ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ ឈើ​ហ៊ុ​ប​មូល និង​ឈើ​អារ​ឡាំង សុទ្ធ​សឹង​ជា​ប្រភេទ​ឈើ​លេខ​១ ប្រភេទ​សុ​ក្រំ និង​គគីរ​រាប់​ពាន់​ដើម​ដែល​ស្តុក​នៅ​ព្រៃ​ខាងក្នុង និង​ខាងក្រៅ​បរិវេណ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​របស់​ចិន មា​នទី​តាំងនៅ​ឃុំ​រលួស និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ត្រូវ​បាន​ក្រុម​មន្ត្រី​កងរាជអាវុធហត្ថ​ចុះ​ស្រាវជ្រាវ​បង្ក្រាប​នៅ​ថ្ងៃ​ទី​១៧ មក​រា ២០១៦ ។

យុទ្ធនាការ​ក្តៅ​គគុក​មួយ ដែល​បាន​ធ្វើ​ឡើង​ក្រោយ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល កម្លាំង​អាវុធហត្ថ​ខេត្ត​ចំនួន​ជាង​៤០​រូប ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី  សាន ប៊ុ​ន​ថា មេ​បញ្ជា​ប៉េ​អឹ​ម​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​រុករក​ឃើញ​គំនរ​ឈើ​សុ​ក្រំ និង​ឈើ​គគីរ ធំ​ៗ​ចំនួន​រាប់​ពាន់​ដើម​ដែល​ស្តុក​នៅ​ក្នុង និង​ក្រៅ​បរិវេណ​ក្រុមហ៊ុន​វិនិយោគ​ព្រៃ​សម្បទាន របស់​ចិន​ឈ្មោះ​ឆាយ​ណា ឌី​ណា​ម៉ិច​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​ព្រៃ​ឃុំ​រលួស និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ជា​ព្រៃ​មួយ​មាន​អំណោយផល​ល្អ​សម្រាប់​ការ​ដឹក​ជញ្ជូន​ឈើ​ហ៊ុ​ប និង​ឈើ​អារ​របស់​ឈ្មួញ ចេញពី​ព្រៃ​ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌល​គី​រី នាំ​មក​ស្តុក​តាម​បណ្តា​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន​នៅ​តំបន់​នោះ និង​បាន​ធ្វើការ​ដឹក​ចេញ​ក្រោម​រូបភាព​ជា​ឈើ​របស់​ក្រុមហ៊ុន​។

ក្រោយ​ពី​ការ​រុករក​ឃើញ​ទីតាំង​ស្តុក​ឈើ​ហ៊ុ​ប​មូល​ចំនួន​រាប់​ពាន់​ដើម​ដែល​ត្រូវ​បាន កាប់​អារ​ដឹក​យក​មក​ស្តុក​ជា​គំនរ​ចំនួន​រាប់​ពាន់​ដើម​យ៉ាង​រដូករណែល​បែប​នេះ ។ រហូត​មក ទល់​នឹង​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​វិធាន​ការណ៍​បែប​ណា​នៅឡើយ​ទេ​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ត្រី សាន ប៊ុ​ន​ថា​ន មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ខេត្តក្រចេះ បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មក​រា នេះ​ថា ក្រោយ​ការ​រុករក​ឃើញ សមត្ថកិច្ច​និង​នៅ​ឈរជើង​ឲ្យ​ជាប់ និង​ទីតាំង​មួយ​នេះ ដោយ​រង់ចាំ គណៈ​ក​ម្មា​ការ​ដែល​បង្កើត​ថ្មី​មក​ពិនិត្យ​ដើម្បី​មាន​វិធាន​ការណ៍​។

មិន​អាច​សុំ​ទាក់ទង​បាន​ទេ​ទៅ​លោក​សុខ គោ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រលួស ក្នុង​ហេតុការណ៍​វិនាសកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នេះ នៅ​ថ្ងៃ​ទី​១៧ មក​រា ។ បើ​តាម​លោក​ប៊ួ​យ រតនា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឈើ​ទាំងនេះ គឺ​ក្រុមហ៊ុន​មានច្បាប់​ឈូស​ឆាយ កាប់ អារ ច្រៀក​ត្រឹមត្រូវ​។ តែ​ទោះ​យ៉ាងណា មេព្រៃ​របស់​លោក​នឹង​ធ្វើ​នីតិវិធី​ផ្ទៀងផ្ទាត់​តួលេខ​ឈើ​ជាមួយនឹង​ច្បាប់​របស់ ក្រុមហ៊ុន ដើម្បី​ធ្វើ​នីតិវិធី​៕