្យា ​អាយុ​២៥​​ឆ្នាំ ​ជា​ជាងភ្លើង ស្នាក់​ផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​មាន​ស្រុក​កំណើត​ក្នុងភូមិព្រៃ​ទប់ ឃុំ​ស្រ​ង៉ែ ស្រុក​ត្រាំ​ង ខេត្តតាកែវ ។​ ចំណែក​ស្ត្រី​ជា​សង្សារ​​ឈ្មោះ ធីតា អាយុ​២០​​ឆ្នាំ ​ជា​ជាង​អ៊ុតសក់ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​​ថា មុន​ពេល​កើតហេតុ​ ​​គាត់​​ដើរ​ចេញពី​បន្ទប់​ជួល​គោលបំណង​ទៅ​លេង​បន្ទប់​ជួល​របស់​សង្សារ​ដែល​នៅ​ក្បែរ​គ្នា​នោះ
ខណៈ​​​ដើរ​ចេញពី​បន្ទប់​បាន​បន្តិច​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​​លួច​កាប់​​គាត់​ពីក្រោយ​ខ្នង​ បណ្ដា​ល​​ឱ្យ​​រង​របួស​ក្បាល​ចំនួន​ពីរ​ដាវ​សាំ​មូ​រ៉ៃ និង​ដៃស្ដាំ​​១​​ដាវ ​។ កន្លង​មក​​គាត់​​​​​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ ។

ប្រភព​ព័ត៌មាន​ពី​មិត្ត​ភ​ក្កិ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នារី​ជា​សង្សារ​របស់​ជន​រង​គ្រោះ ជា​ស្ត្រី​មាន​ប្តី​​ហើយ​ ​ប៉ុន្តែមិន​ទាន់​លែង​លះ​គ្នា​ដាច់ស្រេច​នៅឡើយ​​ ដោយសារ​តែ​បុរស​ជា​ប្តីនៅ​តែ​តាម​ស្រឡាញ់​ប្រពន្ធ តែ​ប្រពន្ធ​អស់ចិត្ត​​ជា​មួយ​គាត់​ ហើយ​​នាង​បាន​ទាក់ទង​ស្រឡាញ់​គ្នា​ជាមួយជន​រង​គ្រោះ​វិញ ។

​ប្រភព​​បាន​បន្ត​ថា ​បើ​តាម​សម្ដី​សង្សារ​ជន​រង​គ្រោះ​បាន​ឱ្យ​​ដឹង​ថា ​ជន​ដៃដល់​ដែល​កាប់​ជន​រង​គ្រោះ​ គឺជា​ប្តី​របស់​នាង​ ព្រោះ​​​តែ​​គាត់​ខឹង​ជន​រង​គ្រោះ​​​លួច​​ទាក់ទង​ស្រឡាញ់​​នាង ​​ហើយ​​ស្ត្រី​ជា​សង្សារ​បាន​អះអាង​ទៀត​ថា​ ពួក​គាត់​លែងលះ​គ្នា​ហើយ ​តែ​​មិន​ទាន់​ដាច់ស្រេច ព្រោះ​ប្តី​របស់​នាង​ នៅ​តែ​ស្រឡាញ់​រូប​នាង​ ។

ក្រោយ​ពេល​កើតហេតុ​ ជន​ង​គ្រោះ​ត្រូវ​បាន​នារី​ជាស​ង្សា​ និង​អ្នក​ជិតខាង​នៅ​ម្ដុំ​កន្លែង​កើតហេតុ​ ​​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​ចំណែក​នារី​ជា​សង្សារ​គ្រាន់តែ​និយាយ​ប្រាប់​មិត្ត​ភ​ក្កិរបស់​ជន​រង​គ្រោះ​រួច​ហើយ​ រន្ធត់ខ្លាំង​ពេក​ក៏​​ដួល​សន្លប់​នៅ​ក្នុង​មន្ទីរពេទ្យ​ដែរ ៕