មន្ត្រី​សមាគម​អាដហុក​នៅ​ខេត្ត​ពោធិ៍សាត់​បារម្ភ​ពី​សុវត្ថិភាព​បន្ទាប់​ពី​ត្រូវ​គេ​គំរាម​សម្លាប់

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ពោធិ៍សាត់ បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្រោយ​មាន​ការ​គំរាម និង​ជេរ​ប្រមាថ​តាម​ទូរស័ព្ទ​ដោយ​ជន​អនាមិក។ ករណី​គំរាម​កំហែង​កើត​មាន បន្ទាប់​ពី​មន្ត្រី​រូប​នេះ​ចុះ​ស៊ើប​អង្កេត​ករណី​ប្លន់​សម្លាប់​មនុស្ស​នៅ​ស្រុក​ភ្នំក្រវាញ។

មន្ត្រី​សមាគម​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា អះអាង​ថា លោក​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ វែក​រក​មុខ​ជន​អនាមិក ដោយ​ស្រាវជ្រាវ​តាម​រយៈ​លេខ​ទូរស័ព្ទ ០៩៧ ៩ ០០២ ០០៧ ដែល​ទូរស័ព្ទ​គំរាម​លោក​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៦។

លោក ភួង សុធា ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ថា ករណី​គំរាម លោក​មិន​ប្រាកដ​ថា​ជា​សាច់ញាតិ​ជន​រងគ្រោះ​ពី​អំពើ​ប្លន់ ឬ​សមត្ថកិច្ច​ណា​នោះ​ទេ តែ​លោក​សម្រេច​មិន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដោយ​គ្រាន់​តែ​ពិភាក្សា​រក​មុខ​ជន​អនាមិក​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែល​អាច​ដឹង​ជន​ប្រើ​លេខ​ទូរស័ព្ទ​នេះ។ លោក​ក៏​បារម្ភ​ពី​សុវត្ថិភាព​ដែរ ព្រោះ​ជន​នោះ​មិន​ប្រាប់​ឈ្មោះ ហើយ​លោក​សុំ​ជួប​ក៏​មិន​បាន៖ «នៅ​ម៉ោង ១ និង ៤៧​នាទី មាន​លេខ​ទូរស័ព្ទ​ហ្នឹង​មួយ​ខល​មក (ទូរស័ព្ទ​មក) បាន​និយាយ​ថា ម៉េច​ពួក​អា​សិទ្ធិ​មនុស្ស ពួក​អ្ហែង​ស្អី​ពួក​អា​ការពារ​ចោរ ពួក​បក្ខពួក​ចោរ អា​ហ្នឹង​លើក​ទី​១។ យើង​បាន​ព្យាយាម​និយាយ​ជាមួយ​គាត់​រហូត​ដល់​បី​នាទី គាត់​ក៏​បិទ​ទូរស័ព្ទ។ ដល់​លើក​ទី​២ គាត់​ខល​មួយ​សា​ទៀត​ថា អ្ហែង​បើ​ជួប​អញ អត់​រួច​ខ្លួន ម៉េច​អ្ហែង​ចង់​យ៉ាង​ម៉េច?»

លោក​ថា ការ​ដែល​លោក​ចុះ​ស៊ើប​អង្កេត​ដោយ​ជួប​សម្ភាស​ជាមួយ​សាក្សី គ្រួសារ​រងគ្រោះ​ក្នុង​អំពើ​ប្លន់ គ្រួសារ​ជន​សង្ស័យ និង​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ចង់​ផ្ដល់​យុត្តិធម៌​ទាំង​អ្នក​រងគ្រោះ និង​ជន​សង្ស័យ។ លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​លោក​បង្ហាញ​ថា ជន​សង្ស័យ​ឈ្មោះ អ៊ូច ប៊ុនណេង ហៅ ប្រេស នៅ​ភូមិ​ស្ដុកខ្ទុំ ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ដែល​គេ​សង្ស័យ​ថា​ជា​ជន​ដៃ​ដល់​ក្នុង​ចំណោម​បក្ខពួក ៣​នាក់​ទៀត ក្នុង​អំពើ​ប្លន់​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នោះ គឺ​សមត្ថកិច្ច​ប៉ូលិស​ចាប់​ខ្លួន​ដោយ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក ក្រៅ​ពី​ការ​ចង្អុល​បង្ហាញ​ពី​គ្រួសារ​ជន​រងគ្រោះ។ លោក​ថា នៅ​ថ្ងៃ​កើត​ហេតុ​នោះ ជន​សង្ស័យ​ត្រូវ​សាក្សី​បញ្ជាក់​ថា រូប​គេ​កំពុង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

យ៉ាង​ណា ម្ចាស់​លេខ​ទូរស័ព្ទ ០៩៧ ៩ ០០២ ០០៧ ដែល​មិន​បាន​ប្រាប់​ពី​ទីកន្លែង និង​ឈ្មោះ​នោះ​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​បាន​ទូរស័ព្ទ​ទៅ​មន្ត្រី​សមាគម​អាដហុក​នោះ​មែន តែ​មិន​បាន​គំរាម​កំហែង​អ្វី​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ​ពី​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក សារុន ចន្ធី បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា។

ចំណែក​នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក ស៊ឹង សុភ័ក្ដ្រ បញ្ជាក់​ថា ត្បិត​ជន​សង្ស័យ​ក្នុង​អំពើ​ប្លន់​ម្នាក់​ដែល​ចាប់​បាន​មិន​សារភាព តែ​សមត្ថកិច្ច​មាន​តម្រុយ ឬ​ភស្តុតាង​ត្រឹមត្រូវ មុន​នឹង​បញ្ជូន​សំណុំ​រឿង និង​មនុស្ស​ទៅ​តុលាការ៖ «អា​ហ្នឹង (រឿង​ចាប់​ជន​សង្ស័យ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក) អ្នក​ថា​រឿង​របស់​អ្នក​ថា ខ្ញុំ​អត់​ដឹង​ដែរ។ អ្នក​ជំនាញ​មិន​អាច​ផ្សព្វផ្សាយ​បាន​ទេ អា​ហ្នឹង​ល្បិច​នីតិវិធី​របស់​ប៉ូលិស ការ​ស៊ើប​អង្កេត គេ​មិន​អាច​ឲ្យ​ដឹង​ទេ»

កាល​ពី​ម៉ោង ៦ និង ១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុម​ចោរ​ប្រដាប់​អាវុធ ៤​នាក់ បាន​សម្រុក​ប្លន់​អាជីវករ​ប្ដូរ​ប្រាក់​វេរ​លុយ​វីង (Wing) និង​លក់​គ្រឿង​សំណង់​នៅ​ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ ក្នុង​ហេតុការណ៍​នោះ ក្រុម​ចោរ​បាន​បាញ់​សម្លាប់​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ម្នាក់ និង​បង​ថ្លៃ​ប្រុស​ជន​រងគ្រោះ​របួស​ដៃ ហើយ​ក្រុម​ចោរ​បាន​ប្រមូល​លុយ ៥​ពាន់​ដុល្លារ និង​លុយ​ខ្មែរ ៨​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។