ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកណ្ដាល ៖ មនុស្ស​ប្រុស​-​ស្រី​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​ធុន​ធំ​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤១-៤២ ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។

ជន​រង​គ្រោះ​​​ឈ្មោះ កង សុខ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1Q-6645 មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ និង​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត​ឈ្មោះ ឃុ​ត សុផល ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​បន្លិច ឃុំ​មាន​ជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 3A-0144 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ភ្នំពេញ​-​អ្នក​លឿង​) ស្រាប់តែ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​បើក​វ៉ា​រថយន្ត​មិន​ស្គាល់​ម៉ាក​ដែល​បើកបរ​ស្រប​ទិស​គ្នា ហើយ​ក៏​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ទាំង​២​នាក់​ហោះ​ផ្លោង​ឡើង​លើ​ធ្លាក់​មក​បោក​ក្បាល​នឹង​ថ្នល់ជាតិ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ខ្ទេច ។ ពេល​ឃើញ​ហេតុការណ៍​បែប​នេះ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

មួយសន្ទុះ​ក្រោយមក គេ​ឃើញ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង ប្រមូល​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕