ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​៤​នាក់ មាន​កាន់​ដាវ​ឈរ​រេរា​ពេញ​ផ្លូវលំ ក្នុងភូមិ​សាស្ត្រ​ខាងលិច​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ដូច​ជា​បម្រុង​ចាំ​ស្ទាក់​កាប់​ទៅ​លើ​ក្រុម​ណាមួយ ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ពួក​គេ​នាំ​គ្នា​រត់​ចោល​ម៉ូតូ និង​ដាវ ។

លោក​វរសេនីយ៍ត្រី អ៊ិ​ត នាថ អធិការរង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំងនោះ​នៅ​ពេល​ដែល​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ពួក​គេ​ហាក់ដូចជា​មិន​ញញើត​នឹង​សមត្ថកិច្ច​ទេ គឺ​ពួក​គេ​បាន​ឈរ​កាន់​ដាវ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ពេញ​ផ្លូវ ហាក់ដូចជា​មាន​បំណង​ចាំ​ស្ទាក់​កាប់​ទៅ​លើ​ក្រុម​ណាមួយ ក្នុង​សកម្មភាព​ផ្គើន​សមត្ថកិច្ច ។ ដោយ​មើលឃើញ​ពី​ទ​ង្វើ​បែប​នោះ សមត្ថកិច្ច​ក៏​សម្រេច​ផ្ទុះអាវុធ​១​គ្រាប់​ទៅ​លើ​ដើម្បី​បំបាក់ស្មារតី​របស់​ពួក​គេ ទើប​ពួកក្មេង​ទាំងនោះ​បាន​រត់គេច​ខ្លួន ដោយ​បន្សល់​ទុក​ដាវ​៤​ដើម និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1L-2207 បច្ចុប្បន្ន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ។

ចំពោះ​ក្រុម​ក្មេង​ទាំងនោះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​នាំ​ខ្លួន​មក​ធ្វើ​កិច្ចសន្យា​អប់រំ ៕