ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ការ​ខិតចូល​ជិត​គ្នា​មួយ​រវាង​អីុរ៉​ង់ និង​សហរដ្ឋ​អា​មេ​រិ​កកើត​មាន​កាលពី​ថ្ងៃ​ទី​១៦ មក​រា តាម​រយៈ​ការ​ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​អំពី​ការ​ផ្លាស់​ប្តូរ​អ្នកទោស​គ្នា ក្នុង​នោះ​មាន​អ្នកកាសែត​របស់​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ លោក JASON RAZAIAN ដែល​ជាប់​ឃុំឃាំង​រយៈពេល​៥៤០​ថ្ងៃ​រួច​មក​ហើយ​នៅ​ក្រុង​តេ​ហេ​រ៉​ង់​ពី​បទ​ចារកម្ម ។

យោង​តាម​សារព័ត៌មាន​អីុ​រ៉​ង់​ថា អ្នកទោស​សញ្ជាតិ​អីុរ៉​ង់​-​អា​​មេ​រិ​ក​៤​នាក់​នឹង​ត្រូវ​អីុ​រ៉​ង់​ដោះ​លែង ចំណែក​សហរដ្ឋ​អា​មេ​រិ​ក​ជា​ថ្នូរ​វិញ​ដោះ​លែង​អ្នកទោស​អីុ​រ៉​ង់​៧​នាក់ ។ ម្យ៉ាង​វិញ​ទៀត ការ​កាត់ទោស​ប្រឆាំង​ជនជាតិ​អីុ​រ៉​ង់​១៤​នាក់​ត្រូវ​លុប​ចោល​វិញ ។

ការ​ប្រកាស​ពី​ការ​ដោះ​លែង​ពួក​អ្នកទោស​ដោយ​ប្រទេស​ទាំង​២ ធ្វើ​ឡើង​ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ច​ន ឃ័​រ​រី និង​ប្រមុខ​ការទូត​អីុ​រ៉​ង់ លោក MOHAMMAD JAVAD ZARIF ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​វី​យែ​ន ដើម្បី​ប្រកាស​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អីុ​រ៉​ង់ និង​បណ្តា​ប្រទេស​មហាអំណាច ។

អគ្គ​រដ្ឋ​អាជ្ញា​ក្រុង​តេ​ហេ​រ៉​ង់ លោក ABBAS JAFARI DOLATABADI ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នា​ថ្ងៃ​ទី​១៦ មក​រា ថា ក្នុង​ក្រប​ខណ្ឌ​នៃ​ផលប្រយោជន៍​ជាតិ និង​យោង​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​កំពូល​នៃ​សន្តិសុខ​ជាតិ អ្នកទោស​មាន​សញ្ជាតិ​២​ចំនួន​៤​នាក់​ត្រូវ​ដោះ​លែង ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ផ្លាស់​ប្តូរ​អ្នកទោស​គ្នា ៕