សត្វ​ខ្លា«puma»​ដ៏​ចម្លែក​​មួយ​ក្បាល ដុះ​ចង្កូម​ថែម​នៅ​លើ​ក្បាល


សត្វខ្លា «puma» ឈ្មោលមួយក្បាល ដែលបានខាំឆ្កែ នៅក្នុងរដ្ឋ «Idaho» ភាគខាងលិច​នៃ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​​ព្រាន​​ប្រមាញ់​​ម្នាក់​​បាញ់​​សម្លាប់ កាលពីសប្ដាហ៍កន្លងទៅ។ ប៉ុន្តែ​ភាព​ចម្លែក បានកើតឡើងចំពោះ​អ្នក​ប្រមាញ់ និង​អ្នក​ស្រាវ​ជ្រាវ​អាមេរិក ដោយ​​សារ​តែ​​នៅ​ពី​លើ​ក្បាល របស់​សត្វ​ខ្លា​នេះ មាន​ចង្កូម​មួយជួរទៀត បានដុះលយចេញមក។
សត្វ​ខ្លា«puma»​ដ៏​ចម្លែក​​មួយ​ក្បាល ដុះ​ចង្កូម​ថែម​នៅ​លើ​ក្បាល

ធ្មេញចង្កូម ដុះពីលើក្បាលសត្វខ្លា«puma» នៅក្នុងរដ្ឋ«Idaho» ភាគខាងលិចនៃសហរដ្ឋអាមេរិក។ (រូបថតទ្វីសធើរ)

គឺជារបកគំហើញមួយ យ៉ាងចម្លែក ដែលព្រានប្រមាញមួយរូប នៅក្នុងរដ្ឋ«Idaho» ប្រទះឃើញ កាលពី​ថ្ងៃ​ទី៣០ ខែធ្នូកន្លងទៅ។ បន្ទាប់ពីលោកបានបាញ់សម្លាប់ សត្វខ្លា«puma»មួយក្បាល ដែលបានខាំឆ្កែ នៅ​ក្នុង​តំបន់រួច បុរសជាព្រាន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញមានទម្រង់ ជាធ្មេញ«ចង្កូម»​ចំនួន​ពីរ​ទៅ​បី បានដុះលយចេញ ពីលើក្បាលរបស់សត្វកំណាច។

របាយការណ៍មួយ របស់ទូរទស្សន៍អាមេរិក «CNN» បានឲ្យដឹងថា រូបថតនៃសាកសព របស់សត្វខ្លា ដែល​មានបង្ហាញ ពីបន្ដុំចង្កូមទាំងនោះ បានបន្តធ្វើឲ្យភ្ញាក់ផ្អើល ទៅកាន់អ្នកទទួលខុសត្រូវជាច្រើន នៅក្នុងតំបន់ ដោយពួកគេសុទ្ធតែបានអះអាងថា វាជារឿងមិនដែលធ្លាប់ឃើញ ពីមុនមកទាល់តែសោះ។

ក្រសួងរុក្ខាប្រមាញ់ នៃរដ្ឋ«Idaho» បានពន្យល់ថា ករណីធ្មេញដុះ នៅលើក្បាលសត្វខ្លានេះ វា​ជា​ធ្មេញ​​របស់​សត្វខ្លា «puma» ភ្លោះមួយក្បាលទៀត ដែលមិនបានបង្កកំណើត ដោយបណ្ដាច់ខ្លួន ដាច់ដោយ​ឡែក នៅ​ពេល​សត្វខ្លា «puma» ភ្លោះទាំងពីរក្បាល មានជីវិតដំបូងនៅក្នុងពោះម្ដាយ របស់ពួកវា។

ដោយ​សារ​តែ​មិន​អាច​បណ្ដាច់​ខ្លួនបានដូច្នេះ ទើបកំណជីវិត នៃទារក«puma»មួយ បាននៅ​ជាប់​ជាមួយ​​នឹង​កំណ​ជីវិត នៃទារក​«puma»​មួយ​ទៀត ដែលមានកម្លាំងខ្លាំងជាង។ ហើយកំណជីវិត នៃទារក​«puma»​ដែល​ខ្លាំង​ជាង​នេះ បាន​រស់​រាន​មានរាយកាយត្រឹមត្រូវ រហូតបានកើតចេញពីពោះម្ដាយ ដោយនាំ​មក​ជាមួយ​ខ្លួន នូវកំណ​ជីវិត​សត្វ​ភ្លោះ​បេះ​មិន​ចេញ ហើយ​ដែល​បាន​ក្លាយជាចង្កូម នៅ​ជាប់​​នឹង​ក្បាល​របស់​វា មក​ដល់​ពេល​បច្ចុប្បន្ន ។

សូមជម្រាបជូនដែរថា សត្វខ្លា«puma»មានចំនួនច្រើនគួរសម រស់នៅក្នុងតំបន់ព្រៃភ្នំ នៃរដ្ឋ«Idaho»។ វា​អាច​ស្វែងរកចំណីរបស់វា ដោយធ្វើការផ្លាស់ទីជាញឹកញាប់ ទៅកាន់តំបន់ស្រែចំការ ដែលមាន​មនុស្ស​រស់នៅ និង​ទៅកាន់តំបន់ ដែលមានសីតុណ្ហភាពក្ដៅ៕

-------------

» រូបភាពមួយទៀត ដែលបង្ហាញពីចង្កូម ដុះពីលើក្បាលសត្វខ្លា«puma»​យ៉ាងច្បាស់៖

សត្វ​ខ្លា«puma»​ដ៏​ចម្លែក​​មួយ​ក្បាល ដុះ​ចង្កូម​ថែម​នៅ​លើ​ក្បាល