ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង​៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​អាហារ​ដ្ធា​ន​«​គោដុត​ម្លប់​ដូង​»​បាន​បើករថយន្ត​បុក​កូនសិស្ស​ស្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ  រួច​ចុះ​ទះកំផ្លៀង និង​ជេ​ប្រមាថ​នាង​យ៉ាង​ចាស់ដៃ កាលពី​រសៀល​ថ្ងៃ​ទី​១៦​មក​រា នៅ​ចំនុច​ផ្លូវលំ​មួយ​កន្លែង ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ហើយ​ថែម​ទាំង​រារាំង​មិន​ឲ្យ​កម្លាំង​នគរបាល​ចរាចរ​ណ៏​ចុះ​អនុវត្ត​ច្បាប់​ទៀត​ផង ដោយសារ​តែ​ស្ត្រី​ជើង​ខ្លាំង​រូប​នេះ​អាងខ្នង​លោក​អធិការ​ក្រុង​បាត់ដំបង​ជួយ​អន្តរា​គម​ន៏​ពីក្រោយ​។

លោក​ម៉ែ​ន បូ​រី នាយ​ផ្នែក​ដំណោះស្រាយ ការិយាល័យ​ចរាចរ​ណ៏​ខេត្ត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជើង​ខ្លាំង​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​នោះ​ឈ្មោះ​តាំង សុ​គ​ន្ធា អាយុ​៣១​ឆ្នាំ ជា​ថៅកែ​អាហារ​ដ្ធា​ន​«​គោដុត​ម្លប់​ដូង​» មា​នទី​តាំងនៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ព​ណ៏​ស្ករ គ្មាន​ស្លាក​លេខ  រីឯ​ជន​រង​គ្រោះ​ឈ្មោះ​កែវ គឹ​ម​លួ ស្រី​អាយុ​២៥​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ថ្មី ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​បាត់ដំបង 2R-7856 ។

លោក​ម៉ែ​ន បូ​រី បញ្ជាក់​ថា ម្ចាស់​ហាង​គោដុត​ម្លប់​ដូង​នោះ បើករថយន្ត​បុក​ម៉ូតូ​នារី​កូនសិស្ស ហើយ​ព្យាយាម​បើក​រត់ តែ​ត្រូវ​នារី​រង​គ្រោះ​រារាំង ទើប​ធ្វើ​ឲ្យ​ស្ត្រី​ជើង​ខ្លាំង​នោះ​ក្ដៅក្រហាយ​ក៏​ចុះ​ពី​រថយន្ត​ទៅ​ទះកំផ្លៀង ហើយ​ជេ​ប្រមាថ​នាង​កប់​ៗ​មាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រួច​ស្ត្រី​រូប​នេះ​បើករថយន្ត​ទៅ​ទុក​ខាង​មុខ​ហាង​របស់​ខ្លួន​ធ្វើ​ប្រ​ងើយ ថែម​ទាំង​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​យក​រថយន្ត​ទៅ​កាន់​ស្នងការ​ទៀត​ផង ដោយសារ​ស្ត្រី​រូប​នេះ​អាងខ្នង​លោក​យឹ​ម វិចិត្រ អធិការ​ក្រុង​បាត់ដំបង​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា រវាង​ម្ចាស់​រថយន្ត​បង្ក​និង​កម្លាំង​សមត្ថកិច្ច បាន​អូស​បន្លាយពេល​ជា​ច្រើន​ម៉ោង រហូត​ត្រូវ​សុំ​ជំនួយ​ពី​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត​បន្ថែម​ទៀត​ផង​។ លុះដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ក្រោយ​ពី​មាន​បទបញ្ជា​ពី​លោកស្នងការ​ខេត្ត ទើប​ម្ចាស់​ព្រម​ប្រគល់​រថយន្ត​ឲ្យ​សមត្ថកិច្ច និង​ចូលខ្លួន​ទៅ​បំភ្លឺ ខណៈ​ជន​រង​គ្រោះ​ប្ដឹង​ពី​បទ​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​ផង និង​ប្ដឹង​ពី​បទ​បង្ក​របួស និង​ជេ​ប្រមាថ​ផង​។

តាម​ការ​បំភ្លឺ​ពី​សាក្សី​ថា ផ្លូវ​កន្លែង​គ្រោះថ្នាក់​នោះ​គឺ​រួម​តូច​ចង្អៀត ហើយ​ស្ត្រី​ថៅកែ​ហាង​នោះ​បាន​បើក​ទៅ​បុក​នារី​ជិះ​ម៉ូតូ តែ​មិន​ធ្ងន់ធ្ងរ​ទេ​។ សាក្សី​បន្ត​ថា ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​ស្ត្រី​ម្ចាស់​រថយន្ត​មិន​ព្រម​ចុះ​មក​ដោះស្រាយ​ទេ  បែរជា​ព្យាយាម​បើក​រត់ តែ​ត្រូវ​ជន​រង​គ្រោះ​រារាំង​ពីមុខ​រថយន្ត ស្រាប់តែ​ស្ត្រី​ជើង​ខ្លាំង​បាន​ចុះ​ទៅ​ទះកំផ្លៀង​នារី​រង​គ្រោះ ហើយ​ស្រែក​ជេ​ប្រមាថ​នាង​កប់​ៗ​មាត់ និង​ប្រតាយប្រតប់​គ្នា​ផ្អើល​ពេញ​ផ្លូវ​តែ​ម្ដង​។ អ្នក​ឃើញ​ហេតុ​ការ​ណ៏​នេះ​បញ្ជាក់​ថា បន្ទាប់​ពី​ទះកំផ្លៀង និង​ជេ​ប្រមាថ​នាង​អស់ចិត្ត ស្ត្រី​ជើង​ខ្លាំង​បាន​ឡើង​រថយន្ត​បើក​ចេញ​ទៅ​បាត់ លុះ​បន្តិច​ក្រោយមក​ទើប​សមត្ថកិច្ច​ចុះ​ទៅ​ដល់ និង​តាម​យក​រថយន្ត​បង្ក​ដល់​ហាង​គោដុត​ម្លប់​ដូង​នោះ​។
ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​កម្លាំង​នគរបាល​ចរាចរ​ណ៏​ចុះ​ទៅ​យក​រថយន្ត​ដល់​ហាង​គោដុត​ម្លប់​ដូង ម្ចាស់​រថយន្ត​បង្ក​នេះ មិន​ព្រម​ប្រគល់​រថយន្ត​ឲ្យ​សមត្ថកិច្ច​យក​ទៅ​កាន់​ស្នងការ​ខេត្ត​ទេ ដោយសារ​តែ​ស្ត្រី​ជើង​ខ្លាំង​រូប​នេះ​អាង​លោក​យឹ​ម វិចិត្រ អធិការ​ក្រុង​បាត់ដំបង ចាំ​កាង​នៅ​ពីក្រោយ​។ ប្រភព​បាន​បញ្ជាក់​ថា គ្រានោះ​លោក​យឹ​ម វិចិត្រ បាន​គំរាម​តាម​វិទ្យុទាក់ទង​យ៉ាង​ចាស់ដៃ ទៅ​លើ​កម្លាំង​នគរបាល​ចរាចរ​ណ៏​ខេត្ត ដែល​ចុះ​អនុវត្ត​ការងារ​នេះ ដោយ​រារាំង​មិន​ចង់​ឲ្យ​កម្លាំង​ជំនាញ​នាំ​យក​រថយន្ត​បង្ក​នេះ​យក​ទៅ​កាន់​ស្នងការ​ដ្ធា​ន​ខេត្ត ដោយ​លោក​អធិការ​ដ៏​មហិមា​នេះ ចាត់​ទុក​ថា វា​ជា​រឿង​កំប៉ិកកំប៉ុក​។ សមត្ថកិច្ច​បាន​ចំណាយពេល​ជា​ច្រើន​ម៉ោង​ទម្រាំ​ជន​បង្ក​ប្រគល់​រថយន្ត បន្ទាប់​ពី​លោកស្នងការ​ខេត្ត​ចេញ​បញ្ជា​ដាច់ខាត​ឲ្យ​យក​រថយន្ត​ទៅ​កាន់​ស្នងការ​ខេត្ត​ឲ្យ​ខាង​តែ​បាន បើ​ទោះជា​លោក​អធិការ​ក្រុង​ចេញ​មុខ​កាង​បែប​ណា​ក្ដី​។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែរ​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោកស្នងការ​ខេត្ត​បាន​ប្រមា​ន​លោក​អធិការ​ក្រុង​ដ៏​មហិមា​នោះ​ទៀត​ផង ដែល​ពួ​កែ​ខាង​កាង​បទល្មើស​។

លោក​ម៉ែ​ន បូ​រី នាយ​ផ្នែក​ដំណោះស្រាយ ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​បាន​បញ្ជាក់​ថា នារី​រង​គ្រោះ​បាន​ចូល​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​រួច​ហើយ  ហើយ​នាង​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ​នៅ​ការិយាល័យ​ជំនាញ ប្រឆាំង​ស្ត្រី​ជើង​ខ្លាំង​ឈ្មោះ​តាំង សុ​គ​ន្ធា នោះ​ដែរ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​នេះ មិន​ធ្ងន់ធ្ងរ​ទេ តែ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ដោយសារ​តែ​ស្ត្រី​ម្ចាស់​រថយន្ត​នោះ បុក​គេ​ហើយ​មិន​ព្រម​ទ​ទូល​ខុស​ត្រូវ ថែម​ទាំង​ជេ​ប្រមាថ និង​បង្ក​ហឹ​ង្សា​ទៅ​លើ​ជន​រង​គ្រោះ​ទៀត  ហើយ​កាន់តែ​តានតឹង​ទ្វេ​ដង​ទៀត   បន្ទាប់​ពី​មាន​លោក​ធំ​ចេញ​មុខ​កាង​ជន​បង្ក​។

ជុំវិញ​ករណី​នេះ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​យឹ​ម វិចិត្រ អធិការ​ក្រុង​បាត់ដំបង​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​មក​រា​។ ដោយឡែក លោក​ម៉េ​ង លៀង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក៏​បាន​បញ្ជាក់​ដែរ​ថា ក​រិ​យា​ល័យ​របស់​លោក​ក៏​បាន​ទ​ទូល​ពាក្យបណ្ដឹង​នារី​រង​គ្រោះ​ឈ្មោះ​កែវ គឹ​ម​លួ នោះ​ដែរ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​មក​រា​។ លោក​ថា នារី​រង​គ្រោះ​បា​នប​ប្ដឹង​ចោទប្រកាន់​ម្ចាស់​រថយន្ត​នោះ​ពី​បទ​«​បង្ក​របួស​ស្នាម​» ហើយ​មន្ត្រី​ជំនាញ​របស់​លោក​កំពុង​ចាត់វិធានការ​លើ​ករណី​នេះ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ហើយ​៕