ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បេ​ក្ខ​នារី​ប្រធានាធិបតី​នៃ​គណបក្សប្រឆាំង​តៃវ៉ាន់ លោកស្រី TSAI ING WEN កាលពី​ថ្ងៃ​ទី​១៦ មក​រា បាន​ជាប់​ឆ្នោត​ក្លាយជា​នារី​ដំបូង​គេ​ឡើង​ធ្វើ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ដោយ​ឈ្នះ​បេក្ខជន​គណបក្សកាន់អំណាច​គឺ​គណបក្ស​កូ​មីន​តាំង KMT ដែល​ខិត​ទៅ​រក​ក្រុង​ប៉េ​កាំ​ង ។

ក្នុង​បទ​អត្ថាធិប្បាយ​មួយ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន​ស៊ិ​ន​ហួ​បញ្ចេញ​ប្រតិកម្ម​ថា ការ​បោះ​ឆ្នោត​នេះ​តំណាង​ឱ្យ​ការ​ប្រឈម​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ទំនាក់ទំនង​រវាង​ផ្នែក​ទាំង​២​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​នានា ។

យោង​តាម​គណៈកម្មាធិការ​បោះ​ឆ្នោត​ថា លោកស្រី TISAI នៃ​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន PDP ទទួល​បាន​សំឡេង​៥៦,១២% ទល់​នឹង​៣១,០៤% សម្រាប់​លោក ERIC CHU ដែល​បែប​នេះ​នាំ​ឱ្យ​គណបក្ស​គូ​មីង​តាំង​ទទួល​បរាជ័យ​ជា​ប្រវត្តិសាស្ត្រ​មួយ​ជាមួយ​ការ​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​សភា​ផង​ដែរ ។ នេះ​ជា​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​មួយ​របស់​គណបក្សប្រឆាំង​សំខាន់​ដែល​អបអរសាទរ​តាម​រយៈ​ការ​បាញ់​កាំជ្រួច​ពីលើ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន ដែល​នៅ​ទីនោះ​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ពាន់​នាក់​នា​យប់​ថ្ងៃ​ទី​១៦ មក​រា ។

យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា ជ័យជម្នះ​នេះ​របស់​ពួក​ប្រឆាំង​នឹង​នាំ​ឱ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ចៀស​មិន​រួច និង​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​ចិនដី​គោក។

ក្នុង​សេចក្តី​ប្រកាស​មួយ​ជា​លើក​ដំបូង​ចំពោះ​សារព័ត៌មាន​លោកស្រី TSAI អំពាវនាវ​ដល់​ក្រុង​ប៉េ​កាំ​ង​ឱ្យ​គោរព​ប្រព័ន្ធ​ប្រជាធិបតេយ្យ អត្តសញ្ញាណ​ជាតិ និង​បូរណភាព​ដែនដី​របស់​តៃវ៉ាន់ ។ រាល់​រូបភាព​នៃ​ការ​រំលោភ​បំពាន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​នៃ​ទំនាក់ទំនង​រវាង​ផ្នែក​ទាំង​២​នៃ ច្រក​សមុទ្រ​តៃវ៉ាន់ ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហុង​ឡី បាន​ព្រមាន​ថា រដ្ឋាភិបាល​ចិន​នឹង​មិន​អត់ឱន​ដាច់ខាត​ដល់​សកម្មភាព​បំបែក​ខ្លួន​និយម​មួយ​របស់​កោះ​តៃវ៉ាន់ ៕