ទុក្ខ​ស្រី​ប្តី​ក្មេង​រត់ចោល​ទៅរក​ស្រី​ថ្មី​

Doliprane TVC

​ជា​រឿង​ធម្មតា​ស្ត្រី គ្រប់រូប​រមែង​ចង់បាន​ការ រស់នៅ​ប្រកបដោយ​សេចក្តីសុខ សុភមង្គល និង មាន​ភាពកក់ក្តៅ​ក្នុង​រង្វង់​គ្រួសារ​ជាមួយ​ប្តី ផ្ទុយទៅវិញ​ស្ត្រី​ជា​ភរិយា​ម្នាក់នេះ​ចាប់តាំងពី​រៀបការ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​មក​ស្គាល់ តែ​ទឹកភ្នែក​ទុក្ខសោក​វេទនា​គ្មាន​ពេល​ស្រាកស្រាន្ត ។ គាត់​មិន ដែលមាន​ភាពកក់ក្តៅ​នៅក្នុង​ជីវិត​ឡើយ មិនតែប៉ុណ្ណោះ​បុរស​ជា​ប្តី​ថែមទាំង​រត់ចោល​គាត់​ជា​ប្រពន្ធ និង កូន​ទៅ​នៅ​ជាមួយ​ស្រី​ថ្មី​នៅក្រៅ​ផ្ទះ ហើយ​នៅពេល​វិល​ត្រឡប់មកផ្ទះ​ម្តងៗ​បុរស​ជា​ប្តី​តែងតែ​រករឿង​ឈ្លោះប្រកែក វាយដំ​មកលើ​រូបគាត់​ជា​ប្រពន្ធ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។

ទុក្ខ​ស្រី​ប្តី​ក្មេង​រត់ចោល​ទៅរក​ស្រី​ថ្មី​

ក្នុង​កូនខ្ទម​តូច​មួយ​ដែល​រកកល់នឹង​ដួល រលំ​ទៅហើយនោះ ស្ត្រី​អភ័ព្វ​នៅក្នុង​សាច់រឿង​នេះ ឈ្មោះ វិ​ន ណាវី អាយុ ៤៧ ឆ្នាំ បច្ចុប្បន្ន រស់នៅ​ជាមួយ​កូនប្រុស​ម្នាក់​នៅក្នុង​ភូមិ​សុធា ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ នៅពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន​«​ប្រជាប្រិយ​» ស្ត្រី​អភ័ព្វ​រូបនេះ និង កូនប្រុស​របស់គាត់​បា​ន​លើក​បង្ហាញ​រូបថត​ប្តី​របស់ខ្លួន ហើយ​បាន​រៀប រាប់​ប្រាប់​ពី​ដំណើរ​ជីវិត​ដែល​ស្គាល់​តែ​ទឹកភ្នែក នេះ​ថា​«​នាង​ខ្ញុំ​ជា​កូនទោល​នៅក្នុង​គ្រួសារ ឪពុក ឈ្មោះ វ៉ាន វុ​ទ្ធ អាយុ ៨៣ ឆ្នាំ ម្តាយ​ឈ្មោះ ផល នាង អាយុ ៦៣ ឆ្នាំ ជា​អកុសល​ពួកគាត់ បាន​ស្លាប់ចោល​នាង​ខ្ញុំ​អស់​ទៅហើយ ។

ទុក្ខ​ស្រី​ប្តី​ក្មេង​រត់ចោល​ទៅរក​ស្រី​ថ្មី​

ខ្ញុំ​រស់នៅ​តែម្នាក់ឯង ហើយ​ក្នុងនាម​ជា​កូនកំព្រា នាង​ខ្ញុំ​មិនបាន​សិក្សា​រៀនសូត្រ​ជ្រៅជ្រះ​ដូច​ស្ត្រី ដទៃ​ដែលមាន​ឪពុកម្តាយ​ផ្គត់ផ្គង់​នោះទេ ។ ដោយ​រៀន​បាន​បន្តិចបន្តួច មើល​អក្សរ​ស្ទើរ​មិន​ដាច់​នោះ​ក៏ត្រូវ​ឈប់រៀន ហើយ​ដើរ​រកស៊ី​ចិញ្ចឹម ក្រពះ​ដោយ​ខ្លួនឯង ។ ក្រោយមក​នាង​ខ្ញុំ​ក៏បាន​ចេញមក​ធ្វើ​ការងារ​សំណង់​នៅឯ​ភ្នំពេញ​ជាមួយ​មិត្តស្រីៗ​ដូចគ្នា​ពីរ​បីនាក់ ។ ក្នុងនាម​ជា​កម្មការិនី លើក លី សែង​ឥដ្ឋ​រាល់​ថ្ងៃនោះ រូប​កាយ​មិនបាន​ស្អាតបាត​ដូច​អ្នកធ្វើការងារ​នៅតាម​រោងចក្រ​នោះទេ តែ​ទោះជា​បែបនេះ​ក្តី ធ្វើជា​កម្មការិនី​សំណង់​មិនបាន​មួយឆ្នាំ​ផង នាង​ខ្ញុំ​ក៏បាន​ជួប​ស្គាល់​បុរស​ម្នាក់​ឈ្មោះ ឡុង អាយុ ៣៧ ឆ្នាំ ដែលជា កម្មករសំណង់​ដូចគ្នា​» ។

ស្ត្រីអភ័ព្វ​រូបនេះ បាន​បន្តទៀតថា​«​ការ​ស្គាល់​រាប់ អាន​គ្នា​បើទោះបីជា​ពួកយើង​ទាំងពីរ​នាក់​មាន​វ័យ​ខុសគ្នា​យ៉ាងណាក្តី ដោយសារតែ​សេចក្តីស្នេហា​បាំង​មុខ​គឺ​មិនបាន​គិតពី​វ័យ និង ប្រកាន់វណ្ណៈ​ខ្ពស់​ទាប​នោះឡើយ ដោយ​ពួកយើង​ទាំងពីរ​នាក់​បាន​បង្កើត​ចំណង​ស្នេហ៍​ជាមួយគ្នា​យ៉ាង​ស្អិតល្មួត ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ស្គាល់​តែ​ពាក្យ​ផ្អែមល្ហែម អូន បង បាទ ចាស យ៉ាង​ពីរោះ​មិនដែល​មាន​អ្វី​ល្អក់កករ​ឡើយ ថ្វីដ្បិតតែ​ពួកយើង​ទាំងពីរ​នាក់​ជា​កម្មករ​ក្តី ។

ទុក្ខ​ស្រី​ប្តី​ក្មេង​រត់ចោល​ទៅរក​ស្រី​ថ្មី​

ដោយសារ តែ​ភាពស្និទ្ធស្នាល​ស្គាល់ចិត្ត​ថ្លើម​គ្នា​ច្បាស់ ហើយ​នាង​ខ្ញុំ​សង្ឃឹម និង មាន​ទំនុកចិត្ត​ថា​អាច​ទុកចិត្ត​ផ្ញើ ខ្លួន​ផ្ញើប្រាណ និង ផ្ញើ​វាសនា​ទៅ​ថ្ងៃ​អនាគត​បាន​នោះ នាង​ខ្ញុំ​ក៏បាន​ប្រគល់​ខ្លួន​ឱ្យ​ដោយ​គ្មាន​ស្តាយស្រណោះ​អ្វី​បន្តិច​ឡើយ ហើយ​សង្ឃឹមថា អាច​រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ និង ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​សំណង់​ជាមួយគ្នា​បាន​ប្រាក់​បន្តិច បន្តួច​សន្សំ ទុក ។ ដោយសារតែ​សេចក្តី​ស្នេហ៍​របស់ខ្ញុំ​កាន់តែ​ស៊ីជម្រៅ​ទៅៗ ហើយ​មិន​ចង់ឱ្យ​ខោ្ម​ច​ជីដូន​ជីតា​ប្រកាន់​ធ្វើបាប​នោះ ពួកយើង​ទាំងពីរ​នាក់​ក៏បាន​ដឹក​ដៃ​គ្នា ធ្វើដំណើរ​មកកាន់​ស្រុកកំណើត​របស់​នាង​ខ្ញុំ​ឱ្យ​ចាស់ទុំ​បងប្អូន​ក្បែរៗ​ផ្ទះ ជួយ​រៀបចំ​ធ្វើ​ពិធី​សែន ព្រេន​មួយ​ព្រឹក​ឱ្យ​ក្លាយជា​ប្តី​ប្រពន្ធ​ដោយ​ស្របច្បាប់ ។

ពេលនោះ​ខ្ញុំ​ចំណាយ​អស់ប្រាក់​ចំនួន ៦០ ម៉ឺន​រៀល ។ បន្ទាប់ពី​រៀបចំ​សែនព្រេន​រួច ហើយ ពួកយើង​ទាំងពីរ​នាក់​បាន​វិល​ត្រឡប់មក ភ្នំពេញ​វិញ​ដើម្បី​បំពេញការងារ​ជា​កម្មករ​ដដែល និង រស់នៅ​ជាមួយគ្នា​លែង​ខ្លាច​កម្មករ​ដូចគ្នា និយាយ​មើល​លើ​មើល​ក្រោម​ទៀត ។ បន្ទាប់ពី រស់នៅ​ជាមួយគ្នា​បាន​ប៉ុន្មាន​ខែ នាង​ខ្ញុំ​ក៏​ចាប់ ផ្តើម​មានកំណើត​កូន ៤ ខែ គឺ​កូនប្រុស​ម្នាក់នេះ​»​។ ដកដង្ហើម​ធំ​លាយឡំ​នឹង​តំណក់ទឹកភ្នែក​រលីងរ​លោង​ផង​នោះ នាង​បាន​បន្ត​ទាំង​សម្តី​អួលអាក់ ថា «​នៅពេល​កំពុងតែ​ព​ផ្ទៃ​នោះ នាង​ខ្ញុំ​ខំប្រឹង​ធ្វើ​ការងារ​បណ្តើរ​មិន​ហ៊ាន​ឈប់សម្រាក​នោះទេ គ្រាន់​បាន​ប្រាក់​ទុក​សម្រាលកូន តែ​នាង​ខ្ញុំ​មិន​ធ្វើការ​ងារ​ណា​ធ្ងន់ៗ​ហួសប្រមាណ​នោះទេ ។

ទុក្ខ​ស្រី​ប្តី​ក្មេង​រត់ចោល​ទៅរក​ស្រី​ថ្មី​

ពោះ​កាន់តែ​ធំ​ទៅៗ ថ្ងៃ​សម្រាលកូន​ក៏​ជិត​ចូលមក​ដល់​ដែរ ហើយ​ជា​ពេលដែល​នាង​ខ្ញុំ​ត្រូវ​ឈឺចាប់​កាន់តែខ្លាំង​ផងដែរ ដោយសារតែ​ប្តី​ក្មេង​របស់​នាង​ខ្ញុំ​ចាប់ផ្តើម​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ស្រី​ថ្មី​ផ្សេង លែង​រវីរវល់​ជាមួយ​នាង​ខ្ញុំ​ទៀត សូម្បីតែ​ប្រាក់កាស​ក៏​លែងឱ្យ​ដែរ ។ តាំងពី​ពេលនោះ​មក ប្តី​ក្មេង​របស់​នាង​ខ្ញុំគេ​បាន​បំភ្លេច​នាង​ខ្ញុំ​ចោល ហើយ ទៅ​ស្រឡាញ់​ស្រី​ផ្សេង​ធ្វើជា​គូ​កំណាន់ចិត្ត ទោះជា​នាង​ខ្ញុំ​ប្រឹង​ណែនាំ​យ៉ាងណាក្តី​ក៏​មិនអាច​បាន​ដូចដើម​វិញ​ដែរ បានត្រឹមតែ​គេ​ស្តីបន្ទោស​បន្ថែម និង វាយ​ធ្វើបាប​ទៀត ។ ថ្ងៃ​សម្រាលកូន​កាន់តែ​កៀក​ជិត​មកដល់ ដោយ​មិនដឹង​ទៅ​ពឹង​អ្នកណា​ឡើយ បើ​ប្តី​ក្មេង​នោះ គេ​លែង​រវល់​ជាមួយ​នាង​ខ្ញុំ​ហើយ​នោះ ដូច្នេះ​មានតែ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ដើម្បីឱ្យ​ចាស់ទុំ ក្នុងភូមិ​ជួយ ។

គិត​ឃើញ​វិធី​នេះហើយ​នាង​ខ្ញុំ​ក៏បាន​ប្រមូល​សម្លៀកបំពាក់​ចាស់ៗ​ដែលមាន និង ថវិកា​តិចតួច ស្ពាយ​បង្វេច​ឡើង​រថយន្ត​ទាំង​ពោះធំ​មកកាន់​ស្រុកកំណើត ។ នៅពេល​មកដល់​ស្រុកកំណើត​ទាំង​ពោះធំ​បែបនេះ ចាស់ៗ​ក៏ សួ​នាំ​រឿង​ប្តី​មិនឃើញ​មកជា​មួយ​អីចឹង នាង​ខ្ញុំ បាន​សម្រក់​ទឹកភ្នែក ហើយ​ប្រាប់​ចាស់ទុំ​ទាំងនោះ ថា «​គេ​មាន​ថ្មី​ទៀតហើយ !» ។ ពេល​សម្រាល​បានកូន​ប្រុស​ម្នាក់​រួចរាល់​ហើយ​នោះ ជីវិត​នាង​ខ្ញុំ​បាន​រស់​ដោយសារ​ញាតិ ជិតខាង​ជួយ​ចិញ្ចឹម មិនបាន​កន្លះ​ខែ​ផង​នាង​ខ្ញុំ​ត្រូវ​ចាប់ផ្តើម​ដើរ​ស៊ីឈ្នួល​គេ ដូចជា​បោកគក់​ខោ អាវ​ឱ្យ​អ្នកភូមិ​ជាដើម ដោយ​ផ្ញើ​កូនប្រុស​នេះ​នៅ​ជាមួយ​ចាស់ៗ​ក្បែរ​គ្នា ។

ទុក្ខ​ស្រី​ប្តី​ក្មេង​រត់ចោល​ទៅរក​ស្រី​ថ្មី​

ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជីវិត​របស់ខ្ញុំ​កាន់តែ​ដុនដាប​ទៅៗ ប្រឹង​ទាំង​សរសៃ​ខ្ចី មួយថ្ងៃ​កាត់​មួយថ្ងៃ​កោរ ស្គាល់​តែ​ក្តី​ទុក្ខ លំបាក ទម្រាំ​កូនប្រុស​ធំ​បាន​ប៉ុន​នេះ​ក៏​ជីវិត​ខ្ញុំ​នៅ តែ​លំបាក​ដដែល គ្រាន់តែ​ថា​វា​មិន​ដូច​កាល កូនប្រុស​នៅ​តូច ។ សព្វថ្ងៃនេះ​ក្រៅពី​ដើរ​ស៊ីឈ្នួល​គេ​ពីរ​នាក់​ម្តាយកូន​គឺ​ពុំមាន​មុខរបរ​អ្វី​ឡើយ ដីស្រែ​ក៏​គ្មាន​ដែរ​» ។ ជាមួយគ្នានេះដែរ​លោក ស្រេង ស្រ៊ា​ន ជា មេភូមិ​សុធា និង អ្នក​មីង វុន ស្រី បានឱ្យដឹងថា ស្ត្រី​ជា​ម្តាយ និង កូនប្រុស​ម្នាក់នេះ​ពិតជា​រស់នៅ​លំបាក​វេទនា​ខ្លាំងណាស់ មួយជីវិត​នេះ​ស្គាល់​តែ​ពាក្យ​ថា​ដើរ​ស៊ីឈ្នួល​គេ រក​មួយថ្ងៃ ហូប​មួយថ្ងៃ​មិន​គ្រប់​ផង ។ លើសពីនេះទៅទៀត​នោះ​មុន​បែកបាក់​គ្នា​ត្រូវ​ប្តី​វាយ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ និង មាន​ស្រី​ថ្មី បោះបង់​នាង និង កូន ចោល​លែង​នឹកនា​អើពើ​អ្វី​ទាំងអស់​ទោះជា​រូបនាង និង កូន​ជួប​ការលំបាក​យ៉ាងណាក្តី ៕​លី​លី​

​ ​ ​ ​