ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ ក្រុមគ្រួសារ៣នាក់ឪពុក ​ម្តាយនិងកូនស្រី ​បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ដោយសាររថយន្តកូរ៉ូឡាមួយ​គ្រឿងបើកជែងជ្រុលមកបុកម៉ូតូ​ជនរងគ្រោះដែលកំពុងជិះឌុបគ្នា ។ ​ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅ​វេលាម៉ោង៤រសៀលថ្ងៃទី១៧ មករា ២០១៦​ នៅតាមបណ្តោយផ្លូវលេខ៥៧​ ស្ថិតក្នុងភូមិបឹងរំាង ​សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ។

ជនរងគ្រោះដែលស្លាប់​ទំាង៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណ​ច្បាស់លាស់នៅឡើយទេ ​គ្រាន់តែសាក្សីស្គាល់ថាឪពុកឈ្មោះ ​សម្បត្តិ និង ​កូនស្រីឈ្មោះ ​សម្បត្តិ ស្រីមាន អាយុជិតជិត២០ឆា្នំ ​។ សេចក្តីរាយការណ៍បន្តថា​ រថយន្តបង្កដែលបើកជែងក្នុងទិស​ដៅពីលិចទៅកើតជ្រុលទៅបុកម៉ូតូC125 ​ពាក់ស្លាកលេខបាត់ដំបអ ​1D 3650 នោះម៉ាកកូរ៉ូឡាចង្កូតស្តំា​ស៊េរីចាស់ ​ព៌ណខ្មៅ ​ពាក់ស្លាកលេខ​បាត់ដំបង 2A 2331 ។ ចំណែកអ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណបានរត់គេចបាត់ក្រោយសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ៕