ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖​ សិស្ស​ក្រីក្រ​ចំនួន​៧០០​នាក់​ ដែល​មក​ពី​៥០សាលា ​រួមមាន ​ក្រុង​ពោធិ៍សាត់ ស្រុក​បាកាន ស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​ភ្នំក្រវាញ បាន​ទទួល​កង់​ម្នាក់​មួយ​ សម្រាប់​ជិះ​ទៅ​រៀន​ កាបូបស្ពាយ​ និង​សម្ភា​រ​សិក្សា​ជា​ច្រើន​មុខ​ទៀត​ពី​សមាគម​ន៍​រ៉ូ​តា​រី​ពោធិ៍សាត់​ ។​ ពិធី​នេះ​បាន​ប្រារ​ព្វ​ធ្វើ​នៅ​ក្នុង​បរិវេណ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​ខេត្តពោធិ៍សាត់​ កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦ ​ដោយ​មានការ​ចូលរួម​ពី​លោក​ខូ​យ រី​ដា​អភិបាលរង​​ខេត្ត​​ និង​លោក​ Philip Chong​ អភិបាល​តំបន់​៣៣១០ ​មក​ពី​ប្រទេស​សិ​ង្ហ​បុរី​ ។

លោក ​ហេង រួន ​ប្រធាន​សមាគម​រ៉ូ​តា​រី​ពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា ​សិស្ស​ដែល​មក​ទទួល​អំណោយ​​ពី​សមាគម​បាន​ជ្រើសរើស​សុទ្ធតែ​ជា​កូន​អ្នក​ក្រីក្រ ​និង​នៅ​ឆ្ងាយ​ពីសា​លា​ដែល​ពុំ​មាន​លទ្ធភាព​ទិញ​កង់​ជិះ​ និង​ងាយ​បោះបង់​ការ​សិក្សា ​។ ​នេះ​ជា​លើក​ទី​៤​ហើយ​ ដែល​សមាគម​រ៉ូ​តា​រី​ពោធិ៍សាត់​ សហការ​ជាមួយ​សមាគម​រ៉ូ​តា​រី​សិន​តូ​សា​(Sentosa) ​ប្រទេស​សិង្ហ​បុរី​ ធ្វើ​ពិធី​ចែក​កង់ កាបូបស្ពាយ​ ​និង​សម្ភា​រ​សិក្សា​ដល់​សិស្ស​ក្រីក្រ​នៅ​ខេត្តពោធិ៍សាត់ ​។

លោក ​ខូ​យ រី​ដា​ អភិបាលរង​តំណាង​ឲ្យ​លោក​ ម៉ៅ ធនិន​ អភិបាល​​ខេត្ត​​ ​បាន​ថ្លែងអំណរគុណ​ដល់​សមាគម​រ៉ូ​តា​រី​សិន​តូ​សា​(Sentosa) ​ប្រទេស​សិង្ហ​បុរី​ ដែល​បាន​ជួយ​ផ្ដល់​កង់​ជា​មធ្យោបាយ​សម្រាប់​សិស្សានុសិស្ស​​ជិះ​ទៅ​រៀន កាបូបស្ពាយ ​និង​សម្ភា​រ​សិក្សា​ជា​ច្រើន​ទៀត​ ។​ សម្ភា​រ​ទាំង​អស់នេះ​ ​​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ឪពុក​ម្ដាយ​សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ​ និង​កាត់​បន្ថយ​ការ​បោះបង់​ការ​សិក្សា​ដល់​សិស្ស​ដែល​នៅ​ឆ្ងាយ​ពី​សាលារៀន ព្រមទាំង​បាន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ​ ។​

លោក​បាន​ផ្ដាំផ្ញើ​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំង​៥​០សាលា ពេល​ទទួល​បាន​កង់​នេះ​ហើយ​ ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ពូកែ កុំ​បោះបង់​ការ​សិក្សា ចៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន និង​កុំ​ធ្វើ​អ្វី​ដែល​សង្គម​ស្អប់ខ្ពើម ​ត្រូវ​ហាត់ពត់លត់ដំ​ខ្លួន​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ ដើម្បី​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​គ្រួសារ​ និង​ប្រទេស​ជាតិ ​៕​