លោក កឹម សុខា ប្រកាស​ជាលើកទី២​ថា ឈប់ឈ្លោះ ឈប់ឆ្លើយ (មានវិដេអូ)

ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសជាថ្មីទៀត មិនឲ្យមន្រ្តីរបស់លោក ឆ្លើយតបទៅភាគីម្ខាងទៀតទេ។ការប្រកាសរបស់ លោកម្តងទៀត ធ្វើឡើងបន្ទាប់ពីកាលពី ថ្ងៃទី១២ មករា កន្លងមកនេះ លោកកឹម សុខា  បានប្រកាសចេញ នូវយុទ្ធសាស្រ្ត សកម្មភាព «ឈប់ឈ្លោះ ឈប់ឆ្លើយ»។

ទោះបីជាលោក កឹម សុខា មិនបានបញ្ចេញឈ្មោះ ចំអ្នកណាក៏ដោយ ប៉ុន្តែគេគ្រប់គ្នាច្បាស់ ជាដឹងហើយថា គ្មានអ្នកណាក្រៅពីថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា នោះទេ។

លោក កឹម សុខា បានមានប្រសាសន៍ក្នុងវេទិកា សកម្មជនមូលដ្ឋាន ថ្ងៃទី១៧ មករា នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ថា “យើងមិនបាច់ឆ្លើយឆ្លង អ្វីដែលគេហាមយើងនោះទេ ហើយយើងមិនបាច់ឈ្លោះជាមួយអ្នកណាទៀត មិនឆ្លើយ មិនឈ្លោះ។ អាឆ្លើយគ្នា១០-២០ឆ្នាំ ហើយឈ្លោះគ្នា១០-២០ឆ្នាំហើយ តើចប់ទេរឿង? អត់ចប់។ យើងជាតួកំសត់ត្រូវដំបងរាល់តែថ្ងៃ ។ យើងតួកំសត់ យើងពិបាករាល់តែថ្ងៃ ។ យើងវេទនាណាស់បងប្អូនអ្នកដែលពិបាក់ជាងគេ គឺសកម្មជននៅជាមួយ កឹម សុខា”។

ទាក់ទងករណីនេះកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិភាគ និងអ្នកតាមដានព្រឹត្តិការណ៍ នយោបាយ នៅកម្ពុជា កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះឥរិយាបថ របស់មេដឹកនាំ គណបក្សនយោបាយនានា ជាពិសេសបក្សប្រឆាំងនិងបក្សកាន់អំណាច។ ក្នុងនោះទាំងក្រុមអ្នកវិភាគ និងអ្នកតាមដានព្រឹត្តិការណ៍ សង្គមបានឲ្យ ដឹងទៀតថា ការលើកឡើងរបស់ លោក កឹម សុខា គ្រាន់តែជាការដោះទាល់ប៉ុណ្ណោះ៕

លោក កឹម សុខា ប្រកាស​ជាលើកទី២​ថា ឈប់ឈ្លោះ ឈប់ឆ្លើយ (មានវិដេអូ)

ប្រសាសន៍របស់ លោក កឹម សុខា ប្រធានស្តីទី ថ្លែងទៅកាន់សកម្មជនក្នុងមូលដ្ឋាន ។ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦

Posted by Kem Sokha on Saturday, January 16, 2016