ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តពោធិ៍សាត់​ ៖​ មាន​ប្រសាសន៍​សំណេះសំណាលជាមួយ​យុវជន​ជំនាន់​ក្រោយ ក្នុង​ឱកាសប្រកាស​សុពលភាព​ សមាសភាព​ ថ្នាក់ដឹកនាំ​ក្រុមការងារ​យុវជន​ស្រុក​ភ្នំ​ក្រវាញ​ ​និង​សម្ពោធ​សាលា​បណ្តុះបណ្តាល​ជំនាញ​បន្ថែម នា​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ ២០១៦ នៅ​ស្នាក់​ការ​គណបក្ស​ស្រុក លោក ខួ​យ សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​​បាន​ផ្តាំផ្ញើ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ​ត្រូវធ្វើ​ឲ្យ​ដូច​យុវជន​ជំនាន់​មុន​ ។

​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក​អគ្គិស​នី​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​ខេត្ត​ បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​៥ ដែល​ក្រុមការងារ​យុវជន​ខេត្ត បាន​ធ្វើ​ពិធី​ប្រកាស​សុពលភាព សមាសភាព ថ្នាក់ដឹកនាំ​ក្រុមការងារ​យុវជន​ថ្នាក់​ស្រុក ឃុំ​ និង​ភូមិ​ មាន ស្រុក​បាកាន ស្រុក​ក្រគរ ស្រុក​កណ្តៀង ស្រុក​វាល​វែង ​រួច​មក​​​កាលពី​ចុងឆ្នាំ២០១៥ ​និង​នៅ​ក្រុង​ពោធិ៍សាត់​មួយទៀត​ដែលត្រៀម​ធ្វើ​នា​ពេល​ខាង​មុខ​នេះ​ ។ លោកបាន​​បន្ត​​ថា ដោយ​ទទួល​បាន​លិខិត​លេខ​៥​ចុះ​ថ្ងៃ​ទី​២៩ ​ខែមិថុនា​ ឆ្នាំ​២០១៥ សេចក្តីណែនាំរបស់​ប្រធាន​ក្រុមការងារ​យុវជន​ខេត្ត ​និង​គណបក្ស​ខេត្ត ស្តី​ពី​រចនាសម្ព័ន្ធ​ក្រុមការងារ​យុវជន​ស្រុក​ភ្នំក្រវាញ​មាន​ចំនួន​១៩៣​នាក់ ​ក្នុង​នោះ​ថ្នាក់​ស្រុក​៦​នាក់ ថ្នាក់​ឃុំ២១​នាក់​ និង​ថ្នាក់​ភូមិ​១៦៦​នាក់ ​។

លោក​ ទី នរិន្ទ អាជ្ញាធរ​អគ្គស​នី​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ​បាន​លើក​ឡើង​ថា ផ្អែក​តាម​គម្រោង​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​ក្រុមការងារ​យុវជន​គ្រប់​ស្រុក តម្រូវ​ឲ្យ​យុវជន​តាម​ស្រុក​ទៅ​រៀន​នៅ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ខេត្ត​នោះ ទើប​ក្រុមការងារ​បាន​ឯកភាព​ព្រមព្រៀង​កសាង​បាន​អគារ​សាលា​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​នៅ​ស្នាក់​ការ​ស្រុក​ ដើម្បី​ឲ្យ​យុវជន​ទាំង​៧​ឃុំ​មក​សិក្សា ​។ ​អគា​ថ្ម​មាន​បណ្តោយ​២៥​ម៉ែត្រ​ ទទឹង​៦​ម៉ែត្រ មាន​២​បន្ទប់​ ចាប់ផ្តើម​ស្ថាបនា​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស​នា​ពេល​នេះ សម្រាប់​បណ្តុះបណ្តាល​ជំនាញ​កាត់ដេរ​និង​កំ​ព្យូ​ទ័រ ។​

​លោក​ខូ​យ សុខា បាន​បញ្ជាក់​ថា ការ​ជួបជុំ​គ្នា​នៅ​ពេល​នេះ ​គឺ​មានគោលបំណង​ប្រកាស​ទទួលស្គាល់​សមាសភាព​ក្រុមការងារ​យុវជន​ថ្នាក់​ស្រុក ឃុំ​និង​ភូមិ​ ក្នុងស្រុក​ភ្នំក្រវាញ​ បន្ទាប់ពី​បាន​ប្រារព្ធ​ធ្វើ​ជា​បន្តបន្ទាប់​នៅ​ស្រុក​បាកាន ក្រគរ កណ្តៀង វាល​វែង​រួច​មក​ហើយ​ ។ ការ​ចងក្រង​រចនាសម្ព័ន្ធ​យុវជន​នេះ​ឡើង​ងាយស្រួល​ក្នុង​ការងារ​គ្រប់គ្រង​ដឹកនាំ​​ជំរុញ​​ការ​អភិវឌ្ឍនៅ​មូលដ្ឋាន​ ៕