ប្រទះ​ឃើញ ​អតីត​មេ​ប៉ុស្តិ៍​ស្លាប់​ ជិត​ម៉ូតូ​២​គ្រឿង ក្រុម​គ្រួសារ​ សង្ស័យ​ជា​ករណី​ឃាតកម្ម

ខេត្តកំពង់ស្ពឺ ៖ គ្រួសារ​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម ។ ការ​ប្រទះ​ឃើញ​សព​​ដែល​បង្ក​អោយ​មាន​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ​ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្រី​សំពោង ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ឈ្មោះ ជា សំ​ប៊ី ភេទ​ប្រុស ជា​នាយ​ប៉ុស្តិ៍​នគរបាល​ដែល​បាន​ចូល​និវត្តន៍ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ។

តាម​ការ​រៀបរាប់​របស់​សាច់ញាតិ ​ជន​រង​គ្រោះ​ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​គុប​មូល​របស់​ខ្លួន​ទៅ​ចំការ​នៅ​ភូមិ​យស​ជោរ ឃុំ​ខ្ទុំ​ក្រាំង តាំងពី​ព្រឹក​រហូត​ដល់​យប់​ ថ្ងៃ​ដដែល​ ទើប​ក្រុម​គ្រួសារ​ទទួល​ដំណឹង​ថា​ជន​រង​គ្រោះ​បាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់​ទៅ​ហើយ ។ ដោយ​មិន​អស់ចិត្ត​ក្រុម​គ្រួ​សារបាន​ដាក់​ការ​សង្ស័យ​ថា​ម៉ូតូ​ចាស់​មិន​អាច​ជិះ​លឿន​បានទេ ហើយ​ផ្លូវ​មាន​សភាព​ធំ​ទូលាយ​ទៀត មិន​គួរ​ណា​គ្រាន់តែ​ម៉ូតូ​ប៉ះ​គ្នា​បណ្តាល​អោយ​ស្លាប់​បែប​នេះ​ទេ ។ ក្រុម​គ្រួសារ​សង្ស័យ​ថា អាច​ជា​ករណី​ឃាតកម្ម​ច្រើន​ជាង​គ្រោះថ្នាក់​ចរាចរណ៍ ។ បើ​ទោះជា​មានការ​ដាក់​ការ​សង្ស័យ​បែប​នេះ​ក្តី​ ក៏​សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​អះអាង​ថា​ជា​ករណី​អ្វី​ក្រៅពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ពិនិត្យ​សព​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

លោក​អនុសេនីយ៍ទោ ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បានអោយ​ដឹង​ថា ទោះជា​មានការ​សង្ស័យ​ពី​សំណាក់​ក្រុម​គ្រួសារ​យ៉ាងណា​ក្តី ក៏​សមត្ថកិច្ច​ត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ច្បាប់​ដែល​បាន​ចែង ។

សូម​បញ្ជាក់​ថា ការ​ប្រទះ​ឃើញ​សព​បង្ក​ទៅ​ជា​មាន ការ​សង្ស័យ​នេះ ព្រោះតែ​មាន​ម៉ូតូ​២​គ្រឿង​នៅ​ក្បែរ​សព​ធ្វើ​អោយ​ក្រុម​គ្រួសារ​ដាក់​ការ​សង្ស័យ​ថា ក្រុម​ជនសង្ស័យ​ធ្វើ​សកម្ម​ភាព​ហើយ​រត់​ចោល​ម៉ូតូ តែ​ចំពោះ​សមត្ថកិច្ច​វិញ​បាន​និយាយ​ថា ធម្មតា​កាលណា​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ហើយ ភាគី​បង្ក​មិនសូវ​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​ទេ គឺ​តែងតែ​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​ជា​និច្ច ។ បើ​សមត្ថកិច្ច​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ប្រការ​ផ្សេង​ដូច​ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ​មែន​នោះ សមត្ថកិច្ច​នឹង​បន្ត​នីតិវិធី​ស្រាវជ្រាវ​តទៅ​ទៀត តែបើ​សមត្ថកិច្ច​ពិនិត្យ​ទៅ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មែន​នោះ ដូច្នេះ​ករណី​នេះ​ត្រូវ​បិត​បញ្ចប់​ត្រឹមនេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នគរបាល​ស្រុក និង​ការិយាល័យ​បច្ចេកទេស បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង សមត្ថ​កិ​ច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ម៉ូតូ​គុប​ជ្រុង​អោយ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ភាគី​រង​គ្រោះ​តាម​ផ្លូវច្បាប់ ៕

ប្រទះ​ឃើញ ​អតីត​មេ​ប៉ុស្តិ៍​ស្លាប់​ ជិត​ម៉ូតូ​២​គ្រឿង ក្រុម​គ្រួសារ​ សង្ស័យ​ជា​ករណី​ឃាតកម្ម
ប្រទះ​ឃើញ ​អតីត​មេ​ប៉ុស្តិ៍​ស្លាប់​ ជិត​ម៉ូតូ​២​គ្រឿង ក្រុម​គ្រួសារ​ សង្ស័យ​ជា​ករណី​ឃាតកម្ម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត