ការចូលរួម​សម្អាត​បរិស្ថាន​របស់​កុមារ ជាការ​បណ្តុះ​ស្មារតី ស្រឡាញ់​បរិស្ថាន​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​សង្គម

ខេត្តសៀមរាប: ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ អង្គភាព​គ្រប់គ្រង​ប្រព័ន្ធ​បរិស្ថាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័ន​ធានា​គុណភាព​ជប៉ុន (JQA) និង​មន្ទីរអប់រំ​ខេត្តសៀមរាប បាន​យក​អំណោយ​និង​បណ្ណ​សរសើរ​ទៅ​ប្រគល់ជូន​សិស្សានុសិស្ស​ដែល​ទទួលបាន​ជ័យលាភី​លើ​ប្រធានបទ​អប់រំ​បរិស្ថាន នៅ​សាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុង​ស្រុក​អង្គរធំ ខេត្តសៀមរាប​។​

​កម្មវិធី​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក សុខ លក្ខិណា ប្រធាន​អង្គភាព​គ្រប់គ្រង​បរិស្ថាន (EMS) គណៈប្រតិភូ​មកពី​ស្ថាប័ន JQA មាន​លោក Satoru Kishino ជា​ប្រធាន​ផ្នែក លោក លី បុ​ណ្ណា អនុប្រធាន​មន្ទីរអប់រំ ខេត្តសៀមរាប លោក ផល សុវណ្ណ នាយក​សាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ថ្នាក់​ទី​៥-៦ ចូលរួម​ជា​កិត្តិយស​។​

​លោក Satoru Kishino មាន​លើកឡើងថា ការប្រគល់​បណ្ណ​សរសើ​រ​
​គឺធ្វើឡើង​ដើម្បី​អបអរ​ដល់​ជ័យលាភី​ដែល​កុមា​រទាំង​៦​ក្រុម​ធ្វើបាន​សម្រេច​នូវ​លទ្ធផល​ការងារ​របស់ខ្លួន​ល្អប្រសើរ ក្នុង​រយៈពេល​២​ខែ ក្រោយពី​ទទួលបាន​ប្រធានបទ​។

​លោក​សប្បាយចិត្ត​ណាស់ ដែល​ឃើញ​ពួកគេ​សកម្ម​ក្នុង​ការងារ ធ្វើ​ការងារ​បានល្អ យល់​ពី​អនាម័យ​បរិស្ថាន ពិសេស​មានការ​ផ្លាស់ប្តូ​រ​ឥរិយាបថ ចំពោះ​បរិស្ថាន​នៅក្នុង សាលា​និង​សហគមន៍​របស់​ពួកគេ​។​

​លោក​បន្តទៀតថា មិន​ថា​នៅទីនេះ​ទេ នៅ​កន្លែង​ខ្លះ​នៃ​ប្រទេស​ជប៉ុន​ក៏មាន​បរិស្ថាន​មិន​ស្អាត​ដែរ តែ​ការ​ផ្តើមចេញពី​យើងទាំងអស់គ្នា ក្នុងការ​សម្អាត​បរិស្ថាន នឹងធ្វើ​ឱ្យ​គ្រប់​ទីកន្លែង​មាន​បរិយាកាស​ល្អ​ស្អាត ហើយ​លោក​នឹង​បន្ត​ការចូលរួម ជួយ​អប់រំ​បរិស្ថាន​ដល់​សាលា​ផ្សេងៗ​ទៀត នៅក្នុង​ឧទ្យាន​អង្គរ បន្ទាប់ពី​ចប់​បេសកម្ម​នៅ​សាលា​នេះ​។​

​លោក សុខ លក្ខិណា ក៏បាន​លើកឡើង​ដែរ​ថា ការងារ​សម្អាត​បរិស្ថាន​សំខាន់​ណាស់ ក្នុងការ​ធានា​នូវ​និរន្ត​ភាព​អង្គរ កាលណា​បរិស្ថាន​មិនល្អ វា​នឹង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ ប្រជា​សហគមន៍ និង​តំបន់​អង្គរ​ទាំងមូល​។ រីឯ​ការចូលរួម​រប​ស់​កុមារ​ក្នុង​កិច្ចការ​នេះ ធ្វើឱ្យ​ពួកគេ​មាន​ស្មារតី​ស្រឡាញ់​និង​ចេះដឹង​ខ្លួនឯង​ផង និង​បាន​ចូលរួម​ចំណែក​ក្នុងការ​ផ្តល់ព័ត៌មាន និង​អប់រំ​បន្ត​ដល់​សហគមន៍ គ្រួសារ​ចាស់ៗ​ងាយ​ពេញ​ចិត្ត​ស្តាប់​និង​ទទួលយក​។​

​លោក​ក៏​សម្តែង​នូវ​ការ​អរគុណ​ដល់​ស្ថាប័ន JQA ដែល​បាន​ចុះមក​វាយតម្លៃ ផ្តល់​បច្ចេកទេស និង​អនុសាសន៍​ជាច្រើន​ក្នុងការ​ធ្វើឱ្យ​បរិស្ថាន​ស្អាត ហើយ​អាជ្ញាធរ​ជាតិ​
​អប្សរា​នឹង​បន្ត​កិច្ចសហការ ព្រមទាំង​ផ្សព្វផ្សាយ​បន្ត​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្ត​និង​យល់ដឹង​ឱ្យបាន​ទូលំទូលាយ​។​

​តំណាងឱ្យ​ក្រុម​ទាំង​៦ ដែល​បានទទួល​ជោគជ័យ​ក្នុង​កម្មវិធី​អប់រំ​បរិស្ថាន​លើ​ប្រធានបទ​របស់ខ្លួន​អំពី​ការបោះ​សំរាម​និង​សត្វ​ស្លាប់​ចូលក្នុង​ទឹក​ត្រពាំង កុមារី ហឿ​ប ស៊ីណា រៀន​ថ្នាក់​ទី​៦​មានមតិ​ថា បរិស្ថាន​ស្អាត​ត្រូវការ​ការចូលរួម​ពី​ខ្លួន​យើង អ្នកភូមិ និង​អ្នក​នៅ​ជុំវិញខ្លួន​យើង​។

​ប្អូន​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​ពេល​ចុះទៅ​អនុវត្ត​ការងារ អ្នកភូមិ​ក៏មាន​ការយល់ដឹង ឈប់​បោះ​សំរាម​និង​សត្វ​ស្លាប់​ក្នុង​ទឹក​ត្រពាំង​ទៀត​។ ប្អូន​ប្តេជ្ញា​នឹង​បន្តការងារ​សម្អាត​បរិ​ស្ថាន​នេះ​ជានិច្ច​ទោះ​កម្មវិធី​នេះ​បានបញ្ចប់​ក៏ដោយ​។​

​លោកនាយក​សាលា ផល សុវណ្ណ ក៏​សម្តែង​នូវ​ចំណាប់អារម្មណ៍​និង​អរគុណ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​និង​ស្ថាប័ន JQA ដែល​បាន​រើសយក​សាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ជា​គោលដៅ​ក្នុង​ការអប់រំ​បរិស្ថាន​។ ការសម្អាត​បរិស្ថាន មិនមែន​ដើម្បី​លម្អ​ភ្នែក​ទេសចរ​តែមួយ​មុខ​ទេ តែ​ជា​ប្រយោជន៍​ចម្បង​សម្រាប់​មនុស្ស​គ្រប់រូប ទាំង​ជីវភាព​គ្រួសារ អង្គភាព​ការងារ សាលារៀន មន្ទីរពេទ្យ ផ្ទះ សហគមន៍​ត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បីឱ្យ​យើង​បាន​ស្អាត​។​

​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​បំណង​ឱ្យ​កុមារ​ទាំងអស់​បាន​ចូលរួម​ថែរក្សា ការពារ សម្អាត និង​យល់ដឹង​អំពី​បរិស្ថាន​បានល្អ ទាំង​នៅផ្ទះ សាលារៀន និង​សហគមន៍​។ កម្មវិធី​នេះដែរ​បានដាក់​ប្រធានបទ​ដូចជា ការសម្អាត​បរិស្ថាន​ក្នុង​សាលារៀន សួនច្បារ ដងផ្លូវ ការថែរក្សា​បង្គន់ និង​ការបោះ​សំរាម​និង​សត្វ​ស្លាប់​ក្នុង​ត្រពាំង​ជាដើម​។

​សិស្សានុសិស្ស​ទាំងអស់​បាន​ចូលរួម​ឆ្លើយ​សំណួរ និង​ធ្វើ​ការងារ​នេះ អស់​រយៈពេល​២​ខែ ដោយមាន​ការណែនាំ និង​វាយតម្លៃ​ពី​ក្រុមការងារ​អង្គភាព​គ្រប់គ្រង​បរិស្ថាន​អង្គរ ស្ថាប័ន ​JQA និង​គ្រូ​បន្ទុក​ថ្នាក់​ផ្ទាល់ មុននឹង​ទទួលបាន​បណ្ណ​សរសើរ​នៅថ្ងៃនេះ​៕​

ការចូលរួម​សម្អាត​បរិស្ថាន​របស់​កុមារ ជាការ​បណ្តុះ​ស្មារតី ស្រឡាញ់​បរិស្ថាន​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​សង្គម

ការចូលរួម​សម្អាត​បរិស្ថាន​របស់​កុមារ ជាការ​បណ្តុះ​ស្មារតី ស្រឡាញ់​បរិស្ថាន​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​សង្គម

ការចូលរួម​សម្អាត​បរិស្ថាន​របស់​កុមារ ជាការ​បណ្តុះ​ស្មារតី ស្រឡាញ់​បរិស្ថាន​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​សង្គម

ការចូលរួម​សម្អាត​បរិស្ថាន​របស់​កុមារ ជាការ​បណ្តុះ​ស្មារតី ស្រឡាញ់​បរិស្ថាន​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​សង្គម

ការចូលរួម​សម្អាត​បរិស្ថាន​របស់​កុមារ ជាការ​បណ្តុះ​ស្មារតី ស្រឡាញ់​បរិស្ថាន​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​សង្គម

ការចូលរួម​សម្អាត​បរិស្ថាន​របស់​កុមារ ជាការ​បណ្តុះ​ស្មារតី ស្រឡាញ់​បរិស្ថាន​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​សង្គម