អ៊ីរ៉ង់​និង​ស.រ.អា.​ដោះដូរ​អ្នកទោស​ជាប់​ពន្ធនាគារ​ខណៈ​ដែល​កិច្ចចចារ​នុយក្លេអ៊ែរ​ត្រូវ​បាន​បញ្ចប់

អ៊ីរ៉ង់​និង​ស.រ.អា.​ដោះដូរ​អ្នកទោស​ជាប់​ពន្ធនាគារ​ខណៈ​ដែល​កិច្ចចចារ​នុយក្លេអ៊ែរ​ត្រូវ​បាន​បញ្ចប់

លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​របស់​អាមេរិក​ចាប់​ដៃ​ជាមួយ​លោក Mohammad Javad Zarif រដ្ឋ​មន្រ្តី​ការបរទេស​របស់​អ៊ីរ៉ង់ នៅ​ក្រោយ​ការ​ពិភាក្សា​ចុង​ក្រោយ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ នៅ​ក្នុង​ក្រុង​វីយែន កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។

ប្រទេស​អ៊ីរ៉ង់ ​និង​សហរដ្ឋ​អាមេរិក​បាន​ដោះលែង​អ្នកទោស​ជាប់​ពន្ធនាគារ​របស់​ខ្លួន​រៀងៗ​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ការ​ដោះដូរ​គ្នា​ដ៏​ស្មុគស្មាញ​មួយ​ ដែល​បាន​ព្រមព្រៀង​គ្នា​មុន​ពេល​ដែល​មន្រ្តី​ការ​ទូត​នៅ​ទីក្រុង​វីយែន​ (Vienna) គ្រោង​នឹង​ប្រកាស​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​បណ្តា​ប្រទេស​មហាអំណាច​នឹង​ប្រទេស​អ៊ីរ៉ង់។ ​

ប្រជាពលរដ្ឋ​អាមេរិកាំង​ដែល​គេ​គ្រោង​នឹង​ដោះលែង​ រួម​មាន​ទាំង​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​សារព័ត៌មាន​ Washington Post គឺ​លោក Jason Rezaian ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​៥០០​ថ្ងៃ​ពី​បទ​ឈ្លប​យកការណ៍​សម្ងាត់​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក ប្រធាន​គ្រប់គ្រង ក្រុម​គ្រួសារ​ និង​មិត្តភក្តិ​របស់​លោក​ អះអាង​ម្តង​ហើយម្តង​ទៀត​ថា​ជា​រឿង​មិន​ពិត។ គ្រូ​គង្វាល​សាសនា​គ្រិស្ត​ម្នាក់​ និង​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អ៊ីរ៉ង់​ម្នាក់​ ដែល​ជា​សមាជិក​នៃ​កងទ័ព​ជើង​ទឹក​អាមេរិក​ក៏​នឹង​ត្រូវ​បាន​ដោះលែង​ផង​ដែរ។ សរុប​មក ប្រទេស​អ៊ីរ៉ង់​បាន​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​ចំនួន​៥​នាក់​ហើយ។ នេះ​បើ​យោង​តាម​ក្រុម​មន្រ្តី​របស់​អាមេរិក។

នៅ​ក្នុង​ទីក្រុង​វីយែន​ (Vienna) ដែល​មន្រ្តី​ការ​ទូត​បាន​ជួបប្រជុំ​គ្នា​ដើម្បី​រង់ចាំ​សេចក្តី​ប្រកាស​ថា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់​នឹង​ត្រូវ​អនុវត្ត ក្រុម​មន្រ្តី​របស់​អាមេរិក​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​ក្នុង​ដោះលែង​អ្នកទោស​ជាប់​ពន្ធនាគារ​គឺ​ជា​លទ្ធផល​នៃ​ការ​ចរចា​គ្នា​រយៈពេល​១៤​ខែ​ និង​កាល​ពី​២៤​ម៉ោង​មុន​ផង​ដែរ។ ពួកគេ​ចៀសវាង​ហៅ​ការ​រៀបចំ​នេះ ថា​ជា​ការ​ដោះដូរ​អ្នកទោស ដោយ​ហៅ​វា​ថា​ជា​សកម្មភាព​មនុស្សធម៌​ជំនួស​វិញ។

សហរដ្ឋ​អាមេរិក​កំពុង​តែ​ដោះលែង​ជនជាតិ​អ៊ីរ៉ង់​ចំនួន​៧​នាក់​ ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ ឬ​កំពុង​តែ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំពាន​ទណ្ឌកម្ម​សេដ្ឋកិច្ច។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​សង្ខេប​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​កំពុង​តែ​លើកលែង​ទោស​ឲ្យ​អ្នកទាំង​៧​នាក់​នោះ ហើយ​ក៏​នឹង​ច្រានចោល​បទ​ចោទ​ទៅ​លើ​ជនជាតិ​អ៊ីរ៉ង់​ចំនួន​១៤​នាក់​ផ្សេង​ទៀត​ដែល​នៅ​ក្រៅ​ប្រទេស​ផង​ដែរ៕