ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក វង្ស  វិត ស្នងការ​រង ទទួល​ផែនធនធានមនុស្ស តំណាង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ ​កាលពី​រសៀល​ថ្ងៃ​ទី​១៦​ ខែមករា ​ឆ្នាំ​២០១៦​ បាន​នាំ​យក​ថវិការបស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន​៤​លាន​រៀល ទៅ​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​សព​លោក​អនុសេនីយ៍ត្រី ធៀ​វ រ៉េ​ត មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដែល​បាន​ទទួលមរណភាព​កាល​ពី​​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៥ ​ខែមករា​ ឆ្នាំ​២០១៦ ​​ដោយ​​​​រោគាពាធ ​។ សព​លោក​អនុសេនីយ៍ត្រី ធៀ​វ រ៉េ​ត ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​​លំនៅ​ឋាន​​នៃ​សព ស្ថិត​ក្នុងភូមិ​ប៉ុស្តិ៍​ចាស់ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ​។

​លោកស្នងការ​រង​បាន​បញ្ជាក់​ថា​ ​ថវិកា​ដែលយក​មក​ប្រគល់​ជូន​ដល់​គ្រួសារ​សព​នា​ពេល​នេះ គឺជា​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ដែល​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​​លោកនាយ​ឧត្តមសេនីយ៍អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​គោលបំណង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​​គ្រា​មានទុក្ខ​ធុរៈ​ដោយ​ប្រការ​ផ្សេង​ៗ ចាប់ពី​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ ។ ​តាម​លក្ខន្តិកៈ​របស់​សមាគម​ គឺមន្ត្រី​នគរបាល​ដែល​ជា​សមាជិក សមាជិកា​នៃ​សមាគម ទទួលមរណភាព ត្រូវ​បាន​ឧ​ប​ត្ថ​ម្ភ​ជា​ទឹកប្រាក់​ចំនួន​៤​លាន​រៀល​។ជាមួយគ្នា​​នេះ​ដែរ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទបាន​ចូលរួម​​ថវិកា​ចំនួន​៧០​ម៉ឺន​រៀល​ផង​ដែរ ៕