ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ព្រៃវែង ៖ រយៈពេល​មិន​ដល់​១​ស​ប្តា​ហ៍​ផងខេត្តព្រៃវែង​ បាន​កើតរឿង​ធំ​ៗ​ដល់​ទៅ​៣​ករណី ហើយ​អ្វី​ដែល​គួរ​ឱ្យ​​ចាប់​អារ​ម្ម​ណ៌​បំផុត​នោះ ​​គឺ​​លោក​អធិការ​ស្រុក​ស្វាយ​អន្ទរ និង​លោក​អភិបាលស្រុក​ពាមរ​ក៌ ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ ខណៈ​ពេល​ដែល​ក្រុម​ចោរប្លន់​ចំនួន៥​នាក់​នៅ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ ។

កោះសន្តិភាព សូម​ធ្វើការ​សង្ខេប​​​ហេតុ​ការ​ណ៍ធំ​ៗ​ទាំង​៣​នេះ ​ដូច​ខាងក្រោម ៖

ករណីទី១-​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ ចូល​ប្លន់​ផ្ទះ​អ្នកលក់​​គ្រឿង​ទេស​ និង​ដាក់​វី​ង​វេរ​លុយនៅ​ឃុំស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ កាលពី​វេលា​ម៉ោង​៧​យប់ថ្ងៃ​ទី​១០ ​មក​រា ​កន្លង​ទៅ ដែល​ក្រុមចោរ​បាន​វាយ​ម្ចាស់ផ្ទះ និង​អ្នក​ជិតខាង​ម្នាក់​​រង​របួសធ្ងន់ រួច​ប្រមូល​យក​មាស ប្លា​ទី​ន និង​លុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ ព្រមទាំង​​​បាន​​បាញ់​​តដៃ​គ្នា​ជាមួយ​សមត្ថកិច្ច​អស់​ជា​ច្រើន​គ្រាប់ រហូត​ធ្វើ​ឱ្យ​អ្នកស្រុក​ភ័យ​ស្លន់ស្លោនាំ​គ្នារ​ត់រក​កន្លែង​ពួន​រៀងៗ​ខ្លួន​ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​មិន​ទាន់​ចាប់​បាន​ក្រុម​ចោរ​​ទាំង​នោះ​បាន​នៅឡើយ​ទេ​ ។

ករណី​ទី២-​លោក​វរសេនីយ៍ទោ ពុំ កាន់ អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ដែល​បាញ់​​ប្រជាពលរដ្ឋ​ម្នាក់​​ស្លាប់ ក្នុង​ពេល​ចុះ​បង្ក្រាប​ក្រុម​អ្នកលេង​​បញ្ជល់​មាន់នៅ​​វាល​ស្រែ ក្នុង​ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ កាលពី​វេលា​ម៉ោង​៣​រសៀលថ្ងៃ​ទី​១៣ ​មក​រា ​កន្លង​ទៅ បាន​ធ្វើ​ឱ្យ​សាធារណជន​មានការ​ហួស​ចិត្តជា​ខ្លាំង ចំពោះ​ទ​ង្វើ​របស់​លោក​អធិការ​រូប​នេះ ហើយ​ហេតុ​ការ​ណ៌​នេះ ក៏​បាន​ក្លាយទៅជា​ប្រធានបទ​ដ៏ក្តៅ​គគុក​មួយ ដែល​គេ​បាន​លើកយក​មក​ជជែក​ពិភាក្សា​នៅ​តាម​តុ​កា​ហេ្វ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្តព្រៃវែង​ផង​ដែរ ដោយ​អ្នកខ្លះ​បាន​លើក​ឡើង​ថា លោក​អធិការ​គ្មាន​ចេតនា​បាញ់​ជន​រង​គ្រោះនោះ​ទេ គឺ​គាត់​គ្រាន់តែ​ចង់​ការពារ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​អ្នកខ្លះ​ទៀត​បាន​និយាយ​​ថា គ្រាន់តែបង្ក្រាប​អ្នកលេង​​បញ្ចល់​​មាន់​ប៉ុណ្ណឹង លោក​អធិការ​មិន​ចាំបាច់​អី​ត្រូវ​ផ្ទុះអាវុធ​នោះ​ទេ ដូច្នេះ​ត្រូវតែ​ទទួលខុសត្រូវ​ទៅ​តាម​ផ្លូវច្បាប់​ ។

ពាក់​ព​ន្ធ័​ករណី​នេះ​ដែរ ​​លោក​ឩ​ត្តម​សេនីយ៍ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត បាន​​បញ្ជាក់ឱ្យ​​ដឹង​ថា លោក ពុំ កាន់ ត្រូវ​បាន​តុលាការ​​​សម្រេច​​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ​មក​រា ​កន្លង​ទៅ​នេះ​ ​។

​ដោយ​ឡែក ករណីទី​៣-​លោក ជុំ សា​មឿ​ន អភិបាលស្រុក​ពាមរ​ក៍ ​​បើករថយន្ត​ទៅ​បុក​ម៉ូតូ​បណ្តាល​ឱ្យ​អ្នក​​​រត់​ម៉ូតូឌុប​ម្នាក់​​​ស្លាប់​​ កាលពី​វេលា​ម៉ោង​៧យប់ថ្ងៃ​ទី​១៤​ មក​រា​កន្លង​ទៅ​នោះ ក៏​ត្រូវ​បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​ដែរ ដោយ​អ្នកខ្លះ​និយាយ​ក្នុង​ន័យ​អាណិត​លោក​អភិបាលស្រុក ដែល​ត្រូវ​ចាប់ខ្លួន និង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ រីឯ​អ្នកខ្លះ​អះអាង​ថា លោក​អភិបាលស្រុក​ពិតជា​មានកំ​ហុ​ស​​គួរតែ​ទទួលទោស​តាម​ផ្លូវច្បាប់​បែប​នេះ​ហើយ ​៕

​​ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រកាសែត​កោះសន្តិភាព​