ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​សិង្ហ​បុរី ៖ ការ​ជួល​អា​ផាត​មិន​នៅ​សិង្ហ​បុរី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​ធ្លាក់​ចុះ​ចំ​ពេល​ដែល​ផ្ទះ​សាងសង់​ថ្មី​កំពុង​តែ​វាយលុក​ទីផ្សារ​។ ក្រុមហ៊ុន​អចលនទ្រព្យ ERA បាន​ព្យាករ​ថា នៅ​ឆ្នាំ​នេះ អត្រា​ធ្លាក់​ចុះ​នៃ​ការ​ជួល​អា​ផាត​មិន អាច​មាន​អត្រា​ចន្លោះ​ពី​៥% ទៅ​៨% ខណៈ​ដែល​ក្រុមហ៊ុន​ស្រាវជ្រាវ​អចលនទ្រព្យ​សកល Savills ឲ្យ​ដឹង​ថា វា​អាច​ធ្លាក់​ចុះ​ដល់​១០% ។

បើ​តាម​ការ​ស្ទាបស្ទង់​ដ៏​លឿន​របស់​ក្រុមហ៊ុន​វាយតម្លៃ​លើស​ន្ទ​ស្សន៍​អចលនទ្រព្យ SRX ឲ្យ​ដឹង​ថា កំណើន​អត្រា​ជួល​អា​ផាត​មិន គឺ​កើនឡើង​មិន​ដល់​០,១%​ផង​កាលពី​ខែ​មុន បើ​ធៀប​នឹង ខែវិច្ឆិកា ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​៥,៤% បើ​ធៀប​នឹង​ខែធ្នូ ឆ្នាំ​២០១៤ ។

អ្នកវិភាគ​ឲ្យ​ដឹង​ថា តួលេខ​នៃ​ការ​ជួល​អា​ផាត​មិន មាន​អត្រា​១៥% ដែល​ស្ថិត​នៅ​ក្រោម​តួលេខ​នៃ​ការ​ជួល​ក្នុង​ខែមករា ឆ្នាំ​២០១៣ ។ ការ​ធ្លាក់​ចុះ​នេះ​នៅ​តែ​បន្ត ដោយសារ​តែ​ការ​រឹត​បន្តឹង​គោលនយោបាយ​អន្តោប្រវេសន៍ និង​ការ​ផ្គត់ផ្គង់​ផ្ទះ​ថ្មី ។

ចំណែក​ក្រុមហ៊ុន​អចលនទ្រព្យ Knight Frank សិង្ហ​បុរី​រំពឹង​ថា ផ្ទះ​ចំនួន​២២.៣០០​ខ្នង​ផ្ទះ នឹង​ត្រូវ​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​នេះ ។

ប្រធាន​ផ្នែក​ប្រឹក្សា និង​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Knight Frank លោកស្រី Alice Tan បាន​មាន​ប្រសាសន៍​ថា ៖ « ពួក​យើង​មើលឃើញ​ថា ការ​ធ្លាក់​ចុះ​តម្រូវការ​ជួល​នៅ​តាម​តំបន់​ជាយក្រុង​បាន​ធ្វើ​ឲ្យ​មាន​កំណើន​ផ្ទះ​ឯកជន​ថ្មី​កើនឡើង​៥៥% នៅ​ឆ្នាំ​នេះ » ។

បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន SRX បង្ហាញ​ថា ការ​ព្យាករ​នៃ​ការ​ជួល​អា​ផាត​មិន​ឯកជន​មាន​ចំនួន​៣.០៩៣​ខ្នង​កាលពី​ខែ​មុន បើ​ធៀប​នឹង​ខែវិច្ឆិកា ចុះ​មក​នៅ​៧% ប៉ុន្តែ​បើ​ធៀប​នឹង​ខែធ្នូ ឆ្នាំ​២០១៤ គឺ​កើនឡើង​៦,៤% ។ អ្នកវិភាគ​ឲ្យ​ដឹង​ថា វា​អាច​បណ្តាល​មក​ពី​ប្រតិបត្តិការ​ញឹកញាប់ ខណៈ​ដែល​អ្នក​ជួល​ធ្វើ​កិច្ចសន្យាជួល​រយៈពេល​ខ្លី ។

ក្រុមហ៊ុន​ស្រាវជ្រាវ​អចលនទ្រព្យ​សកល Savills បាន​ប្រមើល​មើល​ថា តម្រូវការ​ជួល​អា​ផាត​មិន អាច​បន្ត​ចុះ​ខ្សោយ​ទៀត ខណៈ​ដែល​កញ្ចប់​ថវិកា​សម្រាប់​ផ្តល់​ការ​ស្នាក់​នៅ​ដល់​បុគ្គលិក​បរទេស​បាន​ធ្វើ​ឲ្យ​ទស្សនវិស័យ​សេដ្ឋកិច្ចជាតិ​ធ្លាក់​ចុះ ។

ក្រុម​អ្នកវិភាគ​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្លាក់​ចុះ​ដ៏​គំហុក​នៃ​ការ​ជួល​អា​ផាត​មិន​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជួល​ផ្ទះ​ជា​សាធារណៈ ។

តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន SRX បង្ហាញ​ថា ការ​ជួល​ផ្ទះល្វែង​បាន​ធ្លាក់​ចុះ​០,៦% នៅ​ខែវិច្ឆិកា និង​ធ្លាក់​ចុះ​៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

ក្រុមហ៊ុន​អចលនទ្រព្យ SRX បង្ហាញ​ថា តាម​ការ​ព្យាករ ផ្ទះ​ចំនួន​១.៨១៧​ខ្នង​ផ្ទះ​ត្រូវ​បាន​ជួល​កាលពី​ខែ​មុន កើនឡើង​១,៥%​នៅ​ខែវិច្ឆិកា និង​កើនឡើង​៨%​នៅ​ខែធ្នូ ឆ្នាំ​២០១៤ ។

ក្រុមហ៊ុន ERA ជឿជាក់​ថា តម្រូវការ​ជួល​ផ្ទះល្វែង​នៅ​តែ​ខ្លាំង ខណៈ​ដែល​ជនអន្តោប្រវេសន៍​កំពុង​ងាក​មក​ជួល​ផ្ទះល្វែង​ជំនួស​ការ​ជួល​អា​ផាត​មិន​ឯកជន ។ នេះ​បើ​តាម​ប្រសាសន៍​របស់​នាយក​ប្រតិបត្តិ លោក Officer Eugene Lim ។

បើ​តាម​ភ្នាក់ងារ​អចលនទ្រព្យ​រំពឹង​ថា ការ​ជួល​ផ្ទះ​នឹង​ធ្លាក់​ចុះ​ប្រមាណ​៣% នៅ​ឆ្នាំ​នេះ ។

នាយក​ប្រតិបត្តិ លោក Ismail Gafoor មាន​ប្រសាសន៍​ថា ៖ « ទីផ្សារ​ជួល​នៅ​តែ​បន្ត ហើយ​ម្ចាស់ផ្ទះ​ទាំងឡាយ​គួរតែ​ផ្តល់​តម្លៃ​ជួល​ឲ្យ​បាន​សមរម្យ​ផង​ដែរ ។ សម្រាប់​ផ្ទះ​ឯកជន​វិញ គឺ​មានការ​កំណើន​ជួល​ទ្វេ​ដង » ៕