នៅ​ថ្ងៃអាទិត្យ​នេះ សម្តេច​ហ៊ុនសែន លើកឡើងថា អាជ្ញាធរ មាន​សមត្ថកិច្ច គឺ​មិនត្រូវ​អោយមាន​សំណង់​អ្វី​ខុសច្បាប់ លើ​តំបន់​ទេសចរណ៍​ដាច់ខាត

ភ្នំពេញ: ​ដោយ​រម្លឹក​ពី​ព្រឹត្តិការណ៍ ដែល​សម្តេច និង​ក្រុមគ្រួសារ ទៅ​លំហែកាយ នៅ​មាត់សមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល សម្តេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី បានលើកឡើង​ពី​ការលក់ដូរ​របស់​បង​ប្អូន​អាជីវករ នៅ​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ សម្តេច​តេ​ជោ សែន បាន​អំពាវនាវ​ដល់​អាជីវករ និង​អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ត្រូវ​នាំគ្នា​ថែរក្សា​បរិស្ថាន​អនាម័យ អោយ​បានល្អ​គ្រប់ពេល​។ អាជ្ញាធរ មាន​សមត្ថកិច្ច គឺ​មិនត្រូវ​អោយមាន​សំណង់​អ្វី​ខុសច្បាប់ លើ​តំបន់​ទេសចរណ៍​ដាច់ខាត​។ សណ្តាប់ធ្នាប់​តាម​រមណីយដ្ឋាន ក៏ត្រូវ​គិត ពិសេស​ការលក់ដូរ ត្រូវ​ប្រកបដោយ​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ​ហ៊ុនសែន បាន​លើកឡើងថា "​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ខ្ញុំ​មានឱកាស​បាន​ចុះទៅ​សម្រាកលំហែរ​កាយ​នៅ​ក្រុងព្រះសីហនុ ដោយបាន​ជួប​ជាមួយ​បងប្អូន​ជនរួមជាតិ​យើង អាជីវករ និង​ទេសចរ​អន្តរជាតិ ដែល​មក​កំសាន្ត​នៅ​ទីនោះ​។ ខ្ញុំ​សប្បាយចិត្ត ដែល​បានឃើញ​បងប្អូន​មាន​មុខរបរ​លក់ដូរ​បម្រើសេវា​កម្ម​ទេសចរ​ណ៍​យ៉ាង​មមារ​ញឹក ទាំង​ពេល​ថ្ងៃ និង​ពេល​រាត្រី​។ សមុទ្រ​យើង​ស្រស់ស្អាត ដែល​ត្រូវ​នាំគ្នា​ថែរក្សា​បរិស្ថាន​អនាម័យ អោយ​បានល្អ​គ្រប់ពេល​។ អាជ្ញា​ធរមាន​សមត្ថកិច្ច គឺ​មិនត្រូវ​អោយមាន​សំណង់​អ្វី​ខុសច្បាប់ លើ​តំបន់​ទេសចរណ៍​ដាច់ខាត​"​។​

​សម្តេច​តេ​ជោ សែន បន្តថា "​ខ្ញុំ​សូម​ស្នើអោយ​អាជ្ញាធរខេត្ត និង​មន្ត្រី​មាន​សមត្ថកិច្ច ជួយ​សម្រួល​រៀបចំ​អោយ​បងប្អូន​លក់ដូរ​អោយបាន​សមរម្យ​ល្អ និង​ជួយ​ពិនិត្យ​គុណភាព​អនាម័យ​លើ​ចំណី​ម្ហូប​អហារ ដែល​កំពុង​ដាក់លក់ ឬ រែក​លក់​គឺ​ត្រូវមាន​អនាម័យ និង​មានតម្លៃ​សមរម្យ ចៀសវាង​ការយល់ច្រឡំ​ពី​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើអោយ​ខាត​ប្រយោជន៍​"​។​

​ជាមួយគ្នា​នោះ សម្តេច​ហ៊ុនសែន បន្ថែមថា "​ជាពិសេស​សូម​អាជ្ញាធរ និង​សមត្ថកិច្ច ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​ទេសចរ​ជាតិ និង​អន្តរជាតិ​អោយបាន​ល្អ​នៅ​គ្រប់​ទីកន្លែង​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទូទាំងប្រទេស​"៕​