សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ទីតាំង​ក្រុមហ៊ុន​រ៉ែ​ទង់ដែង​របស់​ចិន​ដែល​ជីក​យក​អត់​មានច្បាប់

សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ទីតាំង​ក្រុមហ៊ុន​រ៉ែ​ទង់ដែង​របស់​ចិន​ដែល​ជីក​យក​អត់​មានច្បាប់

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ប៉េ​អឹ​ម​ស្រុក អធិការដ្ឋាន​ស្រុក​ជីក្រែង​និង​មន្ត្រី​រ៉ែ​និង​ថាមពល​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ផ្អាក​សកម្មភាព​ជីក​រ៉ែ​ទង់ដែង​ដែល​ផុត​សុពលភាព​ទៅ​ហើយ ដែល​មាន​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៤ ។ ដោយ​មានការ​ស្រាវជ្រាវ​និង​សហការ​ពី​អាជ្ញាធរ​មូល​ដា្ឋ​ន​បាន​ល្អ ទើប​សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន ចំណែក​ម្ចាស់​ទីតាំង​ក៏​បាន​រត់គេច​ខ្លួន​បាត់​ដែរ ព្រោះ​ជា​ចោរលួច​ដី​រ៉ែ ។

ការ​បិទ​ទីតាំង​ខាងលើ​ជា​បណ្តោះ​អ​សន្ន​នោះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០១៦​ស្ថិត​នៅ​ចំណុច​ជាំ​ក្រ​វ៉ា​ញ ក្នុងភូមិ​សាស្ត្រ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ដឹកនាំ​ដោយ​លោក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក កើត វ​ណ្ណា​រ៉េ​ត ប្រធាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​ជំនាញ​បាន​ចូលរួម​ជា​ច្រើន​នាក់ ។

លោក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មក​រា ថា ក្នុង​ការ​ចុះ​ប្រត្តិបត្តិការ​បិទ​ទីតាំង​ក្រុមហ៊ុន​ជីក​រ៉ែ​ទង់ដែង​(​ស្ពាន់​) របស់​ចិន​មួយ​កន្លែង នៅ​ស្រុក​ជីក្រែង​ជា​បណ្តោះអាសន្ន​នោះ ខណៈ​ដែល​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ស្រាវជ្រាវ​រក​ទីតាំង​រ៉ែ​របស់​ក្រុមហ៊ុន​ចិន​ខាងលើ ព្រមទាំង​ឃើញ​មាន​រថយន្ត​បែន​ដឹក​ដី​និង​គ្រឿងចក្រ​សម្រាប់​ជីក​រ៉ែ​យក​ទៅ​លក់​ជា​ច្រើន​គ្រឿង​នៅ​ពាសពេញ​ដងព្រៃ​ភ្នំ ។

ក្រុមហ៊ុន​ជីក​រ៉ែ​ទង់ដែង​(​ស្ពាន់​)​ដែល​ផុត​សុពលភាព​តាំងពី​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៤ ត្រូវ​បាន​ក្រុមហ៊ុន​ចិន មក​វិនិ​យោគ​លើ​ផ្ទៃដី​ចំនួន​៣៦០០​ហិ​កតា ដែល​ទទួល​សិទ្ធ​មក​ពី​ក្រុមហ៊ុន ណឹ​ម ម៉េ​ង​គ្រុប តាំងពី​ឆ្នាំ​២០១២​មក ។ លោក​បាន​បញ្ជាក់​ថា មុន​ឈាន​ដល់​ធ្វើការ​បិទ​ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន​នោះ ត្រូវ​បាន​ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ធ្វើ​សកម្ម​ជីក​រ៉ែ​ទង់ដែង​(​ស្ពាន់​)​ដឹក​យក​ទៅ​លក់​នៅ​ទីក្រុង​ភ្នំពេញ​ចំនួន​២​រថយន្ត ស្មើនឹង​៤០​តោន កាលពី​ខែកញ្ញា​ឆ្នាំ​២០១៥ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តកំពង់ធំ​ចាប់​បាន​កន្លង​ទៅ ។

លោក​បាន​បន្ថែម​ថា តំណាង​ក្រុមហ៊ុន​ចិន​ដែល​ត្រូវ​ឃាត់ខ្លួន​ជា​បណ្តោះ​អ​សន្ន​មាន​ឈ្មោះ លីវ ភីង​ស៊ី​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​ជនជាតិ​ចិន ។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឱ្យធ្វើ​កិច្ចសន្យា ចំពោះ​សមត្ថកិច្ច ដើម្បី​បញ្ឈប់​សកម្មភាព​ជីក​រ៉ែ តទៅ​ទៀត​និង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចំណែក​ម្ចាស់​ទីតាំង ដែល​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួចរាល់​អស់ហើយ ។

លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​នៅ​លើ​ទឹកដី​ខេត្តសៀមរាប​ដោយ​គ្មាន​ការ​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​នោះ វា​ជា​ទ​ង្វើ​ផ្ទុយ​ពី​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​នៅ​កម្ពុជា ។ រីឯ​ក្រុមហ៊ុន​ចិន ដែល​បាន​ជីក​រ៉ែ​ទង់ដែង​(​ស្ពាន់​)​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ធំ​ៗ​នោះ​បាន​ជីក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជីក​លួច​យក​រ៉ែ​ដោយ​ល្មើសច្បាប់ ។

គួរ​រំលឹក​ផង​ដែរ​ថា ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ចិន ដែល​បាន​គេចខ្លួន​បាត់​នោះ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​និង​ស្វែងរក ដើម្បី​ចាប់ខ្លួន​ផង​ដែរ ដែល​គេ​ជឿជាក់​ថា លោក ណឹ​ម ម៉េ​ង ម្ចាស់​ក្រុមហ៊ុន​ដើម​ប្រាកដជា​ស្គាល់​ច្បាស់ ៕