ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​រវាង​អីុ​រ៉​ង់ និង​បណ្តា​ប្រទេស​មហាអំណាច​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១៦ មក​រា ក្រោយ​ការ​ផ្តល់​ភ្លើង​ខៀវ​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ដែល​នាំ​ទៅ​ដល់​ការ​លុប​ចោល​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​ប្រទេស​អីុរ៉​ង់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​នាទី​ក្រុង​វី​យែ​ន​ជា​កន្លែង​ដែល​ប្រមុខ​ការទូត​អីុ​រ៉​ង់ សហភាព​អឺរ៉ុប និង​អា​មេ​រិ​ក​ជួប​ប្រជុំ​ពិភាក្សា​គ្នា អគ្គលេខាធិការ​របស់​ទីភ្នាក់ងារ​ថាម​ពល​បរមាណូ​អន្តរជាតិ លោក​យូគី​យ៉ា អា​ម៉ា​ណូ ថ្លែង​ថា អីុរ៉​ង់​បាន​បញ្ចប់​ដំណាក់កាល​រៀបចំ​ចាំបាច់​នានា​សម្រាប់​ជំរុញ​ដល់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៥ ។

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កមួយ​រូប​និយាយ​ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​ចាប់ផ្តើម​ហើយ ។ យោង​តាម​ប្រភព​អឺរ៉ុប​មួយ​ថា សហភាព​អឺរ៉ុប​បាន​លុប​ចោល​បណ្តា​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​អីុ​រ៉​ង់ រួច​សហរដ្ឋ​អា​េ​ម​រិ​ក​ក៏​ប្រកាស​ដូច​គ្នា​នេះ​ដែរ មុន​ការ​ប្រកាស​ជា​ផ្លូវការ​របស់ អ​.​ស​.​ប ។ ការ​លុប​ចោល​ទណ្ឌកម្ម​អន្តរជាតិ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​អីុ​រ៉​ង់​មាន​ប្រជាជន​៧៧​លាន​នាក់ ជួប​ការ​លំបាក នឹង​ធ្វើ​ជា​បន្តបន្ទាប់​រួម​ជាមួយ​ការ​ត្រួតពិនិត្យ ។

របត់​ការទូត​នេះ​ក៏​កំណត់​ផង​ដែរ​ពី​ការ​ជំរុញ​ដល់​ការ​ខិតចូល​ជិត​គ្នា​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​អីុ​រ៉​ង់​ដែល​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​កាលពី​ថ្ងៃ​ទី​១៦ មក​រា តាម​រយៈ​ការ​ប្រកាស​ផ្លាស់​ប្តូរ​អ្នកទោស​គ្នា​ពុំ​ធ្លាប់​ដែល​មាន​ពី​មុន​មក រវាង​ប្រទេស​ទាំង​២ ដែល​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​នឹង​គ្នា​កាលពី​ឆ្នាំ​១៩៨០​មក ។

ពេល​ទៅ​ដល់ទី​ក្រុង​វី​យែ​ន រដ្ឋមន្ត្រី​ការ​បរទេស​អីុ​រ៉​ង់ លោក ZARIF ថ្លែង​ថា នេះ​ជា​ថ្ងៃ​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាជន​អីុរ៉​ង់ ហើយ​បណ្តា​ទណ្ឌកម្ម​នឹង​ត្រូវ​លុប​ចោល ។ លោក​បន្ត​ថា នេះ​ក៏​ជា​ថ្ងៃ​ល្អ​មួយ​សម្រាប់​តំបន់ និង​សម្រាប់​ពិភពលោក​ផង​ដែរ ។

ប្រធានាធិបតី​អីុ​រ៉​ង់​លោក​ហា​សាន់ រ៉ូ​ហា​នី វាយតម្លៃ​រួច​ហើយ​ថា ប្រទេស​របស់​លោក​កំពុង​តែ​ឈាន​ទៅ​ចាប់ផ្តើម​ឆ្នាំ​រុងរឿង​ខាង​សេដ្ឋកិច្ច​មួយ​ជាមួយ​ការ​លុប​ចោល​ទណ្ឌកម្ម​ទាំងនេះ ៕