ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) Page​ ផ្លូវការរបស់សម្តេចបង្ហោះនៅប៉ុន្មាន នាទីនេះមានខ្លឹមសារទំាងស្រុងថា "​មុននេះបន្តិច ​មិត្តកំសត់កម្ររបស់ខ្ញុំគឺ ​នាយឧត្តមសេនីយ​ ញ៉ឹក ហួន ​បានលាចាកពីក្រុមគ្រួសារ​ ពីមិត្តភ័ក្តិ ពីខ្ញុំរៀងរហូតហើយ។ រយះពេល៤៦ឆ្នាំដែលយើងស្គាល់គ្នា​ ពិសេសគ្រាដែលលំបាកបំផុតនាយប់​ថ្ងៃទី២០ខែមិថុនា​ ឆ្នាំ១៩៧៧​ ​ពេលដែលយើងចាប់ផ្តើមវាយពួក ប៉ុល ពត ។ បងបានប្តូរផ្តាច់ការពារជីវិតខ្ញុំ ​ដោយសុខចិត្តស្លាប់​ខ្លួនឯងក្នុងចំការមីន។

យើងជាប់គុកជាមួយគ្នា ​ស៊ីអត់ស៊ីឃ្លានជាមួយគ្នា ​បារីមួយដើមជក់ជាមួយគ្នា។ល។​ យើងបានកសាងកងទ័ពជាមួយគ្នា​ដើម្បីវាយពួក ប៉ុលពត ។​ បងមានអាយុច្រើនជាងខ្ញុំ តែបងគោរពខ្ញុំ ​ពេលខ្ញុំមិនស្រួលខ្លួនបងចាប់ខ្ញុំកោសខ្យល់​ប្រៀបដូចបងថែទាំប្អូន ។ ​ពេលលំបាកយើងយំទាំងអស់គ្នា ​តែពេលនេះបងលែង​បានយំទៀតហើយ​នៅឡើយតែខ្ញុំត្រូវ​បន្តយំស្តាយស្រណោះបង ។

សូមជូនដំណើរបងត្រឹមនេះ​ តែបងនៅតែស្ថិតក្នុង​បេះដូងខ្ញុំរហូតខ្ញុំអស់ជីវិត "៕