ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទូរទស្សន៍​អា​រ៉ាប់ AL MAYADEEN រាយការណ៍​ថា ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​សម្លាប់​រង្គាល​មនុស្ស​ជាង​២៨០​នាក់ ពេល​ពួក​គេ​ធ្វើការ​វាយលុក​លើ​ទីក្រុង​មួយ​នៃ​ខេត្ត DEIR EZZOR ភាគ​ខាងកើត​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១៦ មក​រា ។

ទូរទស្សន៍​នេះ​អះអាង​ថា នេះ​ជា​ការ​សម្លាប់​រង្គាល​ដ៏​សែន​ទារុណ​របស់​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ទីក្រុង AL BUGHAILIYED នៅ DEIR EZZOR ដែល​នៅ​ទីនោះ​មនុស្ស​២៨០​នាក់ ភាគច្រើន​ជានា​រី កុមារ និង​មនុស្ស​ចាស់​ត្រូវ​សម្លាប់ ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​វាយប្រហារ​នេះ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លើ​ទីក្រុង​មួយ​នា​ជាយក្រុង DEIR EZZOR បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​យ៉ាងតិច​៨៥​នាក់ ហើយ​ពួក​យុទ្ធ​ជន​ស្និទ្ធ​របប​ស៊ី​រី​៥០​នាក់​ក៏​ស្លាប់​ដែរ ។ រដ្ឋាភិបាល​ស៊ី​រី​បរិហារ​ថា នេះ​ជា​ការ​សម្លាប់​រង្គាល​មួយ ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី SANA ដែល​ដកស្រង់​សម្តី​ប្រជាជន​ទីក្រុង​នេះ​អះអាង​ថា ជន​ស៊ី​វិល​ដល់​ទៅ​ប្រមាណ​ជា​៣០០​នាក់​ឯណោះ​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ ។

ប្រសិនបើ​តុ​ុ​ល្យ​ការ​នេះ​ត្រូវ​បាន​បញ្ជាក់​នោះ​នឹង​ជា​តុល្យការ​យ៉ាង​ខ្ពស់​បំផុត​នៃ​អ្នក​ស្លាប់​នា​ថ្ងៃ​តែ​មួយ​ក្នុង​សង្គ្រាម​នៅ​ស៊ី​រី​ចាប់តាំងពី​ជិត​៥​ឆ្នាំ​មក​ហើយ ។

ថ្លុកឈាម​នេះ​កើត​មាន​ខណៈ​កងទ័ព​ស៊ី​រី​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ខេត្ត​អា​ឡែ​ប ។ យុទ្ធ​ជន​ជី​ហា​ដ​១៦​នាក់​ត្រូវ​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​ពី​ការ​វាយប្រហារ​យ៉ាង​ធំ​មួយ​លើ​រណសិរ្ស​ជា​ច្រើន​ក្នុង​ទីក្រុង DEIR EZZOR និង​តំបន់​ជុំវិញ​ក្រុង​នេះ​ដោយ​អះអាង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ដណ្តើម​ត្រួតត្រា​តំបន់​ជាយក្រុង AL BAGHALIYEH ។

ចំពោះ​សង្គ្រាម​នៅ​ស៊ី​រី​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៥ មក​រា ថា កង​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី បាន​ហោះ​ចេញ​៥៦៦២​លើ ដើម្បី​បំពេញ​បេស​កម្ម​វាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី​រយៈពេល​១០០​ថ្ងៃ​កន្លង​មកនេះ ។ លោក​ស័​រ​ហ្គេ​យ​រូ​ដ ស្គ​យ ប្រមុខ​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បញ្ជាក់​ថា ក្នុង​ចំណោម​ការ​ហោះ​ចេញ​ទាំងនេះ រួម​មានការ​ហោះ​ចេញ​១៤៥​លើក របស់​បណ្តា​យន្តហោះ​យុទ្ធសាស្ត្រ បំពាក់​គ្រាប់​មី​ស៊ី​ល និង​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ហោះ​ឆ្ងាយ ។ ម្យ៉ាងវិញទៀត មី​ស៊ី​ល​បណ្តែត​៩៧​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​ក្នុង​ដំណាក់កាល​នេះ ។

លោក​រូ​ដ​ស្គ​យ បន្ត​ថា រយៈពេល​១០០​ថ្ងៃ​នៃប្រតិបត្តិ​ការ​របស់​កងទ័ពអាកាស​រុ​ស្ស៊ី​នៅ​ស៊ី​រី មូលដ្ឋាន​មាន​ប្រជាជន​រស់នៅ​ចំនួន​២១៧ ត្រូវ​បាន​រំដោះ​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​ដែនដី​ស៊ី​រី​ជាង​១.០០០​គីឡូម៉ែត្រ​ក្រឡា​ត្រូវ​រំដោះ ៕