ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖  កំណើន​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ឃ្លាំង​ស្តុក​ទំនិញ​កំពុង​តែ​ធ្វើ​ឲ្យ​តម្លៃ​ជួល​ដី​នៅ​តំបន់ឧស្សាហកម្ម​កើនឡើង​ខ្ពស់ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Than Oo អនុប្រធាន​សមាគម​សេវាកម្ម​អចលនទ្រព្យ​មី​យ៉ា​ន់​ម៉ា ដែល​បាន​ប្រាប់​មី​យ៉ា​ន់​ម៉ា​ថែម​ស៍ ។

ក្នុង​នោះ​ដែរ ការ​ឡើងថ្លៃ​ជួល​នេះ​កំពុង​កើតឡើង​ស្ទើរ​គ្រប់​តំបន់​ទាំងអស់ ដែល​មាន​តម្លៃ​ចាប់ពី​២​លាន​ខ្យា​ដ​ក្នុង​មួយ​ខែ អាស្រ័យ​លើ​ទំហំ​ដី ស្ថានភាព​ផ្លូវ លក្ខខណ្ឌ​ផ្គត់ផ្គង់​ទឹក និង​អគ្គិសនី ។ ការ​ឡើងថ្លៃ​ជួល​នេះ បណ្តាល​មក​ពី​តំបន់ឧស្សាហកម្ម​មី​យ៉ា​ន់​ម៉ា​នៅ​មាន​កម្រិត​នៅឡើយ ។

ក្នុង​ចំណោម​រោងចក្រ​កាត់ដេរ​នៅ​តំបន់ឧស្សាហកម្ម​ដែល​កំពុង​ឡើងថ្លៃ​ជួល​នោះ រួម​មាន​តំបន់ Hlaing Tharyar និង Shwe Pyi Thar ដែល​តំបន់​ទាំង​ពីរ​នេះ​ផ្តល់​លក្ខណៈ​ងាយស្រួល​សម្រាប់​កម្មករ ។

ចំណែក​ឃ្លាំង​ផ្ទុកទំនិញ​ដែល​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដឹក​ជញ្ជូន​នោះ គឺ​មាននៅ​តាម​តំបន់ឧស្សាហកម្ម Mingalardone និង East Dagon ។ រីឯ​កំណើន​ថ្លៃ​ជួល​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ឧស្សាហកម្ម Myaung Dagar ដែល​ជា​កន្លែង​ស្តុក​វត្ថុធាតុដើម​ដែក និង​ដែកថែប ក៏​កំពុង​តែ​កើនឡើង​ផង​ដែរ ។

លោក Than Oo ថ្លែង​បន្ត​ថា ៖ « ផ្ទៃដី​ទំហំ​៥០ ទៅ​១០០​ម៉ែត្រការ៉េ​នៅ​ក្នុង​សង្កាត់ Dagon Seikan មាន​តម្លៃ​ដល់​២០​លាន​ខ្យា​ដ ខណៈ​ពេល​ដី​ដែល​មាន​ឃ្លាំង​ស្តុក​ទំនិញ​នៅ​តំបន់ឧស្សាហកម្ម Hlaing Tharyar មាន​តម្លៃ​ប្រមាណ​៨០០​លាន​ខ្យា​ដ​ឯណោះ ។ គួរ​កត់សម្គាល់​ផង​ដែរ​ថា ដី​ឧស្សាហកម្ម​ដែល​មាន​ទីតាំង​អំណោយផល​នោះ​កំពុង​តែ​ទាក់ទាញ​អ្នកទិញ ប៉ុន្តែ​ដោយសារ​តែ​តម្លៃ​ដី​កំពុង​តែ​ឡើងថ្លៃ​ស្រឺ​ត​ៗ​បែប​នេះ ម្ចាស់​ដី​ប្រហែលជា​មិន​លក់​ដី​ទាំងនោះ​ឡើយ » ។

អ្នកស្រី Daw Nilar Kyaw ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​តំបន់ឧស្សាហកម្ម East Dagon ឲ្យ​ដឹង​ថា ៖ « ការ​លក់​ដី​នៅ​សង្កាត់ in East Dagon, South Dagon និង Dagon Seikkan មានការ​ចុះ​ខ្សោយ ប៉ុន្តែ​តម្រូវការ​ជួល​ដី​សម្រាប់​ផ្ទុកទំនិញ និង​តម្លៃ បែរជា​កើនឡើង​ទៅ​វិញ ដែល​មាន​តម្លៃ​ចាប់ពី​៦​លាន​ខ្យា​ដ ដល់​១២​លាន​ខ្យា​ដ​ក្នុង​មួយ​ខែ​ៗ អាស្រ័យ​តាម​ទំហំ​ផ្ទៃដី » ។

អ្នកស្រី​បន្ថែម​ថា ៖ « ប្រតិបត្តិការ​ដីធ្លី​ភាគច្រើន​ជា​ការ​ជួល​ដោយសារ​តែ​ការ​ឡើងថ្លៃ​ដី បាន​ធ្វើ​ឲ្យ​ទាំង​អ្នកទិញ និង​អ្នកលក់​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទិញ​ដី​ស្របច្បាប់ » ៕