ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​ផ្សារ​ដើម​ថ្កូវ សហការ​ជាមួយ​​កម្លាំង​ប្រជា​ការពារ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ធ្វើការ​ស្រាវជ្រាវ​​​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ក្រោយ​ពី​រូបគេ​និង​បក្សពួក​ម្នាក់​ទៀត​ បាន​ធ្វើ​សកម្ម​ភា​ព​​គាស់​​ផ្ទះ​ចូល​​លួច​យក​ម៉ូតូ​មួយ​គ្រឿង​បាន​ហើយ​យក​ទៅ​លាក់​ទុក​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​​​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី១៧ ​មករា​ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៣៥២ ​​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ​។

​មន្ត្រី​នគ​របាល​​​បាន​ឱ្យ​ដឹង​ថា ​​ជនសង្ស័យ​​ឈ្មោះ សូ បញ្ញា អាយុ​២០​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ​។ ​ចំណែក​ម្ចាស់​ម៉ូតូ​​ឈ្មោះ ហេង ស៊ី​ណូ អាយុ២៥​ឆ្នាំ ​ជា​និស្សិត ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ​ ។​

មន្ត្រី​នគ​របាល​​​បាន​បន្ត​​ថា ​​​នៅ​យប់​មុន​កើតហេតុ​ ​​​ម្ចាស់​ម៉ូតូ​​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​នៅ​ខាងក្រោម និង​ឡើង​ទៅ​ដេក​លើ​ឡៅតឿ​​ ដោយ​គ្រាន់តែ​យក​ខ្សែ​​​ចង​ទ្វារ​បិទ ​និង​មិន​បាន​ចាក់សោ​ត្រឹមត្រូវ​ឡើយ​ លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក​ចុះ​មក​​ក្រោម​​ឃើញ​ទ្វារ​ចំហហើយ​បាត់​ម៉ូតូ​ ​។ ​ក្រោយ​​​កើត​ហេតុ​ យុវ​និស្សិត​ម្ចាស់​ម៉ូតូ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើ​ថ្កូវ ​ហើយ​​កម្លាំង​ប្រជា​ការពារ​សង្កាត់​ផ្សា​ដើម​ថ្កូវ​​​ក៏​​ធ្វើការ​ស្រាវជ្រាវ​ទើប​​​ឈាន​ទៅ​​​ឃាត់ខ្លួន​​ជនសង្ស័យ​ខាងលើ​បាន​ម្នាក់​​ចំណែកឯ​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​សារ​ភាព​​​ថា ​​គេ​​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជួល​ខាងលើ​លួច​យក​ម៉ូតូ​មួយ​គ្រឿង​របស់​យុវ​និស្សិត​ខាងលើ​​ប្រាកដ​មែន ដោយ​បាន​យក​ទៅ​លាក់​ទុក​នៅ​កន្លែង​ផ្ញើម៉ូតូ​ខាងលើ​ ។​

ជនសង្ស័យ​​ម្នាក់​ខាង​លើ ត្រូវ​បាន​សមត្ថកិច្ច​​ធ្វើ​កំណត់​ហេតុ​បញ្ជូន​​ទៅ​​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​នី​តិ​វិធី​​ ។ ចំណែក​ម៉ូតូ​​ដែល​ដក​ហូត​បាន​ត្រូវ​បាន​​នគរបាល​​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​​ ៕​