ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ការ​ផ្គត់ផ្គង់​លក់​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​សន្ទុះ​នោះ សកម្មភាព​ជួល​ហាក់ដូចជា​មាន​តិចតួច​ប៉ុណ្ណោះ ម្យ៉ាងទៀត ជនបរទេស​ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​អាច​ក្លាយជា​ម្ចាស់​អគារ​ខុន​ដូ​បាន​ដែរ តែ​ចាប់ពី​ជាន់​ទី​១​ឡើង​ទៅ ជា​ពិសេស ប្រជាពលរដ្ឋ​កម្ពុជា​មិន​ទាន់​មាន​ទម្លាប់​ស្នាក់​នៅ​ខុន​ដូ​នៅឡើយ ។

លោក ប៉ូ អ៊ា​វ​គង់ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ បានឱ្យ​ដឹង​ថា ៖ « វា​ជា​រឿង​មួយ​ពិបាក​ក្នុង​ការ​កំណត់​ពី​ចំនួន​ជនបរទេស ដែល​ជួល​ខុន​ដូ​នៅ​ស្រុក​ខ្មែរ ដោយសារ​តែ​ម្ចាស់​ខុន​ដូ​នីមួយ​ៗ​មិន​បាន​ផ្ដល់​តួលេខ​ជាក់លាក់​ដល់​ក្រសួង​ពាក់ព័ន្ធ ឬ​មន្ត្រី​រដ្ឋាភិបាល តែបើ​តាម​ការ​សង្កេត​មើល​សព្វថ្ងៃ ការ​ជួល​ខុន​ដូ​មាន​កំណើន​តិចតួច​ប៉ុណ្ណោះ » ។

លោក​បន្ត​ថា ៖ « នៅ​ក្នុង​អាស៊ាន លំហូរ​នៃ​អ្នក​វិនិយោគ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​នឹង​មាន តែ​សម្រាប់​កម្ពុជា លំហូរ​អ្នក​វិនិយោគ​របស់​យើង​ទៅ​វិនិយោគ​នៅ​ប្រទេស​គេ ប្រហែលជា​តិច​ជាង​អ្នក​វិនិយោគ​គេ​មក​វិនិយោគ​នៅ​ស្រុក​យើង ទាំងនេះ​ដែល​យើង​រំពឹង​ថា ការ​ផ្គត់ផ្គង់​ខុន​ដូ​អាច​នឹង​ល្អ ។ តែ​អ្វី​ដែល​យើង​មើលឃើញ​សព្វ​ថ្ងៃនេះ គឺ​តម្រូវការ​អ្នក​ជួល​ខុន​ដូ​មាន​តិចតួច​នៅឡើយ ក្នុង​មួយ​ឆ្នាំ​មាន​ប្រមាណ​តែ​៥%​ប៉ុណ្ណោះ ដែល​ខុស​ពី​សកម្មភាព​នៃ​ការ​ផ្គត់ផ្គង់​ខុន​ដូ​ទៅ​វិញ » ។

លោក​បន្ថែម​ទៀត​ថា ៖ « ខុន​ដូ​មួយ​ចំនួន​ដែល​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ មាន​អ្នក​មក​ទទួល​សេវា​មិន​ដល់​៥០%​នោះ​ទេ​នៅ​តាម​តំបន់​មួយ​ចំនួន ដូច​ជា​នៅ​បឹង​កេងកង និង​ទួល​គោក ជាដើម លើកលែងតែ​ខុន​ដូ​នៅ​កាំ​កូ​ស៊ី​ធី ដែល​អាច​ទទួល​បាន​អ្នក​ស្នាក់​នៅ​ខុន​ដូរ​ហូត​ដល់​ជាង​៧០% » ។

ចំណែក​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong ក៏​បានឱ្យ​ដឹង​ដែរ​ថា ៖ « ពាក់ព័ន្ធ​នឹង​វិស័យ​ខុន​ដូ​នេះ គឺ​មានការ​ផ្គត់ផ្គង់​ច្រើន ហើយ​មាន​អ្នកលក់ និង​អ្នកទិញ ។ សម្រាប់​អ្នកទិញ គឺ​ងាយស្រួល​បន្តិច តែបើ​ទិញ​ហើយ​ចង់​លក់​បន្ត ដំណាក់កាល​នេះ​ពិបាក​បន្តិច និង​ត្រូវការ​ចំណាយពេល​យូរ ហើយ​បើ​និយាយ​ពី​ការ​ជួល​វិញ ក៏​នៅ​តែ​មាន​សកម្មភាព​ធម្មតា​ៗ ព្រោះ​ចំនួន​ខុន​ដូ​ដែល​ជួល​មាន​ចំនួន​តិចតួច​នៅឡើយ តែ​នៅ​ពេល​ខាង​មុខ​អាច​នឹង​ពិបាក​បន្តិច » ។

លោក​បន្ត​ថា ៖ « នៅ​ពេល​នេះ សកម្មភាព​ជួល​នៅ​មាន​ជា​ធម្មតា តែ​នៅ​ពេល​ដែល​គម្រោង​ខុន​ដូ​ធំ​ៗ​មួយ​ចំនួន​បាន​សម្រេច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ខាង​សកម្មភាព​ជួល​ខុន​ដូ​អាច​នឹង​មាន​ផល​ប៉ះពាល់ ដោយសារ​តែ​មានការ​ប្រកួតប្រជែង​ច្រើន ។ ដូចនេះ បើសិន​មិន​មាន​ភាពរឹងមាំ ឬ​លំហូរ​មនុស្ស​ស្នាក់​នៅ​ខុន​ដូ​មិន​ច្រើន​ទេ​នោះ ការ​ជួល​នឹង​គ្មាន​ការ​កើនឡើង​ទេ ឬ​កាន់តែ​ថយ​ទៅ​វិញ » ។

លោក​បញ្ជាក់​ថា ៖ « នៅ​ចុងឆ្នាំ​២០១៥​កន្លង​មកនេះ ការ​ទិញ​លក់​ខុន​ដូ ហាក់ដូចជា​មិន​ខ្លាំង​ដូច​កាលពីដើម​ឆ្នាំ​២០១៥​ទេ តែ​តម្លៃ​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ ហើយ​នៅ​ឆ្នាំ​ខាង​មុខ​ទៀត ក៏​នៅ​មិន​ទាន់​ដឹង​ថា វិស័យ​មួយ​នេះ​នឹង​កើនឡើង​កម្រិត​ណា​ដែរ ដោយសារ​តែ​តម្រូវការ​ខុន​ដូ ឬ​អា​ផាត់​មែន ទើបតែ​មាន​ច្រើន​ក្នុង​រយៈពេល​ខ្លី​កន្លង​មកនេះ​ប៉ុណ្ណោះ » ៕