ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

មនុស្ស​២៩​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៥ មក​រា ដោយសារ​ការ​វាយប្រហារ​មួយ​របស់​ពួក​ជី​ហា​ដ ប្រឆាំង​សណ្ឋាគារ និង​ភោជនីយ​ដ្ឋាន​មួយ​នៅ​ទីក្រុង​អ៊ូអា​ហ្គា​ឌូ​ហ្គូ រដ្ឋធានី​ប្រទេស​បួ​គី​ណា​ហ្វា​សូ ដែល​នោះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​មួយ​ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស​តូច​នេះ​នៃ​អាហ្វ្រិក​ខាងលិច ។

ក្នុង​តុល្យការ​ថ្មី​មួយ រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​បួ​គី​ណា​ហ្វា​សួ លោក SIMON COMPAORE លើក​ឡើង​កាលពី​យប់​ថ្ងៃ​ទី​១៦ មក​រា ពី​មនុស្ស​ស្លាប់​២៩​នាក់ និង​៣០​នាក់​រង​របួស។ ម្យ៉ាងវិញទៀត មនុស្ស​១៧៦​នាក់​អាច​ជួយ​សង្គ្រោះ ។ ក្នុង​ចំណោម​អ្នក​នៅ​រស់រាន​មានជីវិត​រួម​មាន​រដ្ឋមន្ត្រី​ការងារ​ប្រទេស​នេះ លោក CLEMENT SAWADOGO ផង​ដែរ ។

ប្រភព​ព័ត៌មាន​ជិតដិត​នឹង​អយ្យការ​រៀបរាប់​ថា អ្នក​ស្លាប់​ភាគច្រើន​ជា​ជនជាតិ​ស្បែក​.​ស រួច​ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ជនជាតិ​បួ​គី​ណា​ហ្វា​សូ​៥​នាក់ ។ អ្នក​ស្លាប់​ក្រៅពី​នោះ​មាន​សញ្ជាតិ​១៨​ផ្សេង​ៗ​គ្នា ក្នុង​នោះ​មាន​ជនជាតិ​បារាំង​២​នាក់ ស្វ៊ី​ស​២​នាក់ និង​កា​ណា​ដា​៦​នាក់ ។ សាកសព​ពួក​ជី​ហា​ដ​៣​នាក់​កំណត់​ដឹង​អត្តសញ្ញាណ ។ ពួក​នេះ​ស្លាប់​ក្នុង​ការ​វាយលុក​រយៈពេល​ប្រមាណ​ជា​១២​ម៉ោង​របស់​កងកម្លាំង​សន្តិសុខ​បួ​គី​ណា​ហ្វា​សូ​គាំទ្រ​ដោយ​កងកម្លាំង​ពិសេស​បារាំង និង​អា​េ​ម​រិ​ក ។

ប្រភព​ព័ត៌មាន​សន្តិសុខ​មួយ​នា​ពេល​មុន​នេះ លើក​ឡើង​ពី​វត្តមាន​ពួក​ជី​ហា​ដ​យ៉ាងតិច​៤​នាក់ ក្នុង​នោះ​មាន​នារី​២​នាក់ ។ រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​បញ្ជាក់​ថា ពួក​អ្នក​វាយ​ប្រហារ​សុទ្ធតែ​មាន​វ័យក្មេង​ៗ ដោយ​អ្នកមាន​អាយុ​ច្រើន​ជាងគេ​បំផុត​ត្រឹម​២៦​ឆ្នាំ ហើយ​ពួក​គេ​លើកគ្នា​មក​តាម​រថយន្ត​មួយ​គ្រឿង ពាក់​ស្លាក​លេខនី​ហ្សេ ។ សកម្ម​ភាព វាយប្រហារ​នេះ​នា​ពេល​យប់​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​ជី​ហា​ដ អាល់​កៃ​ដា នៅ MAGHREB អ៊ិ​ស្លា​ម AQMI ដែល​ពួក​នេះ​ស្ថិត​ក្នុង​ក្រុម​របស់ AL MOURABITOUNE របស់​ប្រមុខ​ក្រុម​ជី​ហា​ដ លោក MOKHTAR BEHMOKHTAR ។

ម្យ៉ាងវិញទៀត ប្តី​ប្រពន្ធ​ជនជាតិ​អូស្ត្រាលី​មួយគូ​ត្រូវ​ចាប់ពង្រត់​កាលពី​ថ្ងៃ​ទី​១៥ មក​រា នៅ​ភាគ​ខាងជើង​បួ​គី​ណា​ហ្វា​សូ ដោយ​ការ​ចាប់ពង្រត់​នេះ​នា​ថ្ងៃ​ទី​១៦ មក​រា ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​ជី​ហា​ដ​ម៉ា​លី ANSAR DINE ។ ក្រុម​នេះ​និយាយ​ថា ជនបរទេស​ទាំង​២​នាក់​នេះ ស្ថិត​ក្នុង​កណ្តាប់ដៃ​ពួក​ជី​ហា​ដ​នៃ​ក្រុម EMIRAT DU SAHARA ជា​ក្រុម​អាល់​កៃ​ដា​មួយ​ទាក់ទិន​នឹង AQMI ។

ការ​វាយប្រហារ​ភេរវកម្ម​នៅ​រដ្ឋធានី​បួ​គី​ណា​ហ្វា​សូ ចាប់ផ្តើម​តាម​រយៈ​ការ​លុក​ចូល​នា​ថ្ងៃ​ទី​១៥ មក​រា វេលា​ម៉ោង​១៩​និង​៤៥​នាទី​របស់​អ្នក​វាយប្រហារ​ជា​ច្រើន​នាក់​ក្នុង​សណ្ឋា​គារ SPEENDED ជា​សណ្ឋាគារ​ប្រណីត​មួយ​ក្នុង​រដ្ឋធានី​អ៊ូអា​ហ្គា​ឌូ​ហ្គូ និយម​ស្នាក់​ដោយ​ពួក​លោក​ខាងលិច និង​បណ្តា​និយោជិត អ​.​ស​.​ប ។ ការ​វាយលុក​ដំបូង​ធ្វើ​ដោយ​កងកម្លាំង​បួ​គី​ណា​ហ្វា​សូ ជួយ​ទ្រទ្រង់​ដោយ​ពួក​យោធា​បារាំង​នា​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ។ ជុំវិញ​សណ្ឋាគារ​នេះ​ក្លាយជា​ទីលានប្រយុទ្ធ​ជាមួយ​រថយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​នៅ​មុខ​សណ្ឋាគារ ។ នា​ព្រឹក​ព្រលឹម​ការ​វាយលុក​បាន​បន្ត​នៅ​ទល់មុខ​សណ្ឋាគារ​នេះ គឺ ក្នុង​ភោជនីយដ្ឋាន CPPUCCINO ជា​ភោជនីយដ្ឋាន​និយម​ចូល​ដោយ​ជនបរទេស​ដែរ ។

ការ​វាយប្រហារ​នេះ​ជា​ការ​ផ្គើន​មួយ​ចំពោះ​រដ្ឋអំណាច​របស់​ប្រធានាធិបតី លោក ROCK MARC CHRISTIAN KABORE ដែល​ទើប​ជ្រើសតាំង​នា​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ការ​ឆ្លងកាត់​ដ៏​ច្របូក​ច​ប្រ​ល់​មួយ​មក ។ លោក​អំពាវនាវ​ដល់​ប្រជាជន​បួ​គី​ណា​ហ្វា​សូ​ឱ្យ​មាន​ក្តី​ក្លាហាន និង​ការ​ប្រុង​ប្រយ័ត្ន ហើយ​លោក​ប្រកាស​ពី​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​៧២​ម៉ោង​មួយ​ចាប់ពី​ថ្ងៃ​ទី​១៧ មក​រា ទៅ ៕