សហគមន៍​និង​សង្គម​ស៊ីវិល​នៅ​ខេត្ត​ស្ទឹងត្រែង​ស្នើ​នាយក​រដ្ឋមន្ត្រី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ

សហគមន៍​ការពារ​ព្រៃ​ឈើ និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ភាគ​ឦសាន ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង ដូច​ខេត្ត​ត្បូងឃ្មុំ ដែរ។ ការ​ស្នើ​នេះ បន្ទាប់​ពី លោក ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ព្រមាន​ដក​តំណែង​អភិបាល​ខេត្ត​មួយ​ចំនួន បើ​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ដែល​ចរាចរ​ទៅ​ប្រទេស​វៀតណាម។

មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង គាំទ្រ​នូវ​វិធានការ​របស់ លោក ហ៊ុន សែន ដែល​បង្កើត​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ក៏ប៉ុន្តែ​ពួក​គាត់​ហាក់​ពុំ​មាន​ជំនឿ​ចំពោះ​វិធានការ​នេះ​ទេ ព្រោះ​កន្លង​មក សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​កើត​ឡើង​ជា​ប្រព័ន្ធ ខណៈ​ការ​ទប់ស្កាត់ និង​បង្ក្រាប​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ មាន​តិចតួច។

លើស​ពី​នេះ ពួក​គាត់​នៅ​តែ​មាន​មន្ទិល​ចំពោះ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់​រដ្ឋាភិបាល ដែល​អាច​ធ្វើ​ឡើង​ឲ្យ​តែ​បង្គ្រប់​កិច្ច បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​ពលរដ្ឋ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម។

អតីត​មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​អង្គការ​ការពារ​ទន្លេ​បី លោក មៀច មាន កត់​សម្គាល់​ថា វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់ លោក ហ៊ុន សែន ពុំ​មែន​ធ្វើ​ឡើង​ជា​លើក​ទី​មួយ​ទេ ដែល​ជា​សញ្ញា​អាច​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​អស់​ជំនឿ។ លោក​ជឿជាក់​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្រោម​រូបភាព​អភិវឌ្ឍ​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ កន្លង​មក​របស់​លោក​ឧកញ៉ា លឹម ប៊ុនណា ហៅ ខ្នា អាច​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល ដែល​មិន​ចង់​រក្សា​ព្រៃ​ឈើ​ឲ្យ​គង់វង្ស។ លោក​កត់​សម្គាល់​ទៀត​ថា ភាព​អនាធិបតេយ្យ​នៃ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ស្រែគរ គឺ​កើត​មាន​ដោយ​អ្នក​មាន​អំណាច បាន​យក​តួនាទី​អែប​ជាប់​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី ប៉ុន្តែ​ធាតុ​ពិត គឺ​កាប់​ព្រៃ​ឈើ​ធ្វើ​អាជីវកម្ម និង​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម ជាច្រើន​ឆ្នាំ​កន្លង​មក៖ «យើង​គាំទ្រ​ទៅ​លើ​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​ធាតុ​ពិត ឬ​ក៏​សកម្មភាព​ពិត មិន​មាន​សកម្មភាព ព្រោះ​អ្នក​ខាង​ក្រោម​ហាក់​ដូច​មិន​អើពើ​តឹងរ៉ឹង​ធ្វើ​តែ​មួយ​ភ្លែតៗ ដូច​ភ្លើង​ចំបើង កាល​ណា​ចប់​ប្រសាសន៍​ទៅ​មាន​សកម្មភាព​បន្ត​ទៀត»

កាល​ពី​ថ្ងៃ​ទី​១៥ មករា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ។ សមាសភាព​នៃ​គណៈកម្មការ​នេះ មាន​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ជា​ប្រធាន និង​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ហ៊ូ សាគុណ ជា​អនុប្រធាន។ លើស​ពី​នេះ ក៏​មាន​តំណាង​ក្រសួង​ពាក់ព័ន្ធ និង​អភិបាល​ខេត្ត​ចំនួន​៦ ជា​សមាជិក។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល លើក​ឡើង​ថា វិធានការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហាក់​ដូចជា​យឺត​ពេល បន្ទាប់​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ ទាំង​ឈើ​ប្រណិត និង​កាប់​ព្រៃ​រាន​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន កំពុង​ចាក់​ឫស​ជ្រៅ បណ្ដាល​ឲ្យ​ព្រៃ​ឈើ​វិនាស​ធ្ងន់ធ្ងរ​ប្រមាណ​ជាង ៧០​ភាគរយ បើ​ធៀប​ឆ្នាំ​២០០០។ លើស​ពី​នេះ ក៏​មាន​មន្ត្រី​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង។ លោក​កត់​សម្គាល់​ថា ខេត្ត​ស្ទឹងត្រែង គឺ​ជា​មុខ​សញ្ញា​មួយ​ដែល​មាន​លោក​ឧកញ៉ា លឹម ប៊ុនណា ហៅ ខ្នា និង​ឧកញ៉ា ទ្រី ភាព ធ្វើ​ជា​ទីតាំង​រក​ស៊ី​ឈើ និង​សម្រុក​កាប់​បំផ្លាញ​ព្រៃ​ជា​ប្រព័ន្ធ ឋិត​នៅ​ស្រុក​សេសាន និង​ស្រុក​សៀមប៉ាង៖ «អបអរ​សាទរ​ដែរ​ចំពោះ​វិធានការ​នាយក​រដ្ឋមន្ត្រី ទោះ​បី​បាន​សម្រេច មិន​បាន​សម្រេច យើង​នៅ​រង់ចាំ​មើល។ ទី​២ កាប់​ទន្ទ្រាន​ដី​ព្រៃ។ ទី​៣ ការ​ចរាចរ​ឈើ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ខេត្ត​ស្ទឹងត្រែង ដែល​ជា​សមាជិក​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ លោក ម៉ុម សារឿន បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ មករា ដោយ​លោក​ប្រាប់​យ៉ាង​ខ្លី​ថា កំពុង​ជាប់​រវល់។

សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​ស្រែគរ លោក ពុធ ឃឿន មាន​មន្ទិល​ចំពោះ​វិធានការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា តើ​យន្តការ​នេះ​មាន​ឥទ្ធិពល​កម្រិត​ណា​នោះ​ទេ? ជាក់ស្តែង​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន មាន​ព្រៃ​ស្រោង ឬ​ព្រៃ​ក្រាស់​អម​ដោយ​ឈើ​មូល​ធំៗ ត្រូវ​បាន​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​សម្រុក​កាប់​តាំង​ពី​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន ក្រោម​រូបភាព​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី៖ «បើ​គាត់​ទប់ស្កាត់​បាន​អាច​សេសសល់​ត្រឹម ៣០​ភាគរយ​ទៅ ៣៥​ភាគរយ។ ទប់ស្កាត់​ឲ្យ​អស់​សូម្បី​តែ​ឈើ​មួយ​កន្ទុយ​មិន​ឲ្យ​ចេញ​ក៏​ល្អ​ដែរ។ ឮ​ថា​រយៈពេល​ដែល​សម្ដេច​ប្រកាស​ថា តាម​ចាប់​មេ​ខ្លោង​ដែល​ប្រមូល​ទិញ​ឈើ ឬ​នាំ​ឈើ​ចេញ​ហ្នឹង តាម​ដេប៉ូ តាម​ពលរដ្ឋ​ដែល​លើក​ឡើង អ្នក​ខ្លះ​ដុត​ចោល​គំនរ​ឈើ»

មន្ត្រី​សង្គម​ស៊ីវិល​កត់​សម្គាល់​ថា យន្តការ​ទប់ស្កាត់​បទល្មើស​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​អាច​ធ្វើ​ឡើង​ដោយ​វ៉ៃ​ស្មៅ​បង្អើល​ពស់ បន្ទាប់​ពី​ឈ្មួញ​មាន​ឈើ​ជាច្រើន​រយ​ម៉ែត្រ​គូប​កំពុង​ស្តុក​ទុក​ក្នុង​តំបន់​មួយ​ចំនួន​នា​ខេត្ត​ភាគ​ឦសាន បាន​ត្រៀម​ដឹក​លាក់​ទុក ហើយ​អាច​មាន​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​ឈ្មួញ ផ្តល់​ដំណឹង​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។