សហយុទ្ធមិត្ត​សម្តេចតេជោ​ លោក ញឹក ហួន បាន​ទទួលមរណភាព​

ភ្នំពេញ៖ សហយុទ្ធមិត្តរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហាម របស់ម្តេចតេជោ ហ៊ុន សែន បានទទួល មរណភាពហើយ  នេះបើយោងតាមសារ ក្នុងបណ្តាញទំនាក់ទំនង ហ្វេកប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ បញ្ជាក់ថា "មុននេះបន្តិច មិត្តកំសត់កម្ររបស់ខ្ញុំគឺ នាយឧត្តមសេនីយ ញ៉ឹក ហួន បានលាចាក ពីក្រុមគ្រួសារ ពីមិត្តភ័ក្តិ ពីខ្ញុំ រៀងរហូតហើយ។ រយៈពេល ៤៦ឆ្នាំ ដែលយើងស្គាល់គ្នា ពិសេសគ្រាដែល លំបាកបំផុត នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពេលដែលយើងចាប់ ផ្តើមវាយពួក ប៉ុល ពត។ បងបានប្តូរផ្តាច់ ការពារជីវិតខ្ញុំ ដោយសុខចិត្តស្លាប់ខ្លួនឯង ក្នុងចំការមីន"។

សម្តេច បានបញ្ជាក់ទៀតថា "យើងជាប់គុកជាមួយគ្នា ស៊ីអត់ស៊ីឃ្លានជាមួយគ្នា បារីមួយដើមជក់ជាមួយគ្នា។ល។ យើងបានកសាងកងទ័ពជាមួយគ្នា ដើម្បីវាយពួក ប៉ុលពត។ បងមានអាយុច្រើនជាងខ្ញុំ តែបងគោរពខ្ញុំ ពេលខ្ញុំមិនស្រួលខ្លួនបងចាប់ខ្ញុំ កោសខ្យលប្រៀបដូចបងថែទាំប្អូន។ ពេលលំបាកយើងយំ ទាំងអស់គ្នា តែពេលនេះ បងលេងបានយំទៀតហើយ នៅឡើយតែខ្ញុំត្រូវបន្តយំស្តាយស្រណោះបង។ សូមជូនដំណើរបងត្រឹមនេះ តែបងនៅតែស្ថិតក្នុងបេះដូងខ្ញុំរហូតខ្ញុំអស់ជីវិត"៕

គួរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ កន្លងមកនេះ បន្ទាប់ពីតាមដំណឹងតាមរយៈ Facebook ថាអតីតមិត្តរួមអាវុធ លោក ញឹក ហួន មានជំងឺជាទម្ងន់ សម្តេច ក៏បានចុះទៅសួរសុខទុក្ខ និងបានលើកទឹកចិត្តឲ្យគាត់ទៅ ព្យាបាលនៅមន្ទីរពេទ្យ ទោះបីស្ថានភាពជំងឺ បែបណាក៏ដោយ ចំពោះរូបសម្តេច គឺតែងតែនឹករឮក និងចងចាំជានិច្ច ចំពោះសហការី មិត្តរួមអាវុធទាំងអស់ដែលបានចូលរួមតស៊ូរំដោះ ប្រទេសពីរបបខ្មែរក្រហម ដូចជារូបលោក ញឹក ហួន ផ្ទាល់ដែលនៅក្រោយឆ្នាំ ១៩៧០ បានចូលរួមតស៊ូនៅអង្គភាពជាមួយគ្នា ហើយនៅថ្ងៃទី ២០ មិថុនា ឆ្នាំ១៩៧៧ គាត់បានចូលរួមជាមួយ សម្តេចចាប់ផ្តើមវាយពួក ប៉ុល ពត" ។

សម្ដេច ក៏បានសរសេរទៀតថា គាត់ក្លាយជាអ្នកចូលរួម កសាងកម្លាំងប្រដាប់អាវុធ ផ្តួលរំលំរបបខ្មែរក្រហម ហើយក៏បានក្លាយជាមេបញ្ជាការ កងអនុសេនាធំមុនគេនៅពេលនោះ។ ជាបន្តបន្ទាប់ នៅពេលបង្កើតកងវរះសេនាតូច គឺគាត់ជាមេបញ្ជាការមុនគេ ។ ក្រោយពេលរំដោះប្រទេសថ្ងៃ ៧ មករា ១៩៧៩ បង្កើតកងពលតូចលេខ១ ការពារភ្នំពេញ គាត់ជាមេបញ្ជាការដំបូងទៀត។ នៅពេលបង្កើតកងពលធំលេខ ១៩៦ គាត់ក៏ជាមេបញ្ជាការលើកដំបូងទៀត។ លោក ញឹក ហួន មានស្នារដៃច្រើនចំពោះជាតិ។ សព្វថ្ងៃលោក ញឹក ហួន ជាឧត្តមសេនីយ៍ផ្កាយមាសបួន មានមុខងារជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

សម្ដេច បានសរសេរលើកឡើងទៀតថា "ថ្ងៃនេះពេលខ្ញុំទៅដល់ផ្ទះគាត់ នាយទាហានជាន់ខ្ពស់ដែលទៅ សួរសុខទុក្ខបានប្រាប់ខ្ញុំថា គាត់មិនផ្តាំផ្ញើអ្វីច្រើនទេគឺមានតែពាក្យថាត្រូវតែការពារ សម្តេច ហ៊ុន សែន ឱ្យបាន មានន័យថាជីវិតគាត់មិនសំខាន់ជាងជីវិតខ្ញុំទេ ដូចដែលគាត់បានធ្វើនៅយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៦ ពេលឆ្លងកាត់ចំការមីនជាប់ព្រំដែនកម្ពុជា-វៀតណាម គឺគាត់ជាអ្នករាវរក និងដោះមីនមុននឹងឱ្យខ្ញុំ ដើរមួយជំហ៊ានៗម្តង ពេលនោះគាត់ក៏និយាយថា បើខ្ញុំស្លាប់ក៏ស្លាប់ចុះឱ្យតែបង ហ៊ុន សែន ឯងនៅរស់ដឹកនាំការតស៊ូរំដោះជាតិ របៀបនេះតើឱ្យខ្ញុំទប់ទឹកភ្នែកម៉្តេចបាន ខ្ញុំបន់ស្រន់ឱ្យបង ញឹក ហួន បន្តការព្យាបាលបានឆាប់ជាសះស្បើយ"។

ជាចុងបញ្ចប់ សម្ដេចក៏បានសរសេរ បង្ហាញពីទឹកចិត្តរបស់សម្ដេចថា "បើទោះបីខ្ញុំនៅឆ្ងាយពីបងប្អូន ឬមិនបានជួបប្រាស្រ័យសន្ទនាដោយផ្ទាល់ គឺខ្ញុំតែងតែនឹករឮកដល់បងប្អូនអតីតមិត្តរួមអាវុធទាំងអស់ តែគួរអោយសោកស្តាយដែលបងប្អូន មួយចំនួនក៏បានលាចាកលោក ហើយមួយចំនួនទៀតកំពុងរស់នៅដោយសុខសប្បាយជាមួយក្រុមគ្រួសារ ខ្ញុំនៅតែបន្តយកចិត្តទុកដាក់ចំពោះបងប្អូន ជានិច្ចទៅតាមលទ្ឋភាពជាក់ស្តែងដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំសូមជូនពរប្អូនអតីត មិត្តរួមអាវុធតស៊ូរំដោះជាតិទាំងអស់ សូមជួបតែសំណាងល្អ និងសេចក្តីសុខគ្រប់ពេលជានិច្ច" ៕

 

សហយុទ្ធមិត្ត​សម្តេចតេជោ​ លោក ញឹក ហួន បាន​ទទួលមរណភាព​

សហយុទ្ធមិត្ត​សម្តេចតេជោ​ លោក ញឹក ហួន បាន​ទទួលមរណភាព​

សហយុទ្ធមិត្ត​សម្តេចតេជោ​ លោក ញឹក ហួន បាន​ទទួលមរណភាព​

សហយុទ្ធមិត្ត​សម្តេចតេជោ​ លោក ញឹក ហួន បាន​ទទួលមរណភាព​

សហយុទ្ធមិត្ត​សម្តេចតេជោ​ លោក ញឹក ហួន បាន​ទទួលមរណភាព​