ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

​យោង​តាម YONHAP ថា អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង សហរដ្ឋ​អា​មេ​រិ​ក និង​ជប៉ុន កាលពី​ថ្ងៃ​ទី​១៦ មក​រា បាន​ព្រមព្រៀង​គ្នា​ស្វែងរក​ចម្លើយ​តប​ដ៏​ខ្លាំង និង​ជា​សាកល​មួយ​ប្រឆាំង​កូរ៉េ​ខាងជើង បន្ទាប់​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ របស់​ប្រទេស​នេះ ។

លោក LIM SUNG NAM អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា យើង​បាន​ព្រមព្រៀង​គ្នា​បញ្ជូន​សារ​ខ្លាំង និង​ច្បាស់លាស់​មួយ​ចំពោះ​កូរ៉េ​ខាងជើង​តាម​រយៈ​បណ្តា​វិធានការ​បន្ថែម​ទៀត​។ លោក​បន្ត​ថា ប្រសិនបើ​សហគមន៍​អន្តរជាតិ​ពុំ​ព្រម​ធ្វើ​សកម្មភាព​នា​ពេល​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​នោះ​នឹង​ត្រូវ​បង់​តម្លៃ​មួយ​យ៉ាង​ខ្ពស់​បំផុត ។

ការ​អះអាង​ទាំងនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​ត្រីភាគី​នៅ​ទីក្រុង​តូ​ក្យូ​ជាមួយ​អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក TONY ALINKEN និង​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក​អា​គី តា​កា សា​អីុ​គី ។ នេះ​ជា​ការពិគ្រោះ​យោបល់​គ្នា​កម្រិត​ខ្ពស់​មួយ​រវាង​ប្រទេស​ទាំង​៣ ចាប់តាំងពី​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៦ មក​រា មក ។

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បច្ចុប្បន្ន​កំពុង​តែ​ធ្វើការ​លើ​ដំណោះស្រាយ​មួយ​ស្តី​ពី​ការ​ដាក់​ទណ្ឌកម្ម​ក្រុង​ព្យុ​ង​យ៉ាង ។

ភាគី​ទាំង​៣​អំពាវនាវ​រួម​គ្នា​ដល់​ប្រទេស​ចិន​ឱ្យ​ចូលរួម​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ឋានៈ​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កូរ៉េ​ខាងជើង ។ អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក BLINKEN និយាយ​ថា ជប៉ុន កូរ៉េ​ខាងត្បូង ចិន រុ​ស្ស៊ី និង​សហរដ្ឋ​អា​មេ​រិ​ក សុទ្ធតែ​មាន​ចំណែក​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ស្ថេ​រ​ភាព​ក្នុង​តំបន់​នេះ ដូច្នេះ​យើង​ត្រូវធ្វើ​សកម្មភាព​រួម​គ្នា ។

ចំណែក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ថ្លែង​ដែរ​ថា ប្រទេស​របស់​លោក​ចង់ឱ្យ​ចិន​ដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​កូរ៉េ​ខាងជើង​ឱ្យ​បញ្ចេញ​ប្រតិកម្ម​ដោយ​សម​ស្រប ហើយ​រួម​សហការ​ដើម្បី​អនុម័ត​ដំណោះស្រាយ​មួយ ៕