អ្នក​លត់​អគ្គិភ័យ​បង្ខំ​ចិត្ត​លោត​តាម​បង្អួច ព្រោះ​ភ្លើង​ផ្ដើម​ឆេះខ្លួន

ភ្នាក់ងារពន្លត់អគ្គិភ័យ ជាតិចិនម្នាក់នេះ ចាំបាច់ត្រូវ«ហក់»រំដោះខ្លួន តាមបង្អួច ពីអណ្ដាតភ្លើង ដែល​កំពុង​ចាប់​ផ្ដើម​ឆាប​ឆេះ ទៅលើ​សម្លៀក​បំពាក់ ដែល​ភ្នាក់ងារ​នោះ​ពាក់។
អ្នកលត់អគ្គិភ័យ ត្រូវបង្ខំចីត្តលោតចេញតាមបង្អួចជាបន្ទាន់ ព្រោះភ្លើងចាប់ផ្ដើមឆាបឆេះ លើខ្លួនហើយ។

ហេតុការណ៍ បានកើតឡើង តាំងពីចុងខែធ្នូ ឆ្នាំកន្លងទៅ ប៉ុន្តែវីដេអូនៃគ្រោះថ្នាក់នេះ ទើបនឹងត្រូវ​បាន​យក​មក​បង្ហោះ ដោយទូរទស្សន៍ចិន កាលពីពេលថ្មីៗនេះ។ ខណៈពេលដែលក្រុមអ្នកពន្លត់អគ្គិភ័យ កំពុង​ធ្វើ​អន្តរាគមន៍ នៅក្នុងគ្រោះអគ្គិភ័យមួយ ដែលបានកើតឡើង នាងសង្កាត់ ស៊ាន (Xian) នៃក្រុង ជៀនលី (Jianli ក្នុងខេត្ត ហ៊ួបី ភាគកណ្ដាលប្រទេសចិន) ភ្នាក់ងារបម្រើការងារ ដ៏គ្រោះថ្នាក់នេះមួយរូប បានជាប់​ផុង​ខ្លួន នៅ​ក្នុង​អណ្ដាត​ភ្លើង ដែលបន្តឆាបឆេះ ក្នុងបន្ទប់ស្នាក់នៅ កាន់តែខ្លាំងឡើង រហូតរាលដាល​មក​ខ្លួន​ភ្នាក់ងារ​ម្នាក់​នេះ។

ដំណោះស្រាយភ្លាមៗ ដើម្បីឲ្យភ្នាក់ងាររងគ្រោះ អាចគេចខ្លួនបាន មានតែត្រូវបង្ខំចិត្ត លោតតាមបង្អួច ចេញ​មក​ខាងក្រៅប៉ុណ្ណោះ។ គេត្រូវនិយាយដែរថា បង្អួចនៃបន្ទប់ដែលភ្នាក់ងារលោតចេញមកនោះ មិនស្ថិត​នៅ​ជាន់​ខ្ពស់​នោះ​ទេ (ជានទី១?) ដែលអនុញ្ញាត​ឲ្យអ្នកលត់អគ្គិភ័យយើង អាចធ្លាក់មកដល់ក្រោម ដោយមិនជួប​គ្រោះថ្នាក់អ្វីធំដុំ។ ផ្ទុយទៅវិញ រាយកាយរបស់លោក បានត្រូវភ្លើងឆេះ រលាកផ្នែកសើរស្បែកខ្លះៗ ដោយ​សារ​បាន​ខោអាវពិសេស ដែលភ្នាក់ងារពាក់ជាប់នឹងខ្លួន បានជួយការពារភ្នាក់ងារយើង ឲ្យរួចផុតពីការ​ឆេះ​រលាក​ខ្លាំង។

យ៉ាងណាក៏ដោយ នៅពេលដែលទស្សនារូបភាពនេះ គេបាននឹកឃើញភ្លាម ទៅដល់បណ្ដាភ្នាក់ងារ ជួយ​សង្គ្រោះ​ទាំងឡាយ​ក្នុងលោក ដែលតែបានយកជីវិតរបស់ខ្លួន ទៅប្រឈមនឹងគ្រោះថ្នាក់ ដើម្បីគោល​បំណង​តែ​មួយ​គត់៖ នោះគឺសង្គ្រោះជីវិត​អ្នកដទៃ៕