រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ

រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ។ សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា បាន​បញ្ជាក់​ថា គណៈកម្មាធិការ​ថ្មី​នេះ​មាន​សមាសភាព​មក​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

ប្រធាន​គណៈកម្មាធិការ​នេះ គឺ​លោក សៅ សុខា ដែល​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ហ៊ូ សាគុណ ជា​អនុប្រធាន។ ស្រប​គ្នា​នេះ មាន​តំណាង​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន និង​អភិបាល​ខេត្ត​ចំនួន​៦ ជា​សមាជិក ក្នុង​នោះ​រួម​មាន អភិបាល​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​កំពង់ចាម។

គណៈកម្មាធិការ​នេះ មាន​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន ដូចជា ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃ​ឈើ​នានា​នៅ​ភាគ​ឦសាន​នៃ​ប្រទេស ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​នាំ​ឈើ​ល្មើស​ច្បាប់ ចាប់​ជនល្មើស និង​វត្ថុ​តាង ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ និង​សហការ​ជាមួយ​ភាគី​វៀតណាម និង​ឡាវ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។

ទាក់ទិន​នឹង​ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​នេះ ដើម្បី​ចង់​បាន​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​ច្រើន​ជាង។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ទៀត​ថា រាជ​រដ្ឋាភិបាល ត្រូវ​ដក​អាជ្ញាប័ណ្ណ​ពី​ឯកជន ឬ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​ទាំងអស់ ព្រម​ទាំង​ហាមប្រាម​មិន​ឲ្យ​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​គ្រប់​រូបភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។