ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ថ្នាក់​ទី​១ (​ប៉េ​កាំ​ង សៀង​ហៃ ក្វា​ង​ចូ​វ និង Shenzhen) និង​ថ្នាក់​ទី​២ (Tianjin, Chongqing និង Chengdu) របស់​ប្រទេស​ចិន​នឹង​កើន​ជា​មធ្យម​នៅ​ឆ្នាំ​២០១៦​នេះ ខណៈ​ដែល​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ថ្នាក់​ទី​៣ (Hangzhou និង Chongqing) អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ចំ​ពេល​ដែល​មាន​តម្រូវការ​ទំនិញ​សារពើ​ភ័​ណ្ឌ និង​ផ្ទះល្វែង​ខ្ពស់​។ នេះ​បើ​យោង​តាម​ការ​ព្យាករ​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន UBS AG ។

ទីក្រុង​នាំមុខ​ទាំង​៤​របស់​ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើងជា​មធ្យម​យ៉ាង​ហោច​ណាស់​៥% បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ថ្នាក់​ទី​២​របស់​ចិន មាន​កំណើន​ប្រចាំឆ្នាំ​នេះ​មិន​ដល់​៥% ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកស្រី Eva Lee  ប្រធាន​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន​អចលនទ្រព្យ UBS ។
អ្នកស្រី​បន្ថែម​ថា ៖ « តម្លៃ​ផ្ទះ​នៅ​បណ្តា​ក្រុង​ថ្នាក់​ទី​៣ ទំនងជា​មិន​កើនឡើង​ឡើយ ពីព្រោះ​ស្ថានភាព​ទីផ្សារ​មានការ​ផ្គត់ផ្គង់​លើស » ។

បើ​យោង​តាម​ក្រុមហ៊ុន UBS ឱ្យ​ដឹង​ថា បណ្តា​ទីក្រុង​ថ្នាក់ដំបូង​មាន​រូបរាង និង​សារពើ​ភ័​ណ្ឌ​ប្រសើរ​ជាង បើ​ធៀប​នឹង​ទីក្រុង​លំដាប់​ទី​២ គឺ​នឹង​មាន​តម្លៃ​កើនឡើង ។ ប៉ុន្តែ​ផ្ទះ​នៅ​តាម​បណ្តា​ទីក្រុង​ថ្នាក់​ទី​៣​វិញ នៅ​តែ​ប្រឈម​មុខ​នឹង​សារពើ​ភ័​ណ្ឌ​ខ្ពស់​ជាង​មុន ដែល​ត្រូវការ​ពេលវេលា​ដើម្បី​ដោះស្រាយ ។

ការ​ផ្គត់ផ្គង់​សរុប​នៃ​លំនៅ​ឋាន​ទូ​ទាំង​ប្រទេស​អាច​នឹង​ធ្លាក់​ចុះ​១៤% នៅ​ក្នុង​ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​តួលេខ​នេះ​ជា​អត្រា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​នៃ​បណ្តា​ទីក្រុង​ថ្នាក់​ទី​១ និង​ទី​២ ។

ក្រុមហ៊ុន UBS ឲ្យ​ដឹង​ថា តម្រូវការ​ផ្ទះ​នៅ​តាម​បណ្តា​ទីក្រុង​ថ្នាក់​ទី​១ និង​ទី​២ បាន​រើប​ឡើង​វិញ​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​តម្រូវការ​ផ្ទះ​នៅ​តាម​បណ្តា​ទីក្រុង​ថ្នាក់​ទី​៣ នឹង​មានការ​កើនឡើង​តិចតួច ៕