ព័ត៌​មានកីឡា &raquo កីឡាជាតិ

ខេត្តកណ្ដាល ៖ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ មក​រា កន្លង​មកនេះ នៅ​ទីលាន​បាល់ទាត់​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មាន​រៀបចំ​ពិធី​បិទ​ការ​ប្រកួត​បាល់ទាត់​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ទិវា​ជ័យជម្នះ​៧​មក​រា ។ ការ​ប្រកួត​នេះ​ដំណើរការ​ទៅ​បាន​ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ពី​មជ្ឈមណ្ឌល​នាឡិកា​ស្វ៊ី​ស​ទាំងស្រុង ។

លោក ពៅ វ​ណ្ណា ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកណ្ដាល បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​មាន​រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១២ មក​រា មក​ម្ល៉េះ ដោយ​មាន​កីឡាករ​ចូលរួម​ប្រកួត​ចំនួន​១២​ក្រុម​មក​ពី​តាម​ក្លិប និង​សាលារៀន​ផ្សេង​ៗ​នៅ​ក្នុង​ខេត្តកណ្ដាល ។ ក្នុង​នោះ​មាន​ក្លិប​កុមារ​អា​រុណ​រះ​, សាលារៀន​សុវណ្ណ​ភូមិ​, ក្លិប​កុមារ​មូ​ស្លី​ម​ភូមិ​ព្រែក​តា​ពៅ​, ក្លិប​កុមារ​ក្រុង​តា​ខ្មៅ​, សាលារៀន​អន្តរជាតិ​ឥន្ទ្រ​ទេវី​, សាលារៀន​អន្តរជាតិ​វ៉េ​ស្ទ​លេ​ន​ដ៍​, ក្លិប​កុមារ​តា​ខ្មៅ​, សាលា​បឋម​សិក្សា​ព្រែក​ឬ​ស្សី​, វិទ្យាល័យ​ហ៊ុន សែន​តា​ខ្មៅ​, ក្លិប​កុមារ​ស្រុក​កៀនស្វាយ​, ក្លិប​កុមារ​ស្រុក​កណ្ដាលស្ទឹង និង​សាលា​បឋម​សិក្សា​ព្រែក​សំរោង ។

ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​តាម​ពូ​ល​ដែល​មាន​ទាំងអស់​៤​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៣​ក្រុម ។ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​មួ​យស​ប្ដា​ហ៍​មក ជា​លទ្ធផល​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​ក្រុម​កុមារ​មក​ពី​ស្រុក​កណ្ដាលស្ទឹង ទទួល​បាន​ប្រាក់​រង្វាន់​៤០​ម៉ឺន​រៀល​, ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​ក្រុម​សាលារៀន​សុវណ្ណ​ភូមិ ទទួល​បាន​ប្រាក់​៣០​ម៉ឺន​រៀល​,​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម​កុមារ​តា​ម៉ៅ និង​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​បាន​ទៅ​លើ​ក្រុម​កុមារ​អា​រុណ​រះ ក្រុម​ទាំង​២​ទទួល​បាន​ប្រាក់​២០​ម៉ឺន​រៀល​ដូច​គ្នា ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ មជ្ឈមណ្ឌល​នាឡិកា​ស្វ៊ី​សបាន​ជួយ​ឧបត្ថម្ភ​អាវ​ម៉ាក​TISSOT ចំនួន​២០០ នាឡិកាព្យួរ​ជញ្ជាំង​TISSOT​ចំនួន​២០​គ្រឿង ប្រតិទិន​TISSOT​ទាំង​ព្យួរ​ជញ្ជាំង និង​លើ​តុ​សរុប​ចំនួន​២០០ ។

នេះ​ជា​លើក​ទី​១​ហើយ ដែល​មជ្ឈមណ្ឌល​នាឡិកា​ស្វ៊ី​ស រៀបចំ​ឱ្យ​មានការ​ប្រកួត​នេះ​ឡើង​មិន​ត្រឹមតែ​ដើម្បី​អបអរ​ខួប​អនុ​ស្សារី​យ៍​លើក​ទី​៣៧ ថ្ងៃជ័យ​ជម្នះ​៧​មក​រា ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​ក្នុង​ខេត្តកណ្ដាល​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត ។ លោក គួ​ច ណា​វ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​នាឡិកា​ស្វ៊ី​ស​សន្យា​ថា លោក​នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ​ឆ្នាំ​ក្រោយ​ទៀត ៕